ក្រុមហ៊ុន Meta ដែលជាម្ចាស់ Facebook និង Instagram បានចាប់ផ្តើមបិទគណនីរបស់អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៦ឆ្នាំ នៅប្រទេសអូស្ត្រាលីហើយ ចាប់តាំងពីថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០២៥ នេះតទៅ។ ចំណាត់ការនេះធ្វើឡើងដើម្បីអនុលោមតាមច្បាប់ថ្មីរបស់អូស្ត្រាលី ដែលហាមឃាត់កុមារមិនឱ្យប្រើប្រាស់បណ្ដាញសង្គមដែលមានអាយុក្រោម១៦ ឆ្នាំ។ នេះបើតាមការចេញផ្សាយដោយ The Guardian។

ប្រភពដដែលបានបញ្ជាក់ថា គណនី Facebook និង Instagram ទាំងនោះមិនត្រូវបានលុបចោលជាអចិន្ត្រៃយ៍ភ្លាមៗទេ ប៉ុន្ដែគឺបិទជាបណ្ដោះអាសន្នហើយនឹងបើកឱ្យប្រើប្រាស់វិញបានដោយស្វ័យប្រវត្តិវិញនៅពេលដែលម្ចាស់គណនីមានអាយុគ្រប់ ១៦ឆ្នាំ។ ជាមួយគ្នានេះដែរ ក្រុមហ៊ុន Meta បានអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាញយកព័ត៌មានរបស់ពួកគេដូចជារូបថត និងវីដេអូបាន ដើម្បីកុំឱ្យបាត់បង់ការចងចាំសំខាន់ៗ ប៉ុន្តែពួកគេមិនអាចបង្ហោះ ឬមើលមាតិកាថ្មីៗបានទៀតទេ។ បើតាម eSafety បានរាយការណ៍កាលពីខែកុម្ភៈកន្លងទៅថា មានគណនី Facebook ប្រមាណ ១៥ ម៉ឺន និងគណនី Instagram ចំនួន ៣៥ ម៉ឺនដែលកាន់កាប់ដោយមនុស្សមានអាយុចន្លោះពី ១៣ ទៅ ១៥ ឆ្នាំ។
យ៉ាងណាការបិទFacebook និង Instagram នេះបានធ្វើឱ្យយុវវ័យអូស្ត្រាលីជាច្រើនមានការភ្ញាក់ផ្អើល និងខកចិត្ត។ ក្មេងជំទង់មួយចំនួនបានត្អូញត្អែរថា ពួកគេបាត់បង់មធ្យោបាយទំនាក់ទំនងជាមួយមិត្តភក្តិ និងបាត់បង់កំណត់ត្រាជីវិតដែលពួកគេបានបង្ហោះអស់រយៈពេលជាច្រើនឆ្នាំ។

គួរបញ្ជាក់ផងដែរថា ច្បាប់ "បម្រាមបណ្ដាញសង្គម" របស់អូស្ត្រាលីនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងការពារសុខភាពផ្លូវចិត្តរបស់កុមារ។ ច្បាប់នេះតម្រូវឱ្យក្រុមហ៊ុនបណ្ដាញសង្គមធំៗដូចជា TikTok, Snapchat, Reddit, X (Twitter), Facebook និង Instagram រារាំងកុមារក្រោមអាយុ ១៦ឆ្នាំមិនឱ្យចូលប្រើ។ ជាមួយគ្នានេះ ប្រសិនបើក្រុមហ៊ុនណាមិនអនុវត្តតាម នឹងត្រូវរងការផាកពិន័យជាទឹកប្រាក់រហូតដល់ ៤៩.៥ លានដុល្លារអូស្ត្រាលី (ប្រហែល ៣២ លានដុល្លារអាមេរិក) ប៉ុន្តែមិនមានការដាក់ទោសទណ្ឌលើកុមារ ឬឪពុកម្តាយឡើយ៕


