កែទម្លាប់អាចកែជីវិត! ក្បួនចាយលុយដែលអាចផ្លាស់ប្ដូរទម្លាប់ចាយលុយអ្នកបាន១៨០ដឺក្រេ
Toeuy HongJULY 14 2024596 views

របៀបនៃការចំណាយគឺជាធាតុផ្សំដ៏សំខាន់ក្នុងផ្នែកហិរញ្ញវត្ថុ ហើយវាក៏ជាកត្តាដែលកំណត់បង្ហាញពីជោគវាសនាដែលអ្នកនឹងមាននៅថ្ងៃអនាគតផងដែរ។ ប្រសិនបើការចំណាយរបស់អ្នកមិនបានត្រឹមត្រូវ ឬគ្មានសណ្តាប់ធ្នាប់ទេនោះអ្នកប្រាកដជាជួបវិបត្តិហិរញ្ញវត្ថុ និងមិនអាចទទួលបានភាពមានបានឡើយ។ ប៉ុន្តែប្រសិនបើអ្នកយល់ដឹងពីវិធីសាស្ត្រក្នុងការចាយវាយប្រកបដោយប្រសិទ្ធភាព និងភាពត្រឹមត្រូវនោះវានឹងធ្វើឲ្យស្ថានភាពហិរញ្ញវត្ថុរបស់អ្នកមានភាពល្អប្រសើរ។ ដូច្នេះតើវិធីសាស្ត្រក្នុងការចំណាយដែលត្រឹមត្រូវមានអ្វីខ្លះ?

ជុំវិញបញ្ហានេះ Business Cambodia សូមលើកបង្ហាញវិធីសាស្ត្រក្នុងការចំណាយ៦ចំណុច ដែលអាចផ្លាស់ប្តូរស្ថានភាពហិរញ្ញវត្ថុរបស់អ្នក១៨០ដឹក្រេដែលរួមមានដូចខាងក្រោម៖

១. កត់ត្រាចំណូលចំណាយ

មុនពេលដែលអ្នករកឃើញថាតើធ្វើយ៉ាងម៉េចទើបចំណាយលុយឲ្យបានត្រឹមត្រូវនោះ ដំបូងឡើយអ្នកត្រូវតែដឹងថាលុយរបស់អ្នកបានចំណាយទៅលើអ្វីខ្លះ។ បន្ទាប់មកអ្នកត្រូវសរសេរចុះនូវចំណូល និងការចំណាយ រួចធ្វើផែនការចំណូលនិងការចំណាយទាំងអស់របស់អ្នក។ នៅពេលដែលអ្នកដឹងថាលុយរបស់អ្នកទៅទីណាហើយនោះ អ្នកអាចចាប់ផ្តើមរកមើលឱកាសដែលអាចធ្វើឲ្យអ្នកចំណាយលុយបានកាន់តែប្រសើរជាមុន។

២. គិតអំពីអត្ថប្រយោជន៍រយៈពេលវែង

ការទិញជាច្រើនគឺកើតឡើងតាមរយៈចំណង់ចង់ទិញ និងការសម្រេចចិត្តភ្លាមៗ។ នៅពេលដែលអ្នកទិញសូកូឡាតម្លៃមួយដុល្លារនៅឯផ្សារទំនើបវាមិនមែនជាបញ្ហានោះទេ តែនៅពេលដែលអ្នកទិញវាច្រើនវានឹងក្លាយទៅជាបញ្ហា។ ដូច្នេះមុនពេលដែលអ្នកទិញអ្វីមួយអ្នកត្រូវគិតអំពីវាជាមុនសិន ថាតើវាមានឥទ្ធិពលយ៉ាងណាទៅដល់អនាគតអ្នក តើវាអាចនៅឬប្រើប្រាស់បានរយៈពេលប៉ុន្មាន តើវាអាចនាំឲ្យអ្នកធ្លាក់ចូលក្នុងបំណុលដែលឬទេ តើគុណតម្លៃដែលវាបានផ្តល់ឲ្យអ្នកនៅពេលដែលអ្នកទិញវាលើសពីថ្លៃដែលយើងបានចំណាយដែរឬទេ។ សំណួរទាំងនេះអ្នកអាចប្រើប្រាស់ដើម្បីកំណត់ថាវាមានតម្លៃនៅក្នុងការទិញដែរឬអត់។

៣​. ឈប់ចំណាយលុយដើម្បីបង្ហាញអ្នកដ៏ទៃ

មនុស្សធម្មតាបានចំណាយលុយជាច្រើនក្នុងការព្យាយាមថែរក្សាកិត្តិយស និងមុខមាត់របស់ខ្លួន។ ពួកគេបានយកលុយជាច្រើនទៅទិញឡានទំនើប សម្ភារប្រែន ហើយលុយភាគច្រើនដែលខ្លួនបានចំណាយនោះគឺចង់បង្ហាញទៅកាន់អ្នកដ៏ទៃចៀសជាងទិញអ្វីមួយដែលយើងពិតជាត្រូវការហើយយើងពិតជារីករាយនៅក្នុងការមានវា។ ដូចអ្វីដែលអ្នកគួរធ្វើនោះគឺទិញអ្វីដែលអ្នករីករាយ ហើយកុំឲ្យធ្លាក់ខ្លួននៅក្នុងអារម្មណ៍ដែលទិញរបស់របរចំណាយលុយដើម្បីគ្រាន់តែចង់បង្ហាញអ្នកដទៃ។

