លោក កែវ សុភក្តិ បង្ហើបក្បួនធ្វើការទាំង៤ អាចប្រែខ្លួនពីបុគ្គលិក ក្លាយជាថៅកែ ក្នុងរយៈពេលខ្លី
Ping Chou EngJULY 28 2023300 views

ពីអតីតគ្រូបង្រៀនភាសាអង់គ្លេស លោក កែវ សុភក្តិ អាចប្រែខ្លួនពីបុគ្គលិកមកធ្វើជាថៅកែ ដែលអាចបង្កើតមជ្ឈមណ្ឌលភាសាមួយ ឱ្យរីកចម្រើនបានលឿនរហ័ស ដោយទាញសិស្សឱ្យមកសិក្សាបានជាង៣០០០នាក់ ត្រឹមរយៈពេល៦ខែ។

 

ថ្លែងប្រាប់អំពីបទពិសោធន៍ផ្ទាល់ខ្លួន ដើរលើវិស័យអប់រំអស់រយៈពេលជិត១៥ឆ្នាំ អគ្គនាយកវ័យ៤៣ឆ្នាំរូបនេះបានឱ្យដឹង​​ បុគ្គលិកម្នាក់អាចក្លាយខ្លួនជាទ្រព្យរបស់ក្រុមហ៊ុនឬជាថៅកែខ្លួនឯង គឺត្រូវប្រកាន់ខ្ជាប់នូវច្បាប់មាសទាំង៤នេះ ដែលមនុស្សគ្រប់រូ​បសុទ្ធតែអាចធ្វើបាន ឱ្យតែដាក់ចិត្តដាក់កាយ ចាយទាំងជីវិតដើម្បីគោលដៅ។

 

១. ធ្វើការឱ្យដូចជារបស់ខ្លួនឯង

 

អ្នកដឹកនាំរូបនេះ​បានឱ្យដឹងថាការងារគឹមានដំណាក់កាល២ គឺទី១តំណែងបុគ្គលិកធម្មតា និងទី២តំណែងអ្នកគ្រប់គ្រង ដូច្នេះទំនួលខុសត្រូវ និងបន្ទុកការងារគឺមានលក្ខណៈផ្សេងគ្នា អត្តចរិតនិងការលះបង់ការមានកម្រិតខុសគ្នាផងដែរ។

 

បច្ចុប្បន្ននេះក្នុងនាមជាបុគ្គលម្នាក់មានបុគ្គលិកច្រើននាក់ដែលនៅក្រោមដំបូលជាមួយ លោកបានបន្តឱ្យដឹងថា "ជាមធ្យមបើបុគ្គលិកម្នាក់គាត់ចាយពេល៨ម៉ោង ក្នុង១ថ្ងៃនៅកន្លែងការងារ កម្រិតនៃការផ្តោតគឺអាចមានចន្លោះពី៦-៧ម៉ោង ហើយបុគ្គលិកដែលមានតំណែងជាអ្នកគ្រប់គ្រងចាយពេលប្រមាណជា៩-១០ក្នុង១ថ្ងៃ និងអាចផ្តោតបានចន្លោះពី៨-៩ម៉ោង ជួនកាលអាចធ្លាយដល់ពេលសៅរ៏អាទិត្យទៀត"។

 

ដោយឡែក​បើធ្វើថៅកែខ្លួនឯងតែម្តងគឺធ្វើការគ្មានពេលគ្មានវេលាទេ ពោលគឺមួយថ្ងៃពី១២ ទៅ១៤ម៉