គម្រោង China Town នឹងលេចរូបរាងឡើងនាពេលខាងមុខនេះ នៅក្នុងទីក្រុងរណប TIA City ដែលជាសហគមន៍រស់នៅដ៏ធំនិងទំនើប អភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន OCIC របស់លោកអ្នកឧកញ៉ា ពុង ឃាវសែ មានទីតាំងស្ថិតនៅភាគខាងត្បូងរាជធានីភ្នំពេញ ក្បែរនឹងអាកាសយានដ្ឋានអន្ដរជាតិតេជោ ដែលទើបនឹងបើកដំណើរការកាលពីដើមខែកញ្ញា ឆ្នាំ២០២៥នេះ។
តាមការបញ្ជាក់ពី TIA City បានឲ្យដឹងថា គម្រោង China Town នេះគឺជាគម្រោងអភិវឌ្ឍន៍ដ៏សំខាន់មួយក្នុងចំណោម គម្រោងជាច្រើនផ្សេងទៀតរបស់ក្រុមហ៊ុន។ ដោយក្នុងនោះរួមមាន គម្រោងTERRA និងTERRA Style ដែលជាគម្រោងមានការអភិឌ្ឍចម្រុះទំនើបទាន់សម័យមានដូចជា អាគារពាណិជ្ជកម្ម ផ្ទះអាជីវកម្ម លំនៅឋានវីឡាទំនើប និងសួនកម្សាន្តជាដើម។
ជាក់ស្ដែង បច្ចុប្បន្ននេះគម្រោង TERRA ដែលជាគម្រោងទី១ របស់ TIA City បាននិងកំពុងដំណើរការសាងសង់លំនៅឋាន និងបានដាក់លក់អស់ស្ទើរទាំងស្រុងផងដែរ ខណៈដែលគម្រោង TERRA Style វិញ ក្រុមហ៊ុនក៏ត្រៀមនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខនេះដូចគ្នា។
គួរជម្រាបផងដែរថា យោងតាមគេហទំព័រអាកាសយានដ្ឋានអន្ដរជាតិតេជោ ក្រៅពីសាងសង់អាកាសយានដ្ឋានអន្ដរជាតិតេជោ ទំហំ ២,៦០០ ហិកតា ក្រុមហ៊ុនក៏បានរៀបចំទំហំដី ៥,០០០ ហិកតា កំណត់ទុកសម្រាប់តំបន់សេដ្ឋកិច្ចពិសេស ក៏ដូចជាការអភិវឌ្ឍលំនៅឋាន និងពាណិជ្ជកម្ម ភស្តុភារកម្ម និងឧស្សាហកម្មផលិតកម្មផ្សេងៗទៀត៕