សៀមរាប៖ នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ធនាគារ ស៊ីអាយអិមប៊ី ភីអិលស៊ី (ធនាគារ CIMB) និងអាជ្ញាធរជាតិអប្សរា បានបន្តភាពជាដៃគូសហការយូរអង្វែងរួមគ្នា តាមរយៈការចុះហត្ថលេខា លើអនុស្សរណៈ នៃការយោគយល់គ្នា លើកិច្ចព្រមព្រៀងបន្តថ្មី ដើម្បីពង្រីកគម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ដែលជាការបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិរក្សបរិស្ថាន និងថែរក្សាបេតិកភណ្ឌវប្បធម៌របស់ប្រទេសកម្ពុជា សម្រាប់អនាគតអ្នកជំនាន់ក្រោយ។

ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នានេះ ត្រូវបានប្រារព្ធធ្វើឡើង ក្រោមអធិបតីភាពរបស់ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា ដែលជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមបណ្ឌិត ហង់ ពៅ អគ្គនាយក នៃអាជ្ញាធរជាតិអប្សរា និងលោក ហុង ជៀប ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB ក្រោមសក្ខីភាពរបស់ឯកឧត្តម Shaharuddin ONN ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ កម្មវិធីនេះមានការអញ្ជើញចូលរួម ពីសំណាក់ភ្ញៀវកិត្តិយសប្រមាណ ៤៥០នាក់ រួមមានថ្នាក់ដឹកនាំ នៃអាជ្ញាធរជាតិអប្សរា ស្ថានទូតម៉ាឡេស៊ី និងធនាគារ CIMB ព្រមទាំងអតិថិជន អាជ្ញាធរមូលដ្ឋាន អ្នកសារព័ត៌មាន ក៏ដូចជាលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ក្នុងខេត្តសៀមរាបផងដែរ។

តាមរយៈកិច្ចព្រមព្រៀងបន្តថ្មីនេះ ឧទ្យានអង្គរ-ស៊ីអាយអិមប៊ី នឹងត្រូវបានពង្រីកផ្ទៃដីចំនួន ៥ហិកតាបន្ថែមទៀត ដែលធ្វើឲ្យទំហំផ្ទៃដីសរុបកើនដល់ចំនួន ១០ហិកតា។ ក្នុងរយៈពេលពីរឆ្នាំខាងមុខ ធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា នឹងបន្តដាំកូនឈើចំនួន ៥.០០០ដើមបន្ថែមទៀត ដែលនឹងធ្វើឲ្យចំនួនកូនឈើសរុបកើនឡើងលើស ១០.០០០ដើម គិតត្រឹមឆ្នាំ២០២៧។ ក្រៅពីប្រារព្ធពិធីប្រគល់កិច្ចព្រមព្រៀងនេះ ភ្ញៀវកិត្តយសទាំងអស់បានចូលរួមសកម្មភាពដាំកូនឈើចំនួន ៣.០០០ដើម ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា រវាងស្ថាប័នរដ្ឋ វិស័យឯកជន គ្រឹះស្ថានអប់រំ សហគមន៍មូលដ្ឋាន និងក្មេងៗជំនាន់ក្រោយ ក្នុងការអភិរក្សតំបន់រមណីយដ្ឋានអង្គរ។ នៅក្នុងព្រឹត្តិការណ៍នេះ ក៏មានការប្រគល់លិខិតថ្លែងអំណរគុណ ដល់សាលារៀន ដែលបានចូលរួម ព្រមទាំងប្រគល់កាដូអនុស្សាវរីយ៍ ជូនលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្ស ដែលបានរួមចំណែក ក្នុងការអភិរក្សបរិស្ថាន ក៏ដូចជាលើកទឹកចិត្តឱ្យយុវជនចូលរួមកាន់តែសកម្ម ក្នុងការការពារធនធានធម្មជាតិ និងកេរដំណែលវប្បធម៌របស់ប្រទេសកម្ពុជា។

