ក្រុមហ៊ុន ជីប ម៉ុង គ្រុប គឺជាសម្ព័ន្ធក្រុមហ៊ុនដ៏ធំដែលកំពុងក្ដោបក្ដាប់មុខជំនួញជាច្រើននៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។ ក្រុមហ៊ុនខ្មែរមួយនេះ ត្រូវបានបង្កើតឡើងដោយ លោកជំទាវលោកអ្នកឧកញ៉ា ភាព ហៀក នៅក្នុងឆ្នាំ១៩៨២ ដែលផ្ដើមចេញពីទុនមាសចំនួន ២ ជីតែប៉ុណ្ណោះ។ យ៉ាងមកដល់សព្វថ្ងៃក្រុមហ៊ុន ជីប ម៉ុង គ្រុប បានរីកចម្រើននឹងបង្កើតក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើននៅក្នុងដៃ ចូលរកស៊ីក្នុងវិស័យជាច្រើនស្ទើររាប់មិនអស់នៅក្នុងប្រទេសកម្ពុជា។
ជាក់ស្ដែងបើគិតចាប់តាំងពីការបង្កើតរហូតមកដល់ពេលបច្ចុប្បន្ននេះក្រុមហ៊ុន ជីប ម៉ុង គ្រុប បានពង្រីកក្រុមហ៊ុនជាបុត្រសម្ព័ន្ធសរុបចំនួន ១៣ ហើយបាននិងកំពុងរកស៊ីក្នុងវិស័យផ្សេងៗគ្នា ដោយនៅក្នុងនោះរួមមាន៖
១. ក្រុមហ៊ុន ជីប ម៉ុង ត្រេឌីង (CHIP MONG TRADING) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ១៩៨២។ ក្រុមហ៊ុនមួយនេះ បង្កើតឡើងសម្រាប់នាំចូល និងចែកចាយសម្ភារៈសំណង់ និងគ្រឿងបរិភោគដែលមានគុណភាពខ្ពស់ នៅទូទាំងប្រទេសកម្ពុជា។ ក្នុងនោះមាននាំចូលដែកអ៊ីតាលីគុណភាពខ្ពស់ ម៉ាក វី និងគ្រឿងឧបភោគបរិភោគដូចជា នំស្រួយ ហាណាមិ (Hanami) នំបីស្គីត Arsernal Biscuits ប្រេងឆា ហេលស៊ី ឆេហ្វ(Healthy Chef) ស្ករស និងសាប៊ូអូរ៉ា។
២. ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្ទ្រីស៍ (CHIP MONG Industries) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៧ ខណៈក្រុមហ៊ុននេះគឺរកស៊ីនៅក្នុងទីផ្សារបេតុងលាយស្រេច ដើម្បីផ្ដល់ដំណោះស្រាយដល់ការសាងសង់។
៣. ក្រុមហ៊ុន ជីប ម៉ុង លែន (CHIP MONG LAND) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០០៨ ដែលរកស៊ីនៅក្នុងវិស័យអចលនទ្រព្យ ខណៈគម្រោងដែលបានអភិវឌ្ឍន៍ដំបូងគេគឺ ផាក លែន សែនសុខ។ យ៉ាងណាបច្ចុប្បន្នក្រុមហ៊ុននេះក៏បានអភិវឌ្ឍន៍គម្រោង ៩ ផ្សេងទៀតរួមមាន៖ គម្រោង លែនម៉ាក ២៧១, គម្រោង លែនម៉ាក ៦០ម៉ែត្រ, គម្រោង ផាក លែន ៥៩៨, គម្រោង ផាក លែន ធី ខេ, គម្រោង ផាក លែន ខុនដូ ធីខេ, គម្រោង ផាក លែន ៦អា, គម្រោង ផាក លែន ៥០ម៉ែត្រ, ផាក លែន ពោធិ៍ចិនតុង និង គម្រោង លែន រីច ចំការដូងជាដើម។
