ទីបំផុតនំប៉័ងត្នោតដែលផលិតដោយកូនខ្មែរឈ្មោះ “ហាងនំប៉័ងគ្រីសប៊ែន” បានដាក់លក់នៅក្នុងម៉ាតធំរបស់សហរដ្ឋអាមេរិក 7Eleven ហើយក្រោយពីការចរចាអស់រយៈពេល៦ខែ។បើតាមលើកឡើងរបស់លោក ប៊ុន វុធឌីកា ម្ចាស់ហាងនំប៉័ង “ហាងនំប៉័ងគ្រីសប៊ែន” បានឱ្យដឹងថា ចរចាជាមួយ 7-Eleven អស់រយៈពេល៦ខែ ទម្រាំហាងល្បីលំដាប់អន្តរជាតិមួយនេះទទួលយកនំប៉័ងត្នោតយកទៅលក់ក្នុងម៉ាតរបស់គេទាំង២៥សាខាទូទាំងរាជធានីភ្នំពេញ”។
លោកបន្តថា ដើម្បីអាចដាក់លក់នំប៉័ងនៅក្នុងម៉ាតមួយនេះបាន ម៉ាតតម្រូវឱ្យហាងនំប៉័ងគ្រីសប៊ែនធ្វើតាមស្តង់ដារអន្តរជាតិរបស់គាត់ ដូចជា ចង្វាក់ផលិតកម្មត្រូវតែស្តង់ដារអនាម័យ ការវេចខ្ចប់ ផ្លាកយីហោ សុពលភាពនៃនំប៉័ង នំប៉័ងត្រូវបានយកទៅធ្វើតេស្ដមេរោគដេីម្បីបញ្ជាក់ថាគ្មានមេរោគណាមួយប៉ះពាល់ដល់សុខភាពអតិថិជន។ល។
គួរបញ្ជាក់ផងដែរថា ក្រោយទទួលបានឱកាសដាក់លក់នៅក្នុងម៉ាតធំអាមេរិកនេះ លោកប៊ុន វុធឌីកា រំពឹងថានឹងអាចជួយត្នោតខ្មែរនឹងកាន់តែមានតម្លៃទៅអនាគត លែងទុកចោលក្រោមដើមត្នោតឱ្យគោស៊ីទទេៗ ហើយលទ្ធផលនេះក៏ជាការចូលរួមគាំទ្រផលិតផលខ្មែរដើម្បីជាចំណូលដល់ប្រជាជនខ្មែររាប់តាំងពីអ្នកស្រុកស្រែដល់រាជធានីថែមទៀតផង៕
អត្ថបទដោយ៖សម្បត្តិ សុខឡាង