បើនិយាយពីរឿងលុយកាក់មនុស្សមួយចំនួនតែងតែនិយាយថាចំណូលតិចមានតម្រូវការច្រើនដូច្នេះហើយពួកគាត់ពិបាកចាត់ចែងឲ្យសល់លុយប៉ុន្ដែមានមនុស្សមួយចំនួនរកចំណូលបានច្រើន ប្រាក់ខែច្រើនប៉ុន្ដែនៅតែចាយមិនគ្រាន់ហើយគ្មានសល់លុយជាដុំកំភួន។
បើអ្នកកំពុងជួបបញ្ហារកចំណូលបានច្រើនប៉ុន្ដែចាយមិនគ្រាន់ហើយមិនដែលសល់លុយសូមប្រញាប់កែទម្លាប់ដូចខាងក្រោមនេះភ្លាមនោះអ្នកនឹងឃើញលុយសល់ហើយ។
១. មិនតាមដានចំណាយ
មនុស្សមិនតិចទេដែលតែងតែងសួរខ្លួនឯងថា”តើលុយខ្ញុំទៅណាខ្លះ? អ្នកដែលសួរខ្លួនឯងបែបនេះភាគច្រើនគឺសុទ្ធតែជាអ្នកដែលមិនបានតាមដានចំណូលចំណាយប្រចាំថ្ងៃនិងប្រចាំខែរបស់ខ្លួនពោលគឺរកលុយបានគិតតែពីចាយមិនខ្វល់ខ្វាយរឿងតាមដានការចំណាយនិងចាត់ចែងលុយឡើយ។
ការមិនតាមដានចំណាយគឺជាកត្តាធំធ្វើឲ្យអ្នកចាយលុយអស់ច្រើនទាំងមិនដឹងខ្លួន ចាយលុយលើសមាឌ លើសលទ្ធភាពរហូតជួបបញ្ហាលុយកាក់ដូចជាបញ្ហាបំណុលជាដើម។ សាកគិតទៅមើល រាល់ថ្ងៃអ្នកចំណាយលើរបស់កំប៉ិកកំប៉ុក ហើយគិតថាជាការចំណាយតិចតួច។ យ៉ាងណាមិញការចាយលើរបស់កំប៉ុកកំប៉ុកនេះបើយក១ថ្ងៃទៅគុណនឹង៣០ថ្ងៃទើបឃើញថាអស់ច្រើនប៉ុនណា។ ឧទាហរណ៍បើអ្នកចាយលើភេសជ្ជៈឬចំណីចំណុកផ្សេងៗមួយថ្ងៃអស់២ដុល្លារនោះមួយខែអ្នកចាយអស់៦០ដុល្លារហើយមួយឆ្នាំចាយអស់៧២០ដុល្លារ។
ដូច្នេះបើចង់សល់លុយហើយចាយគ្រប់គ្រាន់អ្នកគួរធ្វើការកត់ត្រាចំណាយប្រចាំថ្ងៃ នោះអ្នកនឹងដឹងថាមួយថ្ងៃៗអ្នកចំណាយលើអ្វីខ្លះ។ ពេលអ្នកតាមដានចំណាយអ្នករកឃើញចំណាយមិនបាច់ហើយអ្នកអាចកាត់បន្ថយចំណាយមិនចាំបាច់ដែលធ្វើឲ្យអ្នកសល់លុយជាមិនខាន។
២. មិនធ្វើផែនការចំណាយប្រចាំខែ
ការមិនបានធ្វើផែនការចំណាយប្រចាំខែនិងមិនកំណត់ខ្ទង់ចំណាយប្រចាំខែងាយនឹងធ្វើឲ្យអ្នកចាយលុយអស់ច្រើនពោលគឺរកបានប៉ុនណាចាយប៉ុណ្ណឹងគ្មានសល់លុយឡើយ។ ពេលអ្នកធ្វើផែនការចំណាយអ្នកនឹងដឹងច្បាស់ថាការរស់នៅរបស់អ្នកចំណាយចាំបាច់អស់ប៉ុន្មានក្នុងមួយខែ។ ឧទាហរណ៍អ្នកមានប្រាក់ខែ៧០០ដុល្លារហើយចាយមិនសល់លុយ។ ប៉ុន្ដែបន្ទាប់ពីបានធ្វើផែនការចំណាយប្រចាំខែឃើញថាក្នុងការរស់នៅរបស់អ្នកជាមធ្យមក្នុងមួយចំណាយអស់តែ៥០០ដុល្លារប៉ុណ្ណោះ។