៤. ក្រុមហ៊ុន ខ្មែរ ប៊ែវីរីជីស (KHMER BEVERAGED) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៩ បច្ចុប្បន្នបាននឹងកំពុងផលិតភេសជ្ជៈជាច្រើនប្រភេទដូចជា៖ CAMBODIA BEER, ភេសជ្ជៈប៉ូវកម្លាំង WURKZ, ទឹកក្រូចអាយស៍, ភេសជ្ជៈប៉ូវកម្លាំងដាហ្ស, ភេសជ្ជៈ EXPREZ រសជាតិស្ត្រប៊ែរី, ភេសជ្ជៈប៉ូវកម្លាំង ICY COOL រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង KIZZ រសជាតិម៉ុងតុល, ភេសជ្ជៈប៉ូវកម្លាំង VIKINGZ និង ទឹកពិសាកម្ពុជា ជាដើម
៥. ក្រុមហ៊ុន ក្រោន ខ្មែរ ប៊ែវីរីជីស (CROWN KHMER BEVERAGED) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៤។ បច្ចុប្បន្នក្រុមហ៊ុនមួយនេះ កំពុងផលិត និងផ្គត់ផ្គង់សំបកកំប៉ុងដល់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស។
៦. ក្រុមហ៊ុន ជីប ម៉ុង អុិនស៊ី (CHIP MONG INSEE) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៤ ដោយផ្ដោតលើការរកស៊ីក្នុងវិស័យផលិតស៊ីម៉ង់។ ខណៈបច្ចុប្បន្នក្រុមហ៊ុនមានរោរងកច្រផលិតស៊ីម៉ង់ធំមួយនៅក្នុងខេត្ដកំពត ដែលមានសមត្ថភាពផលិតស៊ីម៉ង់បាន ៥ពាន់តោននៅក្នុង១ថ្ងៃ។
៧. សណ្ឋាគារ HYATT REGENCY PHNOM PENH ត្រូវបានចាប់ផ្ដើមដំណើរការនៅក្នុងឆ្នាំ ២០១៦ និងជាសណ្ឋាគារប្រណិតមួយនៅក្នុងប្រទេសកម្ពុជា ដែលមានទីតាំងនៅចំកណ្តាលនៃរាជធានីភ្នំពេញ។
៨. ក្រុមហ៊ុន CHIP MONG FEED ត្រូវបានចាប់ផ្ដើមឡើងនៅក្នុងឆ្នាំ ២០១៧ ដែលផ្ដោតាមការផលិតចំណីសត្វ។
៩. ក្រុមហ៊ុន ជីប ម៉ុង រីថែល (CHIP MONG RETAIL) ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧ ដោយផ្ដោតលើការបើកហាងលក់ទំនិញ និងផ្សារទំនើប។
១០. សណ្ឋាគារ FAIRFIELD BY MARRIOTT PHNOM PENH ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ ២០១៧។ សណ្ឋាគារនេះគឺស្ថិតនៅក្នុងលំដាប់ផ្កាយ៤ ត្រូវបានក្រុមហ៊ុន ជីប ម៉ុង បោះទុនវិនិយោគចំនួន ៨០ លានដុល្លារក្នុងការសាងសង់។
១១. ធនាគារ ជីប ម៉ុង (CHIP MONG BANK) ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១៨ ដែលផ្ដោតសេវាហិរញ្ញវត្ថុ និងបានបើកបម្រើសេវាជូនអតិថិជនជាផ្លូវការនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩។ បច្ចុប្បន្នធនាគារខ្មែរមួយនេះបានពង្រីកសាខាចំនួន ១៥ និងមានទីស្នាក់ការកណ្ដាលនៅលើបណ្ដោយមហាវិថី ម៉ៅ សេទុង។
១២. GRAND ROYAL GOLF AND RESORT ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៨ ដោយផ្ដោតលើវិស័យវាយកូនហ្គោល និងរមណីយដ្ឋាន។
១៣. ទីក្រុងរណប GRAND PHNOM PENH CITY ត្រូវបានចាប់ផ្ដើមនៅឆ្នាំ ២០១៩ ដោយផ្ដោតលើការអភិវឌ្ឍលំនៅឋានគ្រប់ដណ្ដប់លើផ្ទៃដី ២៦០ ហិកតា។ ហើយក្នុងនោះក៏មានជាទីលាន វាយកូនហ្គោល និងសួនទឹកជាដើម៕