អ្នកវិនិយោគរបស់ចិនគ្រោងបោះទុនជាច្រើនលានដុល្លាដើម្បីពង្រីកសាខាក្រុមហ៊ុនសាងសង់ ប៉េងកាំងប្រូដាកសិន នៅក្នុងខេត្តកំពង់ស្ពឺ ខណៈសាខាមួយរបស់ក្រុមហ៊ុននេះ ត្រូវបាននិងកំពុងដំណើរការដោយជោគជ័យនៅប្រទេសម៉ាឡេស៊ី។
គម្រោងដាក់ទុនវិនិយោគនេះ ត្រូវបានធ្វើឡើងនៅក្នុងជំនួបរវាង ឯកឧត្តមបណ្ឌិត ជាម ចន្ទ័សោភ័ណ អភិបាលខេត្តកំពង់ស្ពឺ ជាមួយលោក វ៉ាង ហាយ ឆិន (WANG HAI CHEN) សមាជិក នៃក្រុមដឹកនាំបក្ស និងជាអនុប្រធានគណៈកម្មាការអភិវឌ្ឍន៍កែទម្រង់ក្រុងប៉េកាំង និងជាអភិបាលក្រុមមីឃុន ហើយជាប្រធានប្រតិបត្តិ នៃក្រុងស៊ុនយី និងជាអនុប្រធាន(កម្រិតនាយក ដ្ឋាន) នៃការិយាល័យក្រុមថ្នាក់ដឹកនាំក្រុងប៉េកាំង សម្រាប់ការសម្របសម្រួលការអភិវឌ្ឍន៍តំបន់ប៉េកាំង ធានជើង ហឺប៉ី កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦។

លោក វ៉ាង ហាយឆិន បានលើកឡើងដោយគូសបញ្ជាក់ថា ក្រុមហ៊ុន ប៉េកាំងប្រូដាកសិន ជាក្រុមហ៊ុនមួយដែលទទួលបានការគាំទ្រក្នុងការសាងសង់សំណង់រឹងមាំនិងអាគារធំៗនៅក្នុងប្រទេសចិនក្នុងនោះមានផ្លូវដែក អាកាសយានដ្ឋាននិងមន្ទីរពេទ្យ ហើយបច្ចុប្បន្នក៏កំពុងតែជោគជ័យខ្លាំងនៅក្នុងប្រទេសម៉ាឡេស៊ីផងដែរ។ដោយមើលឃើញពីកត្តាសុខសន្តិភាពនិងភាពរីកចម្រើនក្រោមការដឹកនាំប្រកបគតិបណ្ឌិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី និងក៏ជាឱកាសក្នុងការពង្រីកបុត្រសម្ព័ន្ធក្រុមហ៊ុនផង លោករួមម្ចាស់ភាគហ៊ុនទាំងអស់ក៏សម្រេចចិត្តជ្រើសយកប្រទេសកម្ពុជាជាសាខាបន្ទាប់ ដោយយកកំពង់ស្ពឺជាខេត្តគោលដៅ។
លោក វ៉ាង បានបញ្ជាក់ថា ខេត្តកំពង់ស្ពឺមានសក្តានុពលគ្រប់គ្រាន់ដែលអាចផ្តល់ជាវត្ថុធាតុដើមសម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់ក្រុមហ៊ុនដើម្បីធ្វើសកម្មភាព។ក្រុមហ៊ុនប៉េកាំងនិងត្រូវចុះMOUជាមួយខេត្តកំពង់ស្ពឺ នៅពេលខាងមុខ បន្ទាប់ពីក្រុមការងារទាំងពីរចុះសិក្សាទីតាំងសាងសង់រួចរាល់។ ហើយក្រោយមករាល់សកម្មភាពសាងសង់ធំៗនៅក្នុងប្រទេសកម្ពុជា គឺខេត្តកំពង់ស្ពឺអាចដាក់ក្រុមហ៊ុនរបស់ខ្លួនបានដោយមិនប្រើប្រាស់ឈ្មោះ ក្រុមហ៊ុនប៉េកាំងប្រូដាកសិនទៀតទេ ហើយក្នុងនោះក៏អាចទទួលគម្រោងសាងសង់ធំៗជាអន្តរជាតិផងដែរ។

លើសពីនេះក្រុមហ៊ុនមានគម្រោងបន្ថែមចំណេះជំនាញដល់បុគ្គលិកក្រុមហ៊ុនជាជនជាតិខ្មែរឱ្យក្លាយជាវិស្វករពិតប្រាកដ ហើយអាចចូលរួមទទួលការងារជាអន្តរជាតិនាពេលអនាគតក្រោយក្រុមហ៊ុនដំណើរបាន៥ឆ្នាំទៅ១០ឆ្នាំខាងមុខផងដែរ។
ជាមួយនិងការលើកឡើងនេះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺបានសម្តែងការត្រេកអរជំនួសឱ្យប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺ ដែលទទួលបានឱកាសការងារថ្មីបន្ថែមទៀត ពិសេសការប្រែក្លាយសមត្ថភាពជាកម្មករជំនាញមួយដ៏ពិតប្រាកដ ក្នុងការចូលរួមការងារជាអន្តរជាតិ។ហើយតាមរយៈគម្រោងនេះដែរ។
លោករំពឹងថា ប្រទេសកម្ពុជា ពិសេសខេត្តកំពង់ស្ពឺនិងមានសំណង់រឹងមាំដែលមានគុណភាពមិនចាញ់ប្រទេសជឿនលឿននៅលើសកលលោកនោះទេ ហើយប្រជាពលរដ្ឋ និងរដ្ឋាភិបាលក៏អាចមានចំនូលពីគម្រោងនេះដើម្បីអភិវឌ្ឍន៍ប្រទេសបន្ថែមទៀតផងដែរ៕