ក្នុងឱកាសដ៏ឱឡារិកនេះ លោក ហុង ជៀប ប្រធាននាយកប្រតិបត្តិ នៃធនាគារ CIMB បានមានប្រសាសន៍ថា៖ «ថ្ងៃនេះ គឺជាការចាប់ផ្តើមសមិទ្ធផលដ៏សំខាន់ថ្មីមួយទៀត ក្នុងកិច្ចសហប្រតិបត្តិការ រវាងធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា។ តាមរយៈភាពជាដៃគូនេះ យើងនឹងបន្តការប្តេជ្ញាចិត្តរួមគ្នា ក្នុងការអភិវឌ្ឍ និងពង្រីកគម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមរបស់យើង ក្នុងការលើកកម្ពស់និរន្តរភាពបរិស្ថាន និងការអភិរក្សតំបន់រមណីយដ្ឋានអង្គរទាំងមូល។ នៅធនាគារ CIMB គោលបំណងស្នូលរបស់ស្ថាប័នយើងខ្ញុំ គឺជាការជំរុញភាពរីកចម្រើន ដល់អតិថិជន និងសង្គមជាតិ។ យើងជឿជាក់ថា កំណើនសេដ្ឋកិច្ច ប្រកបដោយចីរភាព អាចរក្សាបាននូវភាពរឹងមាំ លុះត្រាតែមានការយកចិត្តទុកដាក់ខ្លាំងដូចគ្នានេះដែរ ចំពោះការថែរក្សាបរិស្ថាន ការអភិវឌ្ឍសហគមន៍ និងប្រតិបត្តិការអាជីវកម្ម ប្រកបដោយការទទួលខុសត្រូវ។ ហើយគម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី គឺជាសក្ខីភាពដ៏ជាក់ច្បាស់មួយ នៃការប្តេជ្ញាចិត្តរបស់យើង»។

ជាមួយគ្នានេះ ឯកឧត្តម Shaharuddin ONN ឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ផងដែរថា៖ «ខ្ញុំសូមអបអរសាទរ ដល់ធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ចំពោះកិច្ចសហប្រតិបត្តិការរបស់ស្ថាប័នទាំងពីរ។ ការបន្តអនុស្សរណៈ នៃការយោគយល់គ្នានេះ គឺជាសក្ខីភាពបញ្ជាក់ពីការប្តេជ្ញាចិត្ត ផ្នែកសាជីវកម្ម និងសង្គមរបស់ធនាគារ CIMB ក្នុងការចូលរួមចំណែកថែរក្សា និងអភិរក្សតំបន់អង្គរ។ ក្នុងនាមជាឯកអគ្គរាជទូតម៉ាឡេស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា ខ្ញុំពិតជាមានមោទនភាព ចំពោះគម្រោងផ្តួចផ្តើមរបស់ធនាគារ CIMB ក្នុងការថែរក្សា និងអភិរក្សតំបន់អង្គរ ដែលជាផ្នែកមួយ នៃបេតិកភណ្ឌជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ និងអរិយធម៌របស់ប្រទេសកម្ពុជា។ ពិធីប្រគល់កិច្ចព្រមព្រៀងបន្តថ្មី និងពិធីដាំដើមឈើ នាពេលនេះ មិនត្រឹមតែជានិមិត្តរូប នៃកិច្ចសហប្រតិបត្តិការ រវាងធនាគារ CIMB និងអាជ្ញាធរជាតិអប្សរាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូប នៃចំណងមិត្តភាព រវាងប្រទេសម៉ាឡេស៊ី និងប្រទេសកម្ពុជា ក៏ដូចជារវាងប្រជាជនម៉ាឡេស៊ី និងប្រជាជនកម្ពុជាផងដែរ»។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម យិត ចាន់ដារដ្ឋ អគ្គនាយករង នៃអាជ្ញាធរជាតិអប្សរា បានទទួលស្គាល់ ពីសារៈសំខាន់ នៃគម្រោងឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ចំពោះបរិស្ថាន និងការអភិរក្សប្រាសាទ ក្នុងតំបន់រមណីយដ្ឋានអង្គរទាំងមូល ដោយបានបញ្ជាក់ដូច្នេះថា៖ «គម្រោង នៃការបន្តកិច្ចសហការ ដែលយើងចុះកិច្ចព្រមព្រៀងរយៈពេលពីរឆ្នាំបន្តទៅមុខនេះ គឺពិតជាមានសារៈសំខាន់។ ហើយថ្ងៃនេះ គឺជាឱកាសមួយដ៏មុះមុត សម្រាប់ការតាំងចិត្តរបស់យើងទាំងអស់គ្នា ដែលយើងបង្ហាញពីកិច្ចសហប្រតិបត្តិការ និងការសាមគ្គីគ្នា ដើម្បីផ្តល់ជាអត្ថប្រយោជន៍ ដល់សហគមន៍មូលដ្ឋាន ក៏ដូចជាគាំទ្រដល់វិស័យទេសចរណ៍ នៅក្នុងតំបន់រមណីយដ្ឋានអង្គររបស់យើង។ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះធនាគារ ស៊ីអាយអិមប៊ី និងស្ថានទូតម៉ាឡេស៊ី ប្រចាំកម្ពុជា ដែលតែងតែចូលរួម និងបង្ហាញការគាំទ្ររបស់ប្រទេសម៉ាឡេស៊ី ជាមួយនឹងប្រជាជនកម្ពុជា ក្នុងការអភិរក្សតំបន់រមណីយដ្ឋានអង្គរ។»

