ជាការពិត ជនជាតិចិនត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោកថាជា "ស្ដេចត្រាញ់ខាងជំនួញ"។ មិនថាតែនៅប្រទេសចិន ឬតាមបណ្តាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជា នោះទេ សហគ្រិន និងគ្រួសារកាត់ចិនភាគច្រើន តែងតែអាចកសាងអាជីវកម្មពីបាតដៃទទេ រហូតក្លាយជាឧកញ៉ា ឬជាម្ចាស់អាណាចក្រជំនួញធំៗ។ តើពួកគាត់មានអាថ៌កំបាំង ឬក្បួនរកស៊ីអ្វីខ្លះ? ខាងក្រោមនេះជា ក្បួនរកស៊ី ៥ យ៉ាង ដែលជនជាតិចិនប្រកាន់ខ្ជាប់តាំងពីបុរាណរហូតមកដល់បច្ចុប្បន្ន៖
១.គោលការណ៍ចំណេញតិច លក់ឲ្យបានច្រើន៖ ជនជាតិចិនមិនផ្តោតលើការលក់យកចំណេញកប់ពពកក្នុងពេលតែមួយនោះទេ។ ពួកគេប្រកាន់យកទស្សន ចំណេញតិចតួច ប៉ុន្តែលក់បានរហ័ស និងបានច្រើន។ ជាយុទ្ធសាស្ត្រ គឺការលក់ថោកជាងគេបន្តិច ជួយទាក់ទាញអតិថិជនឲ្យមកទិញ រហូត បង្កើតបានជាលំហូរសាច់ប្រាក់បង្វិលជាប្រចាំ។ លុយដែលវិលជុំលឿន គឺបង្កើតផលចំណេញសរុបច្រើនជាងការលក់ថ្លៃតែគ្មានអ្នកទិញ។
២.វិន័យ សន្សំសំចៃ និងយកលុយទៅបង្កើតលុយ៖ ក្បួនដ៏សំខាន់របស់សហគ្រិនចិន គឺ រស់នៅឲ្យទាបជាងលទ្ធភាពពិតប្រាកដក្នុងដំណាក់កាលចាប់ផ្តើម។ នៅពេលរកចំណូលបាន ពួកគេមិនប្រញាប់ប្រញាល់ទិញសម្ភារនិយម ទិញឡានទំនើប ឬបង្អួតគេនោះទេ។ ផ្ទុយទៅវិញ ពួកគេយកប្រាក់ចំណេញ ៨០% ទៅវិនិយោគបន្ថែមក្នុងអាជីវកម្ម ទិញស្តុកថែម បើកសាខាថ្មី ឬទិញអចលនទ្រព្យ ដើម្បីឲ្យទ្រព្យសម្បត្តិបង្កើតទ្រព្យសម្បត្តិបន្ត។
៣.ឲ្យតម្លៃលើទំនាក់ទំនង និងទំនុកចិត្ត(Guanxi & Trust)៖ នៅក្នុងវប្បធម៌រកស៊ីរបស់ចិន ពាក្យថា "គ័នស៊ី (Guanxi) ឬ "ទំនាក់ទំនង" គឺជាសរសៃឈាមនៃអាជីវកម្ម។ ជាយុទ្ធសាស្ត្រ ត្រូវស្មោះត្រង់ចំពោះពាក្យសម្តី ការរក្សាសុចរិតភាព និងពាក្យសន្យាជាមួយដៃគូជំនួញ អតិថិជន និងអ្នកផ្គត់ផ្គង់ គឺជាអាវុធមុខពីរ។ បើបាត់បង់ទំនុកចិត្ត គឺបាត់បង់ឱកាសរកស៊ីទាំងស្រុង។ មួយវិញទៀត បង្កើតទំនាក់ទំនងឈ្នះ-ឈ្នះ ព្រោះការរកស៊ី មិនមែនស៊ីដាច់គេតែម្នាក់ឯងនោះទេ តែត្រូវឲ្យដៃគូ និងអតិថិជនទទួលបានផលប្រយោជន៍ដូចគ្នា។
៤.ប្រកាន់ខ្ជាប់ភាពអត់ធន់និងតស៊ូ៖ ចិនមានសុភាសិតមួយពោលថា "អ្នកមិនអាចជោគជ័យបានទេ បើមិនធ្លាប់ស្គាល់រសជាតិលំបាក"។ ជនជាតិចិនធ្វើការធ្ងន់ជាងគេ ក្រោកពីព្រលឹម គេងយប់ជ្រៅ និងមិនរអ៊ូរទាំឡើយ។ នៅពេលអាជីវកម្មជួបវិបត្តិ ឬខាតបង់ ពួកគេក៏មិនបោះបង់ចោលងាយៗដែរ ប៉ុន្តែព្យាយាមតស៊ូ រកវិធីដោះស្រាយ និងរៀនសូត្រពីកំហុសនោះ ដើម្បីក្រោកឈរឡើងវិញ។
៥.បង្រៀនកូនចៅឲ្យស្គាល់តម្លៃលុយ និងស្នងអាជីវកម្ម៖ ក្បួនរកស៊ីរបស់ជនជាតិចិន មិនមែនបញ្ចប់ត្រឹមមួយជំនាន់នោះឡើយ។ យុទ្ធសាស្ត្ររបស់គេ គឺចាប់តាំងពីកុមារភាព កូនៗរបស់សហគ្រិនចិនត្រូវ បានបណ្តុះបណ្តាលឲ្យចុះជួយការងារក្នុងហាង ឲ្យស្គាល់ពីរបៀបរាប់លុយ រក្សាអតិថិជន និងយល់ពីភាពលំបាកនៃការរកលុយ។ ការធ្វើបែបនេះ ជួយឲ្យកូនចៅមាន Mindset ជាម្ចាស់អាជីវកម្ម តាំងពីក្មេង និងអាចបន្តវេនអាជីវកម្មគ្រួសារឲ្យកាន់តែរីកចម្រើន។
ទោះបីជាយ៉ាងណាក៏ដោយ ក្បួនរកស៊ីតាមជនជាតិចិន មិនមែនជាបច្ចេកវិទ្យា ឬរូបមន្តស្មុគស្មាញនោះទេ ប៉ុន្តែវាជា វិន័យ ភាពស្មោះត្រង់ ភាពអត់ធន់ និងការគ្រប់គ្រងហិរញ្ញវត្ថុយ៉ាងម៉ឺងម៉ាត់។ ប្រសិនបើសហគ្រិនកម្ពុជាអាចដកស្រង់ និងអនុវត្តតាមគោលការណ៍ទាំងនេះបាន នោះអាជីវកម្មរបស់អ្នកនឹងមានគ្រឹះរឹងមាំ និងអាចរីកចម្រើនបានយូរអង្វែង៕


