ចិត្តវិទ្យា៖ កុមារខ្វះភាពកក់ក្តៅ តែងលេចចេញសញ្ញា៥នេះ នៅពេលពួកគេធំពេញវ័យ
Ping Chou EngJUNE 28 202410.6 K views

បទពិសោធន៍ក្នុងវ័យកុមារ អាចបង្កើតចរិតលក្ខណៈយុវភាពរបស់យើង។ យ៉ាងណាមិញបើតាមការស្រាវជ្រាវចិត្តវិទ្យាពីស្ថាប័ន Hack Sprit បានឱ្យដឹងថាកុមារដែលខ្វះភាពកក់ក្តៅ តែងលេចឡើងនូវសញ្ញាចំនួន៥នេះជារឿយៗ នៅពេលដែលគេជាមនុស្សធំពេញវ័យ។

. ពិបាកទុកចិត្តអ្នកដទៃ៖ កុមារដែលខ្វះភាពកក់ក្តៅនិងខ្វះការទទួលស្គាល់ ច្រើនតែធំពេញវ័យឡើងនិងមានផ្នត់គំនិតពិបាកជឿជាក់ ហើយគ្មានទំនុកចិត្តលើអ្នកដទៃ ឬមានគំនិតគិតថាអ្នកដទៃនឹងរុញច្រានឬរិះគន់សមិទ្ធផលរបស់ខ្លួនក្នុងរូបភាពណាមួយជាដើម។

. រិះគន់និងមិនពេញចិត្តខ្លួនឯង៖ ជារឿយៗកុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅ តែងតែរិះគន់នឹងមិនពេញចិត្តខ្លួននៅពេលពួកគេពេញវ័យ ដូចជាការបន្ទោសខ្សែជីវិតខ្លួនឯង​ បន្ទោសរូបរាងមិនស្អាតនិងតែងតែបន្ទោសខ្លួនឯង នៅពេលដែលខ្លួនបានធ្វើខុស មិនថាកំហុសតូចឬធំនោះទេ គឺតែងដាក់បន្ទុកលើខ្លួនឯងជានិច្ច។

. ផ្គាប់ចិត្តគេខ្លាំង៖​ មិនថានៅក្នុងរូបភាពទំនាក់ទំនងប្រភេទណានោះទេ កុមារដែលធំឡើងដោយភាពខ្វះភាពកក់ក្តៅ តែងតែផ្គាប់ចិត្តអ្នកដទៃខ្លាំងដើម្បីទទួលបានការគាំទ្រទទួលស្គាល់និងភាពកក់ក្តៅ ជាពិសេសនៅក្នុងទំនាក់ទំនងមិត្តភក្តិនិងទំនាក់ទំនងស្នេហា។

. ខ្លាចការបដិសេធ៖ ជាធម្មជាតិរបស់មនុស្សទទួលដែលចង់បានការទទួលយកនិងក្តីស្រឡាញ់ហើយមិនចូលចិត្តការបដិសេធ ប៉ុន្តែសម្រាប់កុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅតែងខ្លាចនិងពិបាកទទួលយកនូវការបដិសេធជាខ្លាំង ពីព្រោះតាមបទពិសោធន៍កុមារភាពរបស់ពួកគេ ការបដិសេធគឺជារឿងមួយដែលធ្លាប់ធ្វើឱ្យកុមារទាំងនោះមានស្នាមឈឺចាប់។

. រឹងមាំហើយបត់បែន៖ នេះជាចំណុចពិសេសមួយរបស់កុមារដែលធំឡើងដោយខ្វះភាពកក់ក្តៅ ប៉ុន្តែពេលគេពេញវ័យគេនឹងក្លាយជាមនុស្សមានភាពធន់នឹងការឈឺចាប់ អាចរឹងមាំដោយខ្លួនឯង និងមានភាពបត់បែនប្រែប្រួលទៅតាមកាលៈទេសៈឬស្ថានភាពដែលពួកគេរស់នៅ។

ជាការពិតណាស់អតីតកាលរបស់អ្នក មិនអាចកំណត់អនាគតរបស់អ្នកបាន ពីក្មេងអ្នកអាចខ្វះខាតភាពកក់ក្តៅ​ ខ្វះក្តីស្រឡាញ់ ប៉ុន្តែ​​រឿងទាំងនេះមិនអាច​កំណត់​ដំណើរជីវិតទាំង​មូល​របស់​អ្នកនោះទេ។

ទន្ទឹមនឹងនេះសញ្ញាទាំង៥ ដែលបានលើកឡើងខាងលើបញ្ជាក់ពីកុមារភាពអ្នកនេះ គួរចាត់ទុកជាការស្វែងយល់មួយអំពីលក្ខណៈរបស់ខ្លួនឯង ថាអ្នកជានរណា មកពីណា ហើយបន្តចាប់ផ្តើមការវិវត្តន៍ខ្លួនបន្តទៀត ដោយប្រើថាមពលទាំងនេះជាកម្លាំងចិត្ត ដើម្បីបង្កើតអនាគតដែលអ្នកចង់បាន៕

អត្ថបទដោយ៖ ពីង ជូអេង

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia