អ្នកណាៗក៏ស្អប់ការដាច់លុយ ប៉ុន្តែមនុស្សភាគច្រើនបែរជាចូលចិត្តធ្វើរឿងមួយចំនួនដែលនាំឱ្យខ្លួនឯងធ្លាក់ចូលទៅក្នុងស្ថានភាពដុនដាបមួយនេះទៅវិញ។ ថ្ងៃនេះដែរ Business Cambodia សូមលើកយកនូវកំហុសលុយទាំង៥យ៉ាងដែលមនុស្សចូលចិត្តធ្វើជាប្រចាំ នាំឱ្យដាច់លុយរាល់ខែ។
១. ដឹងថាការសន្សំល្អតែមិនខ្ចីសន្សំ៖ ចូលចិត្តនិយាយថាសន្សំមិនសល់ ពិបាកសន្សំណាស់ព្រោះមានតម្រូវការចំណាយច្រើនខ្លាំង ប្រាក់ខែបើកបានតិចចាយតិច បើបានច្រើនក៏ចាយមិនដែលសល់។
២. ដឹងថាមានផែនការចំណាយល្អតែមិនខ្ចីធ្វើ៖ ទទួលស្គាល់ថាដើម្បីសល់លុយ ត្រូវចាយទៅតាមផែនការ ប៉ុន្តែមិនដែលធ្វើទេរកលុយបានមកចេះតែចាយតាមចិត្តនឹកឃើញ ជួនកាលអស់លុយដោយមិនដឹងខ្លួនថាបានចាយលើរឿងអ្វីខ្លះ។
៣. ដឹងថាការខ្ជះខ្ជាយមិនល្អតែចាយមិនខ្ចីគិត៖ ចូលចិត្តចំណាយលុយតាមតែអារម្មណ៍ ចង់បានអ្វីក៏ទិញហ្នឹងមិនខ្វល់ទេថាវាជាតម្រូវការចាំបាច់សម្រាប់ជីវិតឬអត់ សំខាន់ឃើញទាក់ភ្នែកក៏ទិញទៅ សុខចិត្តទិញយកមកទុកចោល ប្រសើរជាងមិនបានទិញ។
៤. ដឹងថាមិនគួរលង់នឹងសម្ភារតែហ៊ានខ្ចីបុលគេប្ដូរសេរីទូរស័ព្ទ (របស់ទំនើប)៖ រស់នៅដើម្បីតែផ្គាប់ភ្នែកសង្គម គ្មានលុយតែកំណត់ស្ដងដាឱ្យជីវិតខ្លួនឯងខ្ពស់ហួសសមត្ថភាព។ សុខចិត្តខ្ចីលុយអ្នកដទៃក៏បាន ជំពាក់គេជុំទិសក៏បាន សំខាន់ឱ្យតែអ្នកខាងក្រៅសរសើរថាឡូយ ព្រោះមានរបស់ថ្លៃៗប្រើប្រាស់ពេញដៃ។
៥. ស្រមៃចង់បានចំណូលច្រើនតែបែរជាយកពេលទំនេរតាមដានរឿងភាគ៖ គ្មានពេលធ្វើការថែមម៉ោង ឬបង្កើតមុខរបរលក់ដូរបង្កើនចំណូល ប៉ុន្តែមានពេលអង្គុយមើលរឿងភាគ ចប់មូយរឿងចូលមួយរឿង ចំណាយពេលរាប់ម៉ោងក្នុងមួយថ្ងៃ។
រឿងទាំង៥ខាងលើនេះ ត្រូវបានមនុស្សមួយចំនួនធ្វើវារហូតក្លាយទៅជាទម្លាប់ទៅហើយ គឺទម្លាប់មិនចេះសន្សំ ឬទម្លាប់រអ៊ូថាសន្សំមិនដែលសល់ជាដើម។ ទម្លាប់ទាំងអស់នេះគេហៅថាទម្លាប់បណ្ដែតបណ្ដោយ គឺបណ្ដោយតាមតែចិត្តខ្លួនឯង មិនបានពិនិត្យឱ្យហ្មត់ចង់ទេថា តើគួរផ្លាស់ប្ដូរទម្លាប់នេះចេញឬទេ។ ជាក់ស្ដែងគ្មានអ្វីដែលបានមកស្រួលៗឡើយ ហេតុនេះបើចង់ឱ្យចេញផុតពីជីវិតដាច់លុយ អ្នកគួរតែពិនិត្យឡើងវិញថា តើ៥ចំណុចខាងលើមានដូចអ្នកប៉ុន្មានដែរ?
បើមិនមានទេសូមចូលរួមអបអរផង ប្រសិនបើមានសូមឆាប់កែប្រែវាចេញភ្លាមទៅ ឈប់បណ្ដោយឱ្យខ្លួនឯងរស់នៅដោយគ្មានផែនការចំណាយ។ ឈប់អាលែកហ្ស៊ីជាមួយលុយទៅណា មិនបាច់ខំចាយពេកទេ ទុកសន្សំខ្លះក៏លុយវាមិនចេះស្រែកយំថាអផ្សុកដែរ។ ឈប់ខ្ចីគេទិញរបស់ទំនើបទៅណា ចាំមានលុយខ្លួនឯងច្រើនចាំទិញក៏មិនយឺតពេលដែរ បើជ្រុលជាបង្កើតបំណុលគួរតែយកវាទៅបង្កើនលុយ កុំយកទៅទិញរបស់ដែលបន្ថែមបំណុលមកអីវានាំតែពិបាកខ្លួនទេ៕


