កញ្ញា ឆម ស្រីផាច គឺជាអ្នកធ្វើវីដេអូចម្អិនអាហារបែបស្រុកស្រែចំការមួយរូប ដែលកំពុងទទួលបានភាពល្បីល្បាញយ៉ាងខ្លាំងនៅលើ Facebook ល្បីខ្លាំងរហូតដល់ព្រះនាងនរោត្តមជេនណា យាងទៅដល់ផ្ទះកញ្ញាស្រីផាចផ្ទាល់ និងបានធ្វើនំបញ្ចុកចែកបងប្អូនអ្នកស្រុករស់នៅក្នុងតំបន់នោះថែមទៀតផង។
ទន្ទឹមនឹងភាពល្បីល្បាញមកដល់សព្វថ្ងៃនេះ ក្នុងកិច្ចសម្ភាសន៍ជាមួយ Business Cambodia កញ្ញា ឆម ស្រីផាច បានឱ្យដឹងថា មុនកញ្ញាបោះជំហានធ្វើវីដេអូ កញ្ញាជាសិស្សដែលទើបនឹងបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជំនាញផ្នែក Business ម្នាក់ប៉ុណ្ណោះ ហើយនៅអំឡុងពេលកំពុងរៀននោះកញ្ញាក៏បានឆ្លៀតធ្វើវីដេអូខ្លះ ពោលគឺកញ្ញាបានចាប់ផ្តើមការធ្វើវីដេអូដំបូងតាំងតែពីឆ្នាំ ២០១៧ មកម្លេះ ប៉ុន្តែដោយសារជាប់សិក្សាទើបកញ្ញាមិនសូវបានផ្តោតពេញលេញលើការធ្វើវីដេអូនោះទេ។
លុះក្រោយពេលរៀនចប់ ដោយសារមានការគាំទ្រពីគ្រួសារនិងបងប្រុសដែលជាអ្នកផលិតវីដេអូស្រាប់ ទើបធ្វើឱ្យកញ្ញាមានចិត្តចង់ផលិតវីដេអូជាថ្មីម្តងទៀត បន្ទាប់ពីទទួលបានការលើកទឹកចិត្តនិងគាំទ្របែបនេះ កញ្ញាក៏បានផ្តោតធ្វើពេញលេញទាំងស្រុង ហើយគ្រាន់តែចាប់ផ្តើមធ្វើពេញភ្លាមសន្ទុះនៃការគាំទ្រក៏មានការកើនឡើងខ្លាំង រហូតធ្វើឱ្យផេក Chhom Srey Pach ទទួលបានអ្នកតាមដានរហូតដល់ទៅ ១លាននាក់ ហើយបន្តមានអ្នកតាមដានជាហូរហែរហូតទទួលបានប៊ូតុងប្រាក់ពីក្រុមហ៊ុន YouTube ជា Channel ដែលមានអ្នកតាមដានដល់ ១០ម៉ឺននាក់។
គួរបញ្ជាក់ផងដែរថា នៅពីក្រោយភាពល្បីល្បាញនៃការធ្វើម្ហូបបែបស្រុកស្រែនេះ គឺកញ្ញាចាប់ផ្តើមជាមួយនឹងទូរស័ព្ទដៃមួយគ្រឿងប៉ុណ្ណោះដើម្បីថត ដោយមានប្អូនប្រុសដែលជាប្អូនភ្លោះជាមួយកញ្ញាផ្ទាល់តែម្តង។ក្រៅពីនោះ កញ្ញា ស្រីផាច ក៏ជួបផលលំបាកច្រើនផ្សេងទៀតផងដែរ ដោយហេតុថាការផលិតវីដេអូម្ហូបនីមួយៗកញ្ញាត្រូវចំណាយថវិកាសម្រាប់ការទិញគ្រឿងផ្សំដើម្បីធ្វើ ដែលពេលខ្លះកញ្ញាពុំមានថវិកាគ្រប់គ្រាន់សម្រាប់ទិញនោះទេ៕


