នេះជាដំណឹងល្អសម្រាប់បងប្អូនដែលចង់គាំទ្រ និងប្រើប្រាស់ផលិតផលខ្មែរ ខណៈផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” ដែលជាកន្លែងប្រមូលផ្ដុំដោយផលិតផលផលិតដោយកូនខ្មែរ មានទីតាំងស្ថិតនៅជាន់ទី៣ នៃផ្សារ ជីប ម៉ុង អៅឡែត ម៉ល(សែនសុខ) បានចាប់ផ្ដើមបើកដំណើរការចាប់ពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៦ នេះតទៅហើយ។
គម្រោងផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” នេះ ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន ជីប ម៉ុង រីថែល និងបានធ្វើការសាងសង់ និងរៀបចំយ៉ាងសម្រិតសម្រាំង ដែលផ្សារទេសចរណ៍មួយនេះគឺបានបំផុសគំនិតពីបឹងទន្លេសាប សហគមន៍កំពង់ភ្លុក ក្នុងខេត្តសៀមរាប ដើម្បីធ្វើឲ្យអ្នកមកលេងអាចទទួលបានអារម្មណ៍កាន់តែជិតស្និទ្ធទៅនឹងបរិយាកាសនៅបឹងទន្លេសាបហើយការរៀបចំទីតាំងនេះគឺបានយកលំនាំពីភូមិលើទឹកមកបញ្ចូលក្នុងការរចនាចាប់ពីប្លង់ទីតាំងតូបលក់អាហាររហូតដល់កន្លែងអង្គុយញ៉ាំអាហារដើម្បីបង្កើតបទពិសោធន៍មួយដែលខុសពីផ្សារទំនើបធម្មតា។

តាមប្រសាសន៍របស់លោកជំទាវ លី សុខឆេង អគ្គនាយិការក្រុមហ៊ុន ជីប ម៉ុង រីថែល បានមានប្រសាសន៍ ថា គម្រោងនេះត្រូវបានបំផុសគំនិតផ្ទាល់ពី តំបន់សហគមន៍កំពង់ភ្លុក ក្នុងខេត្តសៀមរាបដោយមានគោលដៅចូលរួមផ្សព្វផ្សាយទេសចរណ៍សហគមន៍លើទឹកកំពង់ភ្លុកទៅកាន់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ អ្វីដែលសំខាន់ មិនមែនមានត្រឹមតែបរិយាកាស និងការរចនានោះទេ ព្រោះនៅក្នុង «ភូមិខ្មែរអ្នកធ្វើ-បឹងទន្លេសាប» ក៏មានការប្រមូលផ្តុំទៅដោយ ម្ហូបអាហារប្លែកៗ និងល្បីៗតាមតំបន់ដែលជួយឲ្យបងប្អូនអាចស្វែងរកនិងសាកល្បងរសជាតិខ្មែរជាច្រើនប្រភេទនៅក្នុងទីតាំងតែមួយ។

អ្វីដែលកាន់តែមោទនភាពជាទីបំផុតនោះ គោលបំណងធំបំផុត ដែលធ្វើឱ្យក្រុមហ៊ុន ជីប ម៉ុង បានបង្កើតផ្សារទេសចរណ៍នេះឡើងមក គឺចង់បង្កើតកន្លែងមួយបណ្តុំទៅដោយផលិតផល ដែលជាស្នាដៃខ្មែរសុទ្ធសាធ និងដើម្បីលើកទឹកចិត្តដល់បណ្តាអាជីវកម្មខ្មែរដែលបន្តរក្សា និងប្រកបរបរដែលបន្សល់ទុកពីមួយជំនាន់ទៅមួយជំនាន់ បានបញ្ចេញថ្វីដៃ និងពង្រីកឱ្យកាន់តែមានទីផ្សារទូលំទូលាយ។ វត្តមានរបស់ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” នឹងដើរតួជាស្ពានដ៏សំខាន់ក្នុងការបើកបង្ហាញដល់ភ្ញៀវជាតិនិងអន្តរជាតិ ពីភាពសម្បូរបែបនៃផ្សារទំនើបកូនខ្មែរ ដែលជីប ម៉ុង បានខិតខំច្នៃប្រឌិត ធ្វើយ៉ាងណាលាយបញ្ចូលទាំងរចនាបថបុរាណនិងសម័យទំនើបឱ្យរួមគ្នាក្នុងពេលតែមួយ។

លើសពីកន្លែងដែលលក់ត្រឹមម្ហូបអាហារ ផ្សារទេសចរណ៍ “ភូមិខ្មែរអ្នកធ្វើ បឹងទន្លេសាប” ក៏មានលក់នូវ វត្ថុអនុស្សាវរីយ៍ សិប្បកម្មធ្វើដោយដៃ និងសិប្បកម្មកែច្នៃក្នុងស្រុក ជាច្រើនដែលជាស្នាដៃរបស់អ្នកផលិត និងអ្នកធ្វើក្នុងស្រុក ហើយនេះក៏ជាផ្នែកមួយដែលក្លាយជាកន្លែងមួយសម្រាប់បង្ហាញពីភាពចម្រុះនៃផលិតផលនិងស្នាដៃរបស់កូនខ្មែរផងដែរ។

គួរជម្រាបថា បងប្អូនជាអ្នកចូលចិត្តដើរលេង ចង់សាកម្ហូបខ្មែរ ចង់គាំទ្រអ្នកផលិត អាជីវករ និងស្នាដៃក្នុងស្រុកកុំភ្លេចមក «ភូមិខ្មែរអ្នកធ្វើ-បឹងទន្លេសាប» នៅផ្សារ ជីប ម៉ុង អៅឡែត ម៉ល(សែនសុខ) ដែលមានការចែកម្ហូប 3333ចានរយៈពេល ៣ថ្ងៃពេញផងដែរ៕




