ក្រុមហ៊ុន ជីប ម៉ុង គឺជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំដែលកំពុងក្ដោបក្ដាប់មុខជំនួញជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនខ្មែរមួយនេះ ត្រូវបានបង្កើតឡើងដោយ លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក នៅក្នុងឆ្នាំ១៩៨២ ផ្ដើមចេញពីទុនមាសចំនួន ២ ជីតែប៉ុណ្ណោះ ដែលគិតមកដល់ឆ្នាំ ២០២៦ នេះគឺជាមានអាយុកាល ៤៤ ឆ្នាំហើយ។
ក្នុងរយៈពេលជាង ៤០ ឆ្នាំមកនេះ ក្រុមហ៊ុន ជីប ម៉ុង បានពង្រីកខ្លួន និងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងដៃ រកស៊ីក្នុងវិស័យជាច្រើនស្ទើររាប់មិនអស់។ យ៉ាងណាមិញ ភាពរីកចម្រើនដ៏ខ្លាំងក្លានេះមិនមែនកើតឡើងដោយចៃដន្យនោះទេ ប៉ុន្ដែគឺកើតចេញបានដោយសារមានគោលការណ៍រកស៊ីច្បាស់លាស់ និងមានក្ដីស្រមៃធំនៅក្នុងមុខជំនួញនីមួយៗរបស់ខ្លួន។

១. គុណភាព
សម្រាប់ ជីប ម៉ុង ពាក្យថា “គុណភាព” មិនមែនជាពាក្យស្លោកទីផ្សារឡើយ ប៉ុន្តែជាកាតព្វកិច្ចក្នុងការនាំយកស្តង់ដារបច្ចេកវិទ្យាលំដាប់ពិភពលោកមកដោះស្រាយតម្រូវការទីផ្សារក្នុងស្រុក ចាប់តាំងពីសង្វាក់ផលិតកម្មដែកថែប ស៊ីម៉ងត៍ ទីយ៉ូ បេតុង និងក្បឿងជាដើម។ ភាពរឹងមាំលើវិស័យសម្ភារៈសំណង់បានក្លាយជាមូលដ្ឋានគ្រឹះ និងជាកម្លាំងចលករជំរុញឱ្យក្រុមហ៊ុនបោះជំហានបង្កើតក្រុមហ៊ុន Khmer Beverages ក្នុងឆ្នាំ ២០០៩ ដោយចាប់ដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុនយក្សអាមេរិក Crown Holding។ តាមរយៈការបណ្តាក់ទុនរួមគ្នាជាមួយដៃគូរបំដាប់ពិភពលោក ព្រមទាំងស្តង់ដារអន្តរជាតិ បានធ្វើឱ្យផលិតផលភេសជ្ជៈខ្មែរដំបូងទទួលបានការទុកចិត្តពីអ្នកប្រើប្រាស់ និងឈរជើងលើទីផ្សារយ៉ាងរឹងមាំ។

បន្ថែមលើនេះ កាលពីខែសីហា ឆ្នាំ២០២៦ កន្លងទៅ ក្រុមហ៊ុន ជីប ម៉ុង បានបើកការដ្ឋានសាងសង់ និងបង្កើតរោងចក្រផលិតចំណីអាហារ និងភេសជ្ជៈខ្នាតធំ រួមមាន៖ ទឹកដោះគោ មី តែ និងកាហ្វេ ដែលនេះគឺជាសក្ខីភាពបញ្ជាក់យ៉ាងច្បាស់ពីភាពរីកចម្រើន និងទំនុកចិត្តរបស់ប្រជាជនកម្ពុជា។
ស្របពេលជាមួយគ្នានេះ តាមរយៈ ជីប ម៉ុង លែន (Chip Mong Land) ក្រុមហ៊ុនមិនត្រឹមតែសាងសង់ផ្ទះនោះទេ ប៉ុន្តែបានកសាងសហគមន៍រស់នៅប្រកបដោយផាសុកភាព ភាពម៉ត់ចត់លើស្ថាបត្យកម្ម និងគុណភាពជីវិតពិតសម្រាប់គ្រួសារសម័យថ្មី។

២. បណ្ដុះបណ្ដាលធនធានមនុស្ស
ការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យខ្លាំងពូកែ គឺជាអាទិភាពធំមួយរបស់ក្រុមហ៊ុន ដើម្បីធ្វើឱ្យក្រុមការងារទាំងអស់មានសមត្ថភាពធ្វើការក្នុងប្រព័ន្ធការងារស្ដង់ដារអន្តរជាតិ។ ដោយក្នុងនោះក្រុមហ៊ុនជីប ម៉ុង តែងតែវិនិយោគលើវគ្គបណ្ដុះបណ្ដាលដល់បុគ្គលិកលើជំនាញផ្សេងៗ ទាំងបណ្ដុះបណ្ដាលក្នុងស្រុក និងបញ្ចូលទៅក្រៅប្រទេស ព្រមទាំងបន្សាំបុគ្គលិកឱ្យរៀនធ្វើការជាមួយជនបរទេសដែលមានសមត្ថភាពខ្លាំងៗទៀតផង។

