កូនសុំដូរសាលាញឹកញាប់ពេកមែនទេ? ពិនិត្យមើល ៥ ចំណុចនេះសិន មុនសម្រេចចិត្តដូរសាលាឱ្យកូន!
Pen SodalenAUGUST 24 2026415 views

ការដែលដូរសាលារៀនឱ្យកូនញឹកញាប់ពេក មិនត្រឹមតែធ្វើឱ្យខាតបង់ពេលវេលា និងថវិការបស់អាណាព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចបង្កើតជាសម្ពាធផ្លូវចិត្ត និងបង្អាក់ទៅលើការអភិវឌ្ឍផ្នែកចំណេះដឹងរបស់កូនថែមទៀតផង។ អាណាព្យាបាលភាគច្រើនតែងតែគិតថា មកពីសាលាមិនល្អ ទើបសម្រេចចិត្តដូរ តែការពិតទៅ ឫសគល់នៃបញ្ហាអាចកើតចេញពីកត្តាទាំង ៥ នេះដែលយើងមើលរំលង៖



១. កូនត្រូវគេធ្វើបាប ឬចូលគេមិនចុះ

កូនត្រូវមិត្តភក្តិអុកឡុក ឌឺដង ឬគ្មានអ្នកណាលេងជាមួយ វាអាចធ្វើឱ្យពួកគេមានអារម្មណ៍ថាឯកោ ភ័យខ្លាច និងលែងចង់ទៅរៀនទៀត។ នៅពេលកូនសុំដូរសាលា ប៉ាម៉ាក់ត្រូវសួរនាំកូនដោយមានហេតុផល និង អាចទទួលបាន ព្រមទាំង​គ្មានការស្តីបន្ទោស  គួរតែស្វែងយល់ពីបរិយាកាសក្នុងថ្នាក់ និងប្រាប់គ្រូបន្ទុកថ្នាក់ឱ្យជួយមើលថែ ជាជាងការរត់គេចដោយការដូរសាលាកូនរហូត។

 

២. គ្រូ និងសាលា ខ្វះការយកចិត្តទុកដាក់ ឬមិនយល់ពីចរិតរបស់កូន

ក្មេងម្នាក់ៗមានចរិត និង មានផ្លូវចិត្តខុសៗគ្នា។ បើសាលា ឬគ្រូបង្រៀនប្រើវិធីស្តីបន្ទោសខ្លាំងៗ មិនសូវបានកត់សម្គាល់ពីការខិតខំ ឬខ្វះការយោគយល់លើកូន នោះវាធ្វើឱ្យកូនមានអារម្មណ៍ថា គ្រូមិនស្រឡាញ់ រហូតដល់ស្អប់សាលារៀនលែងចង់ទៅសាលាតែម្តង។ ប៉ាម៉ាក់ត្រូវជួបពិភាក្សាជាមួយគ្រូជាប្រចាំ ដើម្បីឱ្យគ្រូបានយល់ពីចរិតកូន និងផ្លាស់ប្តូរវិធីសាស្ត្រលើកទឹកចិត្តកូនឡើងវិញ។

 

៣. មេរៀនពិបាកពេក ឬស្រួលពេក

ប្រសិនបើកម្មវិធីសិក្សាធ្ងន់ពេក កូននឹងប្រៀបធៀបខ្លួនឯងជាមួយមិត្តភក្តិរហូតបាក់ទឹកចិត្ត។ ប៉ុន្តែបើស្រួលពេក កូននឹងគ្មានកម្លាំងចិត្តប្រកួតប្រជែង ហើយក្លាយជាក្មេងដែលខ្ជិលច្រអូស។ ប៉ាម៉ាក់ត្រូវជួយសម្រួលការសិក្សានៅផ្ទះ ឬសុំឱ្យគ្រូជួយតម្រង់ទិសបន្ថែម ដើម្បីជំនួសឱ្យការប្រញាប់ប្រញាល់ក្នុងការដូរសាលាអោយកូននៅពេលមិនមើលឃើញភាពរីកចម្រើនរបស់កូនយ៉ាងណា។

 

៤. មានបញ្ហាអន់ចិត្ត តែមិនព្រមប្រាប់សាលា

ឱ្យតែមានរឿងមិនពេញចិត្តបន្តិចបន្តួចជាមួយគ្រូ ឬសាលា ប៉ាម៉ាក់ច្រើនតែសម្រេចចិត្តដូរសាលាភ្លាមៗតែម្តង ដោយមិនបានអង្គុយជជែកគ្នារកដំណោះស្រាយទាល់តែសោះ។ ការពិតទៅ ការប្រាប់សាលាត្រង់ៗ និងសហការគ្នាដោះស្រាយ វាអាចជួយអោយកូនរៀនបានលឿន និងមានប្រសិទ្ធភាពជាងមុន។

 

៥. មិនទុកពេលឱ្យកូនសម្របខ្លួន

ក្មេងម្នាក់ៗត្រូវការពេលយ៉ាងតិច ៣ ទៅ ៦ ខែ ដើម្បីទម្លាប់នឹងបរិយាកាស និងមិត្តភក្តិថ្មីៗ។ ប្រសិនបើឃើញកូនរអ៊ូពីបញ្ហាញឹកញាប់ពេក   ហើយប៉ាម៉ាក់ដូរសាលាអោយកូនភ្លាមៗ នោះកូននឹងក្លាយជាមនុស្សឆាប់ចុះចាញ់ និងខ្វះភាពតស៊ូពេលជួបឧបសគ្គមិនខាន។

 

សរុបមក ការដូរសាលាញឹកញាប់ពេក ធ្វើឱ្យកូនបាត់បង់មិត្តភក្តិ រៀនភ្លេចមុខ ភ្លេចក្រោយ និងភ័យខ្លាចនិង ការចាប់ផ្តើមថ្មី។ ដូច្នេះមុននឹងសម្រេចចិត្តដូរសាលា ប៉ាម៉ាក់គួរចំណាយពេលជជែកជាមួយកូន និងធ្វើការទាក់ទងជាមួយសាលារៀនជាមុនសិន ដើម្បីដោះស្រាយឱ្យចំគោលដៅនៃបញ្ហា មុននឹងសម្រេចចិត្តប្តូរសាលាអោយកូន។

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia