ចំណូលរាល់ខែ! លោកជំទាវ រ៉ា សុជិន ច្នៃសណ្ឋាគារធ្វើផ្ទះត្រចៀកកាំ អាចទាញបានចំណូល ២ផ្លូវធំៗ
ធី ស្រីល័ក្ខJULY 12 20231.6 K views

ផ្តើមចេញពីកូនអ្នកខេត្តព្រះសីហនុ លោកជំទាវ រ៉ា សុជិន បានយកសណ្ឋាគារចំនួន ៧២បន្ទប់ មកច្នៃធ្វើជាផ្ទះត្រចៀកកាំ រហូតអាចលក់សំបុកត្រចៀកកាំក្នុងតម្លៃពាន់ដុល្លារ មិនតែប៉ុណ្ណោះលោកជំទាវក៏បានបើកកន្លែងផលិតទឹកត្រចៀកកាំនៅទីក្រុងភ្នំពេញដែលជាកន្លែងមានស្តង់ដារអនាម័យដំបូងគេនៅក្នុងប្រទេសកម្ពុជាផងដែរ។

ថ្លែងប្រាប់នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia លោកជំទាវ រ៉ា សុជិន ដែលជាអគ្គនាយិកា ក្រុមហ៊ុន Best Life Product បានបង្ហើបពីសាវតារបស់ខ្លួនថា មែនទែនទៅកាលពីដំបូងឡើយផ្ទះអភិរក្សសត្វត្រចៀកកាំនេះគឺលោកឪពុករបស់លោកជំទាវជាអ្នកកែច្នៃទេ ពោលគឺគាត់បានយកសណ្ឋាគារមកធ្វើជាផ្ទះត្រចៀកកាំតាំងពីឆ្នាំ ២០០៥ មកម្ល៉េះនៅក្នុងខេត្តព្រះសីហនុ។ ហើយកាលនោះ ពេលធ្វើផ្ទះត្រចៀកកាំនេះគឺទទួលបានទិន្នផលល្អខ្លាំងណាស់ ព្រោះនៅជំនាន់នោះពុំសូវមានអភិរក្សសត្វត្រចៀកកាំឡើយ។

23

លោកជំទាវ សុជិន បានមានប្រសាសន៍បន្តថា នៅក្នុងឆ្នាំ ២០០៥ តម្លៃសំបុកត្រចៀកកាំគឺមានតម្លៃថ្លៃខ្លាំងណាស់ ដោយក្នុង១គីឡូក្រាមគឺមានតម្លៃដល់ទៅជាង២ពាន់ដុល្លារឯណោះ តែលោកជំទាវក៏បានមើលឃើញថាបើសំបុកត្រចៀកកាំមានតម្លៃខ្ពស់បែបនេះ ហើយប្រសិនជាមានអតិថិជនខ្លះចង់ទិញយក សាកក៏ពួកគាត់ពុំមានលទ្ធផលទិញឡើយព្រោះថ្លៃពេក។ បែបនេះហើយទើបលោកជំទាវគិតថា យើងគួរតែយកសំបុកត្រចៀកកាំមកច្នៃធ្វើជាទឹកត្រចៀកកាំវិញដោយធ្វើជាលក្ខណៈដបតូចៗងាយស្រួលអតិថិជនដែលមានជីវភាពសមល្មមពួកគាត់អាចទិញយកទៅសាកល្បងភ្លក្សបាន។

អគ្គនាយិកា ក្រុមហ៊ុន Best Life Product បានបន្តទៀតថា ក្រោយពីអភិរក្សសត្វត្រចៀកកាំយកតែសំបុកលក់បានរយៈពេលជាង ៣ឆ្នាំ នៅក្នុងឆ្នាំ ២០០៩ លោកជំទាវក៏បានច្នៃធ្វើជាទឹកត្រចៀកកាំដាក់ក្នុងដបតូចៗហើយជំហ៊ានដំបូងដែលលោកជំទាវលក់គឺធ្វើលក់នៅក្នុងផ្សារធម្មតាទេ។ ប៉ុន្តែដោយសារតែទឹកត្រចៀកកាំរបស់លោកជំទាវមានស្តង់ដារអនាម័យខ្ពស់ ព្រមទាំងមានគុណភាពល្អ ពេលអតិថិជនជាវយកទៅពិសារធ្វើឱ្យមានកម្លាំងនឹងជំនួយទៅដល់សុខភាពពួកគាត់ធ្វើឱ្យទឹកត្រចៀកកាំកាន់តែមានឈ្មោះល្បីពីមួយថ្ងៃទៅមួយថ្ងៃរហូតធ្វើឱ្យលោកជំទាវអាចបើកក្រុមហ៊ុនផលិតទឹកត្រចៀកកាំនៅទីក្រុងព្រះសីហនុក្នុងអំឡុងឆ្នាំ ២០១១ និងបើកសិប្បកម្មផលិតនៅក្នុងក្រុងភ្នំពេញក្នុងឆ្នាំ២០១៤ ផងដែរ។

27

លើសពីនេះទៅ នាពេលបច្ចុប្បន្ននេះក្រៅពីផលិតទឹកត្រចៀកកាំ ក្រុមហ៊ុន Best life Product ក៏បាននាំចេញសំបុកត្រចៀកកាំទៅកាន់ប្រទេសតៃវ៉ាន់ ហើយនេះក៏ជាគំនិតទាញចំណូលមួយដ៏ល្អផងដែរក្រៅពីផលិតទាញចំណូលតែ១ផ្លូវ ក៏អាចនាំចេញទាញចំណូលបាន១ផ្លូវទៀតផងដែរ។

៣០

ចំពោះចំណុចពិសេសនៅកន្លែងផលិតទឹកត្រចៀកកាំរបស់លោកជំទាវ រ៉ា សុជិន ដែលជាក្រុមហ៊ុន Best Life Product គឺមិនដូចគេឡើយ ពោលកន្លែងផលិតមានស្តង់ដារអនាម័យខ្ពស់បំផុតដែលក្រុមហ៊ុនកំពុងតែផលិតអនុឡោមតាមស្តង់ដា ស៥ ហាឡាល់ GHPs និង HACCP ផងដែរ  ដែលក្រុមហ៊ុនលោកជំទាវជាក្រុមហ៊ុនទីមួយ និងតែមួយក្នុងប្រទេសកម្ពុជាដែលទទួលបានស្តង់ដាទាំងនេះក្នុងវិស័យផលិតសម្បុកត្រចៀកកាំ ។ បុគ្គលិកគ្រប់ជាន់ថ្នាក់នៅក្នុងក្រុមហ៊ុនរបស់លោកជំទាវ គឺត្រូវយល់ដឹងអំពីតម្លៃនៃអនាម័យ សុវត្ថិភាពម្ហូបអាហារ មិនតែប៉ុណ្ណោះនៅកន្លែងផលិតទឹកត្រចៀកកាំផ្ទាល់អនុឡោមតាមគោលការណ៍សុវត្ថិភាពម្ហូបអាហារ ក៏ដោយអនុឡោមតាមស្តង់ដាស៥ ព្រោះលោកជំទាវគិតពីសុខភាពអ្នកបរិភោគជាចម្បងព្រោះបើកន្លែងយើងផលិតមានស្តង់ដារត្រឹមត្រូវនោះអតិថិជនក៏ទទួលផលិតផលប្រកបដោយគុណភាពស្តង់ដា អនាម័យ សុវត្ថិភាព និងមានសុខភាពល្អទៅតាមហ្នឹងដែរ៕

26

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia