ព្រះករុណាព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ផ្ដល់គោរមងារ «អ្នកឧកញ៉ា» ជូន ឧកញ៉ា ត្រាំង លី។ ដោយការត្រាស់បង្គាប់នេះធ្វើឡើងតាមសេចក្ដីក្រាបបង្គំទួលថ្វាយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦។
សូមជម្រាបថា អ្នកឧកញ៉ា ត្រាំង លី គឺជាស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាល សាលាអន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍ (CIA FIRST International School)។ ក្រៅពីនោះអ្នកឧកញ៉ាក៏ជាថ្នាក់ដឹកនាំ ក្រុមប្រឹក្សាភិបាល និងសមាជិក នៃសមាគមឧកញ៉ាកម្ពុជាផងដែរ។ ក្នុងនាមជាអ្នកជំនួញខ្មែរមួយរូប អ្នកឧកញ៉ាក៏តែងតែបានចូលរួមបរិចាគថវិកា និងធនធានផ្ទាល់ខ្លួន ជួយដល់ការងារសង្គមជាហូរហែនាពេលកន្លងមកផងដែរ។
សូមជម្រាបផងដែរថា គោរមងារ ឧកញ៉ា គឺសំដៅដល់ងារ កិត្តិយស ដែលព្រះមហាក្សត្រទ្រង់ព្រះរាជទានដោយព្រះរាជក្រឹត្យទៅតាមលំដាប់ថ្នាក់ ដល់រូបវន្តបុគ្គលជាប្រជាពលរដ្ឋខ្មែរ ដែលមានគុណបំណាច់ក្នុងការចូលរួមជួយអភិវឌ្ឍ និងកសាងជាតិ។ ហើយបច្ចុប្បន្នគោរមងារឧកញ៉ានេះ ត្រូវបានចែកចេញជា ៣ លំដាប់ថ្នាក់ ដោយលំដាប់ថ្នាក់ទី លោកអ្នកឧកញ៉ា លំដាប់ថ្នាក់ទី២ អ្នកឧកញ៉ា និងលំដាប់ថ្នាក់ទី៣ គឺឧកញ៉ា៕



