ប្រទេសកូរ៉េខាងជើងនឹងបើកទទួលភ្ញៀវទេសចរណ៍អន្តរជាតិឡើងវិញនៅចុងឆ្នាំ ២០២៤ នេះ។ ក្រោយពីបិទមិនទទួលភ្ញៀវរយៈពេលជាង ៥ឆ្នាំ ដោយសារជំងឺរាតត្បាត Covid-19 ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មាន CNN ។
ប្រភពដដែលបានបន្តឱ្យដឹងទៀតថា ក្រុមហ៊ុនទេសចរណ៍ Koryo Tours ដែលមានមូលដ្ឋាននៅទីក្រុងប៉េកាំង និងក្រុមហ៊ុន KTG Tours ដែលមានមូលដ្ឋាននៅទីក្រុង Shenyang បានធ្វើសេចក្តីប្រកាសតាមអ៊ីនធឺណិតថាក្រុមទេសចរណ៍ទាំង២នេះគឺទទួលបានការអនុញ្ញាតឱ្យនាំភ្ញៀវទេសចរណ៍ទៅទស្សនាទីក្រុង Samjiyon ដែលជាកន្លែងកំណើតរបស់មេដឹកនាំកូរ៉េខាងជើងលោកផងដែរ។
ចំពោះទីក្រុង Samjiyon ដែលកូរ៉េខាងជើងបើកទទួលភ្ញៀវទេសចរណ៍នេះដែរ គឺនៅជាប់ព្រំដែនប្រទេសចិន ដែលទីក្រុងនេះគឺស្ថិតនៅជាប់ជើងភ្នំ Paektu ដែលជាភ្នំខ្ពស់បំផុតរបស់កូរ៉េខាងជើងហើយទីនោះ ក៏ជាកន្លែងដែលល្បីលាញនឹងមានទេសភាពស្រស់ស្អាតផងដែរ។
យ៉ាងណាមិញ សម្រាប់ភ្ញៀវទេសចរណ៍ដំបូងគេបង្អស់ដែលបានធ្វើដំណើរទៅកាន់ប្រទេសដ៏ឯកាមួយនេះ គឺភ្ញៀវទេសចរណ៍ជនជាតិរុស្សី ដែលនឹងត្រូវបានធ្វើដំណើរនៅថ្ងៃទី០៩ ខែកុម្ភៈ ខាងមុខនេះ ខណៈការធ្វើដំណើរកំសាន្តនេះគឺមានរយៈពេល ៤ថ្ងៃ។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០១៩ កន្លងទៅនេះ កូរ៉េខាងជើងគឺទទួលបានប្រាក់ចំណូលប្រមាណ ១៧៥លានដុល្លារពីវិស័យទេសចរណ៍ ខណៈភ្ញៀវទេសចរណ៍ភាគច្រើនដែលបានទៅលេងកំសាន្តនៅកូរ៉េខាងជើងគឺជាជនជាតិចិន៕