៤. គិតពីទម្លាប់ណាមួយដែលលួចលុយរបស់អ្នក

បន្ទាប់ពីអ្នកចាប់ផ្តើមកត់ត្រាហិរញ្ញវត្ថុរបស់អ្នក អ្នកអាចចាប់ផ្តើមមើលឃើញថាតើទម្លាប់ណាមួយដែលធ្វើឲ្យអ្នកអស់លុយ។ ទម្លាប់ទាំងនោះអាចដូចជាការដើរកម្សាន្តដែលត្រូវចំណាយលុយច្រើន ការចេញទៅហូបអាហារខាងក្រៅច្រើនពេក ចំណាយលុយច្រើនពេកទៅលើសម្លៀកបំពាក់ ឬអ្វីផ្សេងទៀតដែលធ្វើឲ្យអ្នកអស់លុយ។ នៅពេលដែលអ្នករកឃើញថាទម្លាប់ណាមួយដែលបានលួចលុយមួយចំណែកយ៉ាងធំនៃប្រាក់ចំណូលរបស់អ្នក។ អ្នកអាចវាយតម្លៃថាតើទម្លាប់ទាំងនេះវាពិតជាមានសារៈសំខាន់ចាំបាច់ដែរឬទេ។ ប្រសិនបើវាមិនមានភាពចាំបាច់ទេអ្នកអាចបញ្ឈប់វា​ ដើម្បីឲ្យអ្នកអាចមានលទ្ធភាពក្នុងការសល់លុយបន្ថែមទៀត។

៥. សន្សំ និង ទិញរបស់

រៀនឲ្យតម្លៃទៅលើការសន្សំចៀសជាងទិញផលិតផល។ មនុស្សខ្លះគឺមានភាពពូកែខាងសន្សំលុយទីធម្មជាតិមក ហើយពួកគេបង្កើតភាពរីករាយតាមរយៈការបង្កើននូវទ្រព្យសម្បត្តិរបស់ពួកគេ។ សម្រាប់អ្នកផ្សេងទៀត លុយគឺជាអ្វីមួយដែលត្រូវចំណាយនៅពេលដែលវាបានមកដល់ដៃរបស់ពួកគេ។ ប្រសិនបើអ្នករកឃើញថាខ្លួនរបស់អ្នកនៅក្នុងចំណោមមនុស្សជំពូកទីពីរ ត្រូវព្យាយាមផ្លាស់ប្តូរផ្នត់គំនិតទៅជាមនុស្សដែលឲ្យតម្លៃទៅលើការសន្សំវិញចៀសជាងឲ្យតម្លៃទៅលើផលិតផល។

៦. ចាប់ផ្តើមវិនិយោគពីដំបូងទៅ

ការចំណាយលុយប្រកបទៅដោយភាពឆ្លាតវ័យ មិនត្រឹមតែជាការចៀសវាងទិញរបស់ដែលមិនចាំបាច់នោះទេ វាតម្រូវឲ្យអ្នកយកលុយដែលបានពីការសន្សំនោះទៅចំណាយលើអ្វីដែលជួយឲ្យអ្នកសម្រេចគោលដៅហិរញ្ញវត្ថុរបស់អ្នក។ ជាមួយនឹងផ្នត់គំនិតបែបនេះ អ្នកនឹងមិនគិតថាវាឆាប់ពេកនៅក្នុងការវិនិយោគ ឬក៏លុយរបស់អ្នកតិចពេកនៅក្នុងការវិនិយោគនោះទេ។ 

មិនថាអ្នកចាស់ឬក៏ក្មេង លុយតិចឬក៏ច្រើន អ្នកត្រូវរៀនវិនិយោគទៅលើអ្វីមួយដែលអ្នកគិតថាវានឹងផ្តល់ប្រយោជន៍មកដល់អ្នកនៅក្នុងរយៈពេលវែង។ ការវិនិយោគទៅលើអ្វីដែលផ្តល់ប្រយោជន៍មកឲ្យអ្នករយៈពេលវែងគឺជាអ្វីដែលមានតម្លៃបំផុត។ ប្រសិនបើអ្នកមិនមានលុយច្រើនក្នុងការវិនិយោគ ឬក៏មិនមានលុយទាល់តែសោះ អ្នកគួរតែវិនិយោគទៅលើជំនាញអ្វីមួយដែលអាចឲ្យអ្នករកចំណូលបានច្រើនជាងមុនគឺជាអ្វីដែលអ្នកត្រូវធ្វើប្រសិនបើអ្នកកំពុងស្ថិតក្នុងដំណាក់កាលនេះ៕

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2025 Baksey Media. All Rights Reserved.
Developed by: Technology Cambodia