តាមការបញ្ជាក់ពីអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង បានលើកឡើងថា ក្រុមហ៊ុន ជីម ម៉ុង គឺតែងតែផ្ដោតលើការបណ្ដុះបណ្ដាលចំណេះដឹង និងជំនាញទៅដល់បុគ្គលិក។ ជាក់ស្ដែងក្រុមហ៊ុនតែងតែបញ្ជូនបុគ្គលិកចុះទៅសិក្សាផ្ទាល់ពីសង្វាក់ផលិតកម្មទំនើបៗនៅប្រទេសក្រៅដើម្បីបានស្វែងយល់ពីនិន្នាការ និងការវិវត្ដបច្ចេកវិទ្យាថ្មីៗរបស់គេ រួចយកមកអនុវត្ដនៅក្នុងក្រុមហ៊ុន។
«ការពិតយើងជាថ្នាក់ដឹកនាំ យើងមានកាតព្វកិច្ចច្រើន ទោះបីជាមមាញឹកយ៉ាងណាក៏ដោយ ត្រូវគិតថាកត្ដាមនុស្សគឺជាកត្ដាសំខាន់បំផុត។ ហើយកត្ដាដែលធំ ទោះបីយើងរវល់ប៉ុនណាក៏ដោយ ក៏យើងមិនអាចកាត់ផ្ដាច់បាននូវអ្វីដែលជាការបណ្ដុះបណ្ដាលមនុស្ស។ អ៊ីចឹង ១ ឆ្នាំជាទូទៅខ្ញុំតែងនាំសហការីខ្ញុំ ២ ដងទៅសិក្សាបច្ចេកវិទ្យាទំនើបដែលគេរកឃើញ។ មួយទៀតយើងទៅ តើក្រុមហ៊ុនដែលមកប្រគួតប្រជែងផលិតគុណភាពល្អហ្នឹង មានក្រុមហ៊ុនណាខ្លះដើម្បីយើងចង់ដឹង New Trends (និន្នាការថ្មី) ដែរ»។ ប្រសាសន៍លើកឡើងរបស់អ្នកឧកញ៉ា លាង ម៉េង។

៣. ចក្ខុវិស័យវែងឆ្ងាយ
នៅក្នុងការបើកមុខជំនួញនីមួយៗ ក្រុមហ៊ុន ជីប ម៉ុង គឺមានចក្ខុវិស័យធ្វើយ៉ាងណាឲ្យការរកស៊ីរបស់ខ្លួនត្រូវឈរជើងឲ្យបានលើសពី១០០ឆ្នាំ និងពង្រីកសាខាឲ្យបានលើស ១០០ ទីតាំង និងត្រូវតែនាំមុខគេនៅក្នុងវិស័យដែលខ្លួនរកស៊ី។ នេះបើយោងតាមការលើកឡើងពីលោកជំទាវ លី សុខឆេង អគ្គនាយិកា ក្រុមហ៊ុន ជីប ម៉ុង រីថែល។

លោកជំទាវធ្លាប់បានមានប្រសាសន៍ដូច្នេះថា «ជាគោលការណ៍របស់ក្រុមហ៊ុន ជីប ម៉ុង គឺយើងចង់បង្កើតអាជីវកម្មអីមួយក៏ដោយ ត្រូវនៅឲ្យបាន ១០០ ឆ្នាំ និងត្រូវបង្កើតឲ្យបាន ១០០ ទីតាំង។ ហើយជាអាជីវកម្មដែលដឹកនាំឈរលំដាប់លេខ១ នៅក្នុងប្រទេសកម្ពុជា»។
សូមជម្រាបថា ក្នងរយៈពេលជាង ៤ ទសវត្សរ៍មកនេះ ក្រុមហ៊ុន ជីប ម៉ុង បានពង្រីកបុត្រសម្ព័ន្ធសរុបជាង ១០ ក្រុមហ៊ុនដែលរកស៊ីនៅក្នុងវិស័យផ្សេងៗគ្នា និងបានជួយបង្កើតការងារជូនប្រជាជនខ្មែររាប់ពាន់រាប់ម៉ឺននាក់ផងដែរ។ ក្រៅតែជួយបង្កើតការងារជូនប្រជាជន ក្រុមហ៊ុន ជីប ម៉ុង ក៏តែងតែរួមចំណែកនៅក្នុងការឧបត្ថមថវិកា ស្បៀងអាហារ ជួយសង្គមជាតិជាច្រើនតាមរយៈការចុះជួយដោយផ្ទាល់ និងតាមរយៈរាជរដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាចូលរួមអភិវឌ្ឍន៍សង្គមជាតិឲ្យកាន់តែរីចម្រើន៕


