ការរត់តាម Trend ដូចជាភេសជ្ជៈ ឬអាហារដែលផ្ទុះមួយភ្លែតៗ អាចឲ្យយើងរកលុយបានលឿន ប៉ុន្តែវារលត់ទៅវិញលឿនដូចគ្នា។ ផ្ទុយទៅវិញ មុខរបរដែលឆ្លើយតបនឹង តម្រូវការប្រចាំថ្ងៃ គឺជាអាជីវកម្មដែលមាន ចីរភាព រកប្រាក់ចំណូលបានទៀងទាត់ និងមិនភ័យខ្លាចផុងដើម។ ប្រសិនបើធ្វើបានត្រូវតាមស្តង់ដារ និងមានយុទ្ធសាស្ត្រច្បាស់លាស់ នេះជា មុខរបរ ៣ មុខដែលមនុស្សត្រូវការរាល់ថ្ងៃ លក់ដាច់មិនចេះរីងស្ងួត៖
១.អាហារ និងភេសជ្ជៈប្រចាំថ្ងៃ៖ ហេតុអ្វីមនុស្សត្រូវការរាល់ថ្ងៃ? មនុស្សអាចផ្អាកទិញខោអាវ ផ្អាកដូរទូរស័ព្ទ ប៉ុន្តែ មិនអាចផ្អាកញ៉ាំបាយ និងទឹកបានឡើយ។ អ្វីដែលសំខាន់គឺ មិនមែនជាអាហារចម្លែកៗតាម Trend ទេ តែជាអាហារដែលមនុស្សញ៉ាំបានរៀងរាល់ថ្ងៃដោយមិនទ្រលាន់។ ការបើកហាងបាយព្រឹក/អាហារថ្ងៃត្រង់ (បាយសាច់ជ្រូក គុយទាវ) កាហ្វេ និងតែត្រជាក់ (កាហ្វេទឹកដោះគោ តែបៃតង សម្រាប់អ្នកធ្វើការ/និស្សិត) គ្រឿងទេស និងគ្រឿងស្រស់ (បន្លែ សាច់ ត្រី សម្រាប់ធ្វើម្ហូបនៅផ្ទះ) ជាដើម។ ដូច្នេះ គន្លឹះធ្វើឲ្យជោគជ័យ ត្រូវតែមាន រសជាតិថេរ អនាម័យខ្ពស់ និងតម្លៃសមរម្យ។ កាលណាអតិថិជនញ៉ាំត្រូវមាត់ហើយ គេនឹងក្លាយជា ម៉ូយប្រចាំ មកទិញរៀងរាល់ថ្ងៃ ដោយមិនបាច់ចំណាយថ្លៃផ្សាយពាណិជ្ជកម្មឡើយ។
២.សេវាកម្មថែទាំយានយន្ត និងការធ្វើដំណើរ៖ នៅកម្ពុជា ម៉ូតូ និងរថយន្តគឺជា ជើងទី២ របស់ប្រជាជន។ ឲ្យតែមានការធ្វើដំណើរទៅធ្វើការ ទៅសាលារៀន ឬទៅដឹកទំនិញ យានយន្តតែងតែប្រឡាក់ ខូច ឬត្រូវការ ការថែទាំជាចាំបាច់។ ការបើកជាលក្ខណៈ យានដ្ឋាន លាង និងបូមធូលីម៉ូតូ/រថយន្ត កន្លែងប្តូរប្រេងម៉ាស៊ីន ប៉ះកង់ និងជួសជុលរហ័ស ជាជម្រើសដែលគ្រប់គ្នាមិនអាចខ្វះបាន។ ជាគន្លឹះដើម្បីធ្វើឲ្យជោគជ័យ ត្រូវការទីតាំងងាយស្រួល សេវាកម្មរហ័ស និងភាពស្មោះត្រង់ (មិនកាត់ថ្លៃ ឬជួសជុលបន្លំ)។ នៅពេលមានម៉ូយជឿជាក់ គេនឹងយកយានយន្តមកប្រគល់ឲ្យជួយមើលថែជារៀងរាល់ខែ។
៣.ហាងលក់របស់ប្រើប្រាស់ និងសម្អាតក្នុងផ្ទះ៖ ហេតុអ្វីមនុស្សត្រូវការរាល់ថ្ងៃ? ព្រោះវាជាប្រភេទទំនិញដែលប្រើប្រាស់អស់ជាប្រចាំ ដែលតម្រូវឲ្យមនុស្សត្រូវតែ ទិញបន្ថែម រៀងរាល់សប្តាហ៍ ឬរៀងរាល់ខែ។ ការបើកហាងលក់ សម្ភារបន្ទប់ទឹក និងបោកគក់ (សាប៊ូកក់សក់ សាប៊ូលាងចាន សាប៊ូបោកខោអាវ ក្រដាសអនាម័យ) ទំនិញប្រើប្រាស់កុមារ និងមនុស្សចាស់ (ខោទឹកនោម ទឹកដោះគោ ម្សៅ) ហាងចាប់ហួយសម័យថ្មី និងលក់រាយទំនិញប្រើប្រាស់ប្រចាំថ្ងៃ។ គន្លឹះធ្វើឲ្យជោគជ័យ គួរតែមានទំនិញគ្រប់មុខ មានក្នុងស្តុកជានិច្ច។ អតិថិជនជ្រើសរើសទិញពីអ្នក ដោយសារភាពងាយស្រួល និងលឿនរហ័ស មិនបាច់ចំណាយពេលជិះទៅផ្សារធំ។
គួរបន្ថែមផងដែរថា ការតាមទាន់ Trend ជួយឲ្យអ្នកលក់ដាច់មួយពេល ប៉ុន្តែ Daily Needs ជួយឲ្យអ្នកកសាងអាជីវកម្មបានមួយជីវិត។ ប្រសិនបើអ្នកចង់ឲ្យអាជីវកម្មដោះស្រាយតម្រូវការប្រចាំថ្ងៃទាំងនេះដើរទៅមុខដោយរលូន ត្រូវផ្តោតលើ ការបង្កើតម៉ូយប្រចាំ ជាជាងការដេញតាមរកអតិថិជនថ្មីជានិច្ច៕


