ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (QIP) ជូនដល់ក្រុមហ៊ុន CONTINENTAL MOBILITY CO., LTD. ដើម្បីបង្កើតរោងចក្រដំឡើងយានយន្តនៅក្នុងរាជធានីភ្នំពេញ។
គម្រោងរោងចក្រថ្មីនេះថ្មីនេះត្រូវបានវិនិយោគដោយក្រុមហ៊ុន CONTINENTAL MOBILITY CO., LTD. មានទីតាំងស្ថិតនៅផ្លូវបេតុង ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ដោយគម្រោងនេះមានទុនវិនិយោគប្រមាណ ៨ លានដុល្លារអាមេរិក។ ហើយនៅពេលបើកដំណើរការរោងចក្រដំឡើងយានយន្ដនេះក៏អាចបង្កើតការងារជូនប្រជាពលរដ្ឋក្នុងតំបន់បានចំនួន ២៨៤ កន្លែងផងដែរ។
ការសម្រេចវិនិយោគរបស់ក្រុមហ៊ុន CONTINENTAL MOBILITY គឺជាសញ្ញាវិជ្ជមានបន្ថែមទៀតសម្រាប់វិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។ មិនត្រឹមតែនាំមកនូវបច្ចេកវិទ្យាដំឡើងថ្មីៗប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយជំរុញសេដ្ឋកិច្ចក្នុងខណ្ឌដង្កោ ក៏ដូចជាកាត់បន្ថយការនាំចូលយានយន្តពីបរទេស ដោយជំនួសមកវិញនូវការផលិត និងផ្គុំឡើងក្នុងស្រុកដែលមានតម្លៃសមរម្យសម្រាប់ប្រជាពលរដ្ឋ៕