៣. បែងចែកមិនដាច់រវាងភាពចាំបាច់និងការចង់បាន
ក្នុងការរស់នៅមនុស្សភាគច្រើនចែកមិនដាច់រវាងតម្រូវការចាំបាច់និងការចង់ ហើយពួកគាត់ចាយលុយច្រើនជ្រុលលើការចង់បានឬចំណង់ដែលធ្វើឲ្យពួកគាត់រកលុយបានច្រើនតែមិនសល់លុយសោះ។ តម្រូវការចំាបាច់ គឺជាការចំណាយដែលយើងអត់មិនបានពោលគឺបើអត់ច្បាស់ជាវេទនា ដូចជា អាហារហូបចុក ការស្នាក់នៅ ទឹកភ្លើង ការធ្វើដំណើរនិងសម្លៀកបំពាក់ជាដើម។
ចំណែកការចង់បានគឺសំដៅដល់របស់ទាំងឡាយដែលយើងអត់ក៏មិនជាបញ្ហាដែរ មានដូចជាការដើរលេង កម្សាន្ត ការដើរទិញរបស់ឬឥវ៉ាន់តាមចំណង់ជាដើម។ យ៉ាងណាមិញមនុស្សមួយចំនួនបែងចែកមិនដាច់រវាងតម្រូវការចាំបាច់នឹងការចង់ ហើយចាយច្រើនលើកាចង់ដែលធ្វើឲ្យពួកគាត់មិនសល់លុយ។ ដូច្នេះបើចង់សល់លុយអ្នកគួរកាត់បន្ថយចំណាយលើការចង់បានហើយផ្ដោតតែលើចំណាយលើតម្រូវការចាំបាច់។
ឧទាហរណ៍ចុងសប្ដាហ៍អ្នកចូលហាងញ៉ាំអាហារពេលល្ងាចអស់១០ដុល្លារ។ ការចំណាយញ៉ាំអាហារពេលល្ងាចនៅហាងនេះមិនមែនជាភាពចាំបាច់ទេ តែវាគ្រាន់តែជាចំណង់របស់អ្នកដែលចង់ចូលហាងថ្លៃប្រេនៗតែប៉ុណ្ណោះ។
ឧទាហរណ៍មួយទៀតអ្នកមានប្រាក់ខែ៥០០ដុល្លារ ហើយទូរស័ព្ទអ្នកខូចក៏សម្រេចទិញទូរស័ព្ទiPhone 15 Pro Max តម្លៃ១,២០០ដុល្លារបង់រំលស់។ ការចំណាយទិញទូរស័ព្ទនេះមិនមែនជាភាពចាំបាច់ទេតែជាការចង់បានរបស់អ្នកដោយចង់បានទូរស័ព្ទទំនើបឡូយក៏ចាយលុយលើសលទ្ធភាពដោយទិញតាមរយៈបង់រំលស់។
សរុបមកបើអ្នករកចំណូលបានគួរសមតែចាយមិនគ្រាន់ហើយមិនដែលសល់លុយសោះសូមធ្វើការផ្លាស់ប្ដូរទម្លាប់ដែលបានរៀបរាប់ខាងលើចេញ ដោយចាប់ផ្ដើមតាមដានចំណាយប្រចាំខែ ធ្វើផែនការចំណាយប្រចាំខែហើយបែងចែងឲ្យដាច់រវាងតម្រូវការចាំបាច់និងការចង់បាន បើធ្វើតាមចំណុចទាំងប៉ុន្មាននេះបានចង់មិនចង់អ្នកនឹងសល់លុយហើយ៕