ការបន្តកិច្ចព្រមព្រៀងជាដៃគូនេះ គឺកើតចេញពីកិច្ចសហការដ៏យូរអង្វែង រវាងធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ក្នុងរយៈពេលកន្លងមក។ នៅឆ្នាំ២០២១ ធនាគារ CIMB បានដាំកូនឈើចំនួន ២.០០០ដើម នៅប្រាសាទបន្ទាយក្តី ហើយនៅឆ្នាំ២០២៣ ធនាគារបានដាំកូនឈើចំនួន ២.០០០ដើមទៀត នៅកសិន្ធខាងត្បូង នៃប្រាសាទអង្គរវត្ត។ នៅឆ្នាំ២០២៤ ធនាគារបានសម្ពោធឧទ្យានអង្គរ-ស៊ីអាយអិមប៊ី ដែលបានដាំកូនឈើប្រមាណ ៥.០០០ដើម លើផ្ទៃដីចំនួន ៥ហិកតា គិតត្រឹមដំណាច់ឆ្នាំ២០២៥។ សមិទ្ធផលទាំងអស់នេះ បានឆ្លុះបញ្ចាំងពីភាពជាដៃគូសហការដ៏យូរអង្វែង រវាងធនាគារ CIMB និងអាជ្ញាធរជាតិអប្សរា ព្រមទាំងការប្តេជ្ញាចិត្តរួមរបស់ស្ថាប័នទាំងពីរ ចំពោះការការពារកេរដំណែលវប្បធម៌ និងធនធានធម្មជាតិរបស់ប្រទេសកម្ពុជា ក៏ដូចជាការលើកទឹកចិត្តឱ្យមានកិច្ចសហការគ្នាកាន់តែល្អប្រសើរ ក្នុងការអភិរក្សបរិស្ថាន សម្រាប់អនាគតអ្នកជំនាន់ក្រោយទៀតផង។

ជាមួយនឹងប្រតិបត្តិការអាជីវកម្មជាង ១៦ឆ្នាំ ក្នុងប្រទេសកម្ពុជា ធនាគារ CIMB បានចូលរួមសកម្មភាពសប្បុរសធម៌ជាច្រើន ទៅលើវិស័យសំខាន់ៗ ដូចជាវិស័យអប់រំ សុខាភិបាល សង្គមកិច្ច និងបរិស្ថាន ដែលឆ្លុះបញ្ចាំងការពីប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការកសាងគុណតម្លៃជាវិជ្ជមាន និងយូរអង្វែង លើសពីប្រតិបត្តិការធនាគារ។ ធនាគារ CIMB គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ស៊ីអាយអិមប៊ី គ្រុប ដែលជាធនាគារធំបំផុតលំដាប់ទី៥ គិតលើទ្រព្យសកម្ម ក្នុងតំបន់អាស៊ាន ជាមួយនឹងកេរដំណែល នៃប្រតិបត្តិការធនាគារលើស ១០០ឆ្នាំ ក្នុងតំបន់។ ជាមួយនឹងផលិតផល និងសេវាកម្មធនាគារដ៏សម្បូរបែប ធនាគារ CIMB បានកសាងគ្រឹះយ៉ាងរឹងមាំ ក្នុងនាមជាដៃគូហិរញ្ញវត្ថុថ្នាក់តំបន់ដ៏ជឿជាក់មួយ ដែលជួយជំរុញភាពរីកចម្រើន ដល់អតិថិជន និងសង្គមជាតិ។






