ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដឹកនាំគណៈប្រតិភូ ក.អ.ក. ចុះទស្សនកិច្ចដោយផ្ទាល់នៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ជាមួយការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន

កំពត៖ នារសៀលថ្ងៃចន្ទ ទី២៤ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃ ក.អ.ក. អញ្ជើញចុះបំពេញទស្សនកិច្ចផ្ទាល់នៅរោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ មានទីតាំងស្ថិតនៅក្នុងភូមិសាស្រ្តស្រុកបន្ទាយមាស ខេត្តកំពត។ ដំណើរទស្សនកិច្ចនេះត្រូវបានប្រព្រឹត្តទៅក្រោមបដិសណ្ឋារកិច្ចដ៏ខ្ពង់ខ្ពស់ និងការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់គណៈគ្រប់ជាន់ខ្ពស់របស់ក្រុមហ៊ុន ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ ក្រោមកិច្ចដឹកនាំដោយផ្ទាល់ពី អ្នកឧកញ៉ា លាង ពៅ អគ្គនាយកក្រុមហ៊ុន។

Img 0351

Img 0345
រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ គឺជាបុត្រសម្ព័ន្ធដ៏រឹងមាំមួយរបស់ក្រុមហ៊ុនយក្ស ជីប ម៉ុង (Chip Mong Group) ដែលជាសមាសភាពធុរកិច្ចដ៏មានឥទ្ធិពល មានវត្តមាននិងបានកសាងទំនុកចិត្តយ៉ាងរឹងមាំនៅលើទីផ្សារកម្ពុជាអស់រយៈពេលជាង ២ទសវត្សរ៍មកហើយ។ រោងចក្រមួយនេះ ត្រូវបានទទួលស្គាល់ថាជាមូលដ្ឋានផលិតកម្មស៊ីម៉ងត៍ដ៏ធំ និងទំនើបបំផុតមួយក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបាននិងកំពុងចូលរួមបម្រើវិស័យវិស្វកម្មសំណង់យ៉ាងសកម្ម។ តាមរយៈសមត្ថភាពផលិតកម្មដ៏ធំធេង និងប្រព័ន្ធគ្រប់គ្រងគុណភាពកម្រិតខ្ពស់ ស្របតាមបទដ្ឋានអន្តរជាតិ រោងចក្រកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងស្រុក កាត់បន្ថយការនាំចូលពីបរទេស និងរួមចំណែកយ៉ាងធំធេងក្នុងការរុញច្រានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តនៅកម្ពុជាឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស។

Img 0346

Img 0347
ក្នុងអំឡុងពេលទស្សនកិច្ច ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងគណៈប្រតិភូជាន់ខ្ពស់អមដំណើរ បានអញ្ជើញពិនិត្យដោយផ្ទាល់នូវខ្សែច្រវាក់ផលិតកម្ម និងការអនុវត្តបច្ចេកវិទ្យាទំនើបចុងក្រោយបង្អស់ ដែលឆ្លើយតបទៅនឹងបទដ្ឋានបរិស្ថានបៃតង។ ជាមួយគ្នានេះ ឯកឧត្តមបានសម្តែងនូវការកោតសរសើរចំពោះក្រុមហ៊ុន ដែលបានយកចិត្តទុកដាក់ខ្ពស់លើការគ្រប់គ្រងផលប៉ះពាល់ និងការគិតគូរដល់ចីរភាពបរិស្ថានជុំវិញ ។

Img 0349

Img 0355

ដំណើរទស្សនកិច្ចនាឱកាសនេះ គឺជាសក្ខីកម្មស្តែងឱ្យឃើញយ៉ាងច្បាស់ពីសេវាថែទាំ និងការគាំទ្រវិនិយោគយ៉ាងជិតស្និទ្ធរបស់រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ ក.អ.ក. ព្រមទាំងជាការបញ្ជាក់ឡើងវិញថា រោងចក្រ ជីប ម៉ុង ស៊ីម៉ងត៍អូដ្ឋ គឺជាមោទនភាពនៃឧស្សាហកម្មជាតិ ដែលបាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិឱ្យមានសន្ទុះរីកចម្រើនប្រកបដោយចីរភាព និងបរិយាបន្ន៕

ជីប ម៉ុងសុីម៉ងត៍អូដ្ឋ សុីម៉ងត៍ខ្មែរដើម្បីខ្មែរ

Img 0352Img 0354

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia