កាលពីទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម សួង ហេង រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាការងារសាងសង់ ផ្លូវតភ្ជាប់ផ្នែកខាងកើត និងខាងលិច ភ្ជាប់មកគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជាថ្នាក់ដឹកនាំអង្គភាពអនុវត្តគម្រោង តំណាងរដ្ឋបាលរាជធានីភ្នំពេញ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រុមហ៊ុន បុរីប៉េងហួត តំណាងក្រុមហ៊ុន Ing Holding និង ក្រុមហ៊ុនសំណង់សៀងហៃ និងភាគីពាក់ព័ន្ធជាច្រើនរូប។

កិច្ចប្រជុំរៀបចំឡើងក្នុងគោលបំណង ពិនិត្យពិភាក្សាករណីមហាវិថីឈុន គង់ ដែលនៅសេសសល់ភ្ជាប់មករង្វង់មូលផ្នែកខាងលិច និងផ្លូវបុរីប៉េងហួត ភ្ជាប់មករង្វង់មូលផ្នែកខាងកើតនៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា)។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការ បានណែនាំដល់ភាគីពាក់ព័ន្ធទាំងអស់ពន្លឿនលើគម្រោងផ្លូវតភ្ជាប់ផ្នែកខាងកើត នៃគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ធ្វើយ៉ាងណាឱ្យស្របតាមបទដ្ឋានបចេ្ចកទេស សំដៅធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់ឱ្យនៅកម្រិតអប្បបរមា ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ព្រមទាំងស្ថាប័នពាក់ព័ន្ធ ត្រូវផ្ដល់ព័ត៌មានគ្នាទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យការអនុវត្តគម្រោងទាន់ពេលវេលាតាមការគ្រោងទុក៕




