ផ្ដើមពីស្រ្តីមេផ្ទះ! Chef រស្មី ចាប់ក្ដីស្រមៃ យកដើមទុនដំបូង ៥០០០$ បង្កើតអាហារដ្ឋាន ជោគជ័យតាំងពីថ្ងៃបើកលក់ដំបូងរហូតបច្ចុប្បន្ន
Bunthoeun KoemAUGUST 4 202631 views

អាចនិយាយបានថា មនុស្សម្នាក់ៗសុទ្ធតែមានក្ដីស្រមៃតាមបែបរៀងៗខ្លួន ក្នុងការបង្កើតអាជីវកម្មមួយឲ្យជោគជ័យ។ ប៉ុន្តែក្នុងការចាប់ផ្ដើមជំហានដំបូង វាមិនមែនជារឿងងាយស្រួលឡើយក្នុងពិភពនៃការរកស៊ី ទោះបីជាអ្នកមានដើមទុនតិច ឬច្រើនក៏ដោយ បើគ្មានគោលដៅ និងការតាំងចិត្តទេ ច្បាស់ជាមិនអាចកែប្រែក្ដីស្រមៃឲ្យក្លាយទៅជាពិតបានឡើយ។

 

ជាក់ស្ដែង បើងាកមកចាប់អារម្មណ៍ កិច្ចសម្ភាសន៍របស់ក្រុមការងារចាបក្រហម ជាមួយ Chef រស្មី ដែលជាអតីតបេក្ខនារីប្រលងក្នុងកម្មវិធី Master Chef Cambodia និងជាម្ចាស់ហាង វាលស្រែក្បែរស្ពានអ្នកលឿង ដែលមានទីតាំងនៅវាលស្រែក្រោមស្ពានអ្នកលឿង ខេត្តព្រៃវែង ដោយគាត់បានរៀបរាប់និងនិយាយពីដំណើរដើមទងតាំងពីមុនចាប់ផ្ដើមបើកហាងរហូតដល់ពេលនេះ។

 

688378994 122207934140329552 3824864170122501678 N

 

ក្នុងនោះ Chef រស្មី បានរៀបរាប់ថា ពីដំបូងឡើយ អ្នកស្រីគ្រាន់តែជាស្ត្រីមេផ្ទះម្នាក់ មិនមែនជា អ្នករៀនខាងចំណេះជំនាញចុងភៅអ្វីទេ គ្រាន់តែនៅផ្ទះដាំបាយធ្វើម្ហូបឲ្យប៉ាម៉ាក់ប៉ុណ្ណោះ។ ប៉ុន្តែដោយការស្រលាញ់ ក្នុងការបើកហាងតូចតាចក្នុងស្រុកភូមិ ឲ្យតែចេះធ្វើម្ហូបឆ្ងាញ់ គឺអាចបើកលក់បានហើយ។

 

អ្នកស្រីបានបន្ថែមថា ការបើកអាហារដ្ឋាននេះ ដំបូងឡើយគឺមានដើមទុន តែ ៥០០០ដុល្លារ ប៉ុណ្ណោះ ដើម្បីជួលទីតាំងដី និងធ្វើកន្លែងអង្គុយសម្រាប់ភ្ញៀវ។ ហើយការបើកជាលើកដំបូងរបស់អ្នកស្រី គឺទទួលបានជោគជ័យតាំងពីថ្ងៃទីមួយ ដោយការលក់សំបុត្រម្នាក់ ២០០០រៀល ឲ្យដើរលើស្ពានថតរូបជាមួយទេសភាពវាលស្រែដ៏ស្រស់ស្អាត រហូតដល់ថ្ងៃទី៧ អាចទាក់ទាញភ្ញៀវមកគាំទ្ររហូតដល់ ៥០០០នាក់ក្នុងមួយថ្ងៃ។

 

ដដែលនេះ Chef រស្មី ក៏បានបន្ថែមជាមួយបទសម្ភាសន៍ទៀតថា ការទទួលបានជោគជ័យនេះ ត្បិតតែថាមានភ្ញៀវមកច្រើន និងរកចំណូលបានច្រើនក៏ពិតមែន ប៉ុន្តែរយៈពេល ២ឆ្នាំ ទើបអ្នកស្រីអាចរកចំណូលចូលហោប៉ៅបាន។ ដោយសារពីដំបូង លក់បានលុយមក ត្រូវយកទៅសងគេថ្លៃដើមទុន និងរកបានលុយចំណេញបន្តិចបន្តួចផ្សេងទៀត គឺយកទៅពង្រីក កែច្នៃហាងបន្ថែម និងទិញសម្ភារៈផ្សេងៗ។ ហើយពេលខ្លះក៏ត្រូវចួបផលលំបាកផងដែរ នៅពេលដល់ខែទឹកឡើង គឺលិចហាង ហើយត្រូវខាតចំណូលជាច្រើនខែ។

 

646849025 122164534622623356 6478880577403417854 N

 

សម្រាប់ការរកស៊ី ប្រសិនយើងមានសមត្ថភាព តែលុយដើមទុនតិច យើងអាចបើកតូច ហើយបើមានដើមទុនច្រើន យើងអាចបើកធំដូចគេបាន។ តែក្នុងនោះ មិនប្រាកដថា ការចាប់ផ្ដើមទាំងអស់សុទ្ធតែជោគជ័យ ព្រោះការចាប់ផ្ដើមប្រៀបដូចជាការសាកល្បង។ ដោយអ្នកស្រីបានពោលថា៖ «បើសិនជាយើងធ្វើអាជីវកម្ម កុំហក់លោតតាមគេ កុំលោភលន់ គ្មានអ្វីដែលបានមកដោយងាយស្រួល បើយើងមិនខំប្រឹង»។

 

គួរបញ្ជាក់ថា ប្រសិនបើប្រិយមិត្តដែលកំពុងមានដើមទុនសមល្មមចង់បើកអាជីវកម្ម គួរចាប់យកចំណុចខ្លះៗដែល Chef រស្មី បានចែករំលែក យកមកធ្វើគំរូតាមបាន។ ហើយបើសិនជាបងប្អូនចាប់អារម្មណ៍ និងចង់ទៅលំហែកាយ ក៏ដូចជាភ្លក្សអាហារបែបស្រុកស្រែដូចជា កាហ្វេមើលទេសភាពពណ៌បៃតង ប្រហុកអាំងជ្រុញ ក្ដាម ខ្យង និងអាហារជាច្រើនទៀត អាចទៅភ្លក្សនៅហាង វាលស្រែក្បែរស្ពានអ្នកលឿង បាន។ សម្រាប់ទីតាំងនិងព័ត៌មានលម្អិតអាចចូលទៅកាន់ហ្វេសប៊ុកផេក៖ វាលស្រែក្បែរស្ពានអ្នកលឿង ឬតាមរយៈលេខទូរស័ព្ទ 098 777 008៕

 

 

739995655 122175675260623356 9072037189612547447 N

409406978 873713964759101 604845810379318067 N

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia