
ស្របពេលដែលការប្រែប្រួលអាកាសធាតុមានការវិវត្តគួរឱ្យបារម្ភនិងមិនអាចទាយទុកមុនបាន ហើយក៏កំពុងគំរាមកំហែងដល់វិស័យកសិកម្មនៅទូទាំងពិភពលោក ធនាគារ វីង បានបោះជំហានទៅមុខដ៏ស្វាហាប់ ជាមួយនឹងគំនិតផ្តួចផ្តើមដ៏សំខាន់មួយ ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីបញ្ជ្រាបការធ្វើកសិកម្មដែលធន់នឹងការប្រែប្រួលអាកាសធាតុសម្រាប់កសិករនៅកម្ពុជា។ តាមរយៈការផ្តល់ហិរញ្ញប្បទានដល់កសិករ សហគមន៍កសិកម្ម និងកសិធុរជន ក្នុងការវិនិយោគលើបច្ចេកវិទ្យាទំនើប ឆ្លាតវៃ ដែលសមស្របនឹងការប្រែប្រួលអាកាសធាតុ មិនតម្រូវឱ្យមានទ្រព្យធានារហូតដល់ ២០០.០០០ ដុល្លារអាមេរិក ក្នុងគម្រោងការបង្កើនភាពធន់នឹងអាកាសធាតុក្នុងខ្សែច្រវាក់តម្លៃកសិកម្មនៅកម្ពុជា។
គម្រោងនេះដាក់ឱ្យដំណើរការនៅក្នុងខេត្តគោលដៅចំនួន ៥ រួមមាន៖ ព្រៃវែង តាកែវ កំពង់ធំ កំពង់ឆ្នាំង និងបាត់ដំបង ដោយផ្តល់ជូននូវដំណោះស្រាយហិរញ្ញវត្ថុដ៏ងាយស្រួល មិនគិតកម្រៃសេវាកម្ចី អត្រាការប្រាក់សមរម្យ ហើយ កាន់តែខិតទៅជិតសហគមន៍នីមួយៗ។ គំនិតផ្តួចផ្តើមនេះមានគោលបំណងលើកកម្ពស់ជីវភាពរបស់កសិករ តាម រយៈការធ្វើកសិកម្មដោយប្រើប្រាស់បច្ចេកវិទ្យាដែលសមស្រប ហើយធន់នឹងការប្រែប្រួលអាកាសធាតុ ដែលអាចជួយសន្សំសំចៃថ្លៃដើម បង្កើនផលិតកម្ម និងអាចរក្សាទុកកែច្នៃជាដើម។


លោកបណ្ឌិត ឌីមីត្រូ ខូលេកកូ អគ្គនាយកធនាគារ វីង បានលើកឡើងថា៖ “ប្រទេសកម្ពុជាបានកំណត់គោលដៅយ៉ាងច្បាស់លាស់ និងការប្តេជ្ញាចិត្តមោះមុត ក្នុងការជំរុញកសិកម្មឱ្យមានភាពសមស្របនឹងអាកាសធាតុ ហើយដើម្បីសម្រេចបាននូវគោលដៅទាំងនេះ គឺទាមទារឱ្យមានការចូលរួមយ៉ាងសកម្មពីវិស័យឯកជន។ ការផ្តល់ហិរញ្ញប្បទានដោយមិនតម្រូវឱ្យមានទ្រព្យធានានេះ គឺជាការចូលរួមដោយផ្ទាល់របស់យើង ស្របតាមរបៀបវារៈកសិកម្មប្រកបដោយចីរភាពរបស់រដ្ឋាភិបាលកម្ពុជា ហើយក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមរបស់ធនាគារជាតិ នៃកម្ពុជា ក្នុងការជំរុញការផ្តល់ឥណទានបន្ថែម សម្រាប់វិស័យអាទិភាព ដូចជាវិស័យកសិកម្មនេះជាដើម។”
លោកបណ្ឌិតបានបន្ថែមទៀតថា៖ “យើងចង់ឱ្យប្រជាកសិករមានលទ្ធភាពទទួលបានដើមទុន ដើម្បីយកទៅប្រើប្រាស់បច្ចេកវិទ្យាបៃតង សំដៅលើកកម្ពស់ជីវភាពរស់នៅ ព្រមទាំងជួយធានាដល់ការផ្គត់ផ្គង់ស្បៀងអាហារសម្រាប់ប្រទេសជាតិទាំងមូលផងដែរ។”


កាលពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះ ធនាគារ វីង និងអង្គភាពគាំទ្រគម្រោង នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំសិក្ខាសាលាក្នុងខេត្តគោលដៅទាំង ៥ ដើម្បីផ្សព្វផ្សាយអំពីនីតិវិធីស្នើសុំឥណទាន និងអត្ថប្រយោជន៍នៃការប្រើប្រាស់បច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុ រួមមានប្រព័ន្ធធារាសាស្ត្រនិងបច្ចេកវិទ្យាស្រោចស្រពឆ្លាតវៃ បច្ចេកវិទ្យាសម្ងួតនិងការទុកដាក់ ការធ្វើកសិកម្មរួមបញ្ចូល ការប្រើប្រាស់បច្ចេកវិទ្យាបៃតងនិងថាមពលកកើតឡើងវិញ ដែលជាបច្ចេកវិទ្យាសមស្របនឹងការប្រែប្រួលអាកាសធាតុ សម្រាប់ការអនុវត្តកសិកម្មធានាបាននូវប្រសិទ្ធភាព។
លើសពីនេះ គម្រោងហិរញ្ញប្បទាននេះក៏បានចូលរួមជំរុញការអនុវត្តផែនការជាតិ ដែលឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនៅកម្ពុជា សម្រាប់ដំណាក់កាលទី៣ ដើម្បីសម្រេចឱ្យបាននូវគោលដៅកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ ៥៥% នៅត្រឹមឆ្នាំ ២០៣៥ ព្រមទាំងពង្រឹងសន្តិសុខស្បៀង និងកសិកម្មប្រកបដោយចីរភាព។

សម្រាប់កសិករ សហគមន៍កសិកម្ម និងកសិធុរជន ដែលមានចំណាប់អារម្មណ៍ស្នើសុំឥណទានសម្រាប់វិនិយោគលើបច្ចេកវិទ្យាដែលសមស្របនឹងអាកាសធាតុសម្រាប់ការធ្វើកសិកម្មនៅប្រទេសកម្ពុជា សូមទាក់ទងមក មន្ទីកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តទាំង៥ ឬអញ្ជើញទៅកាន់សាខាធនាគារ វីង ណាមួយដែលនៅជិតបំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈទំព័រហ្វេសប៊ុកផ្លូវការធនាគារ វីង (WingBankKH) ឬទូរសព្ទមកលេខ ០២៣ ៩៩៩ ៩៨៩៕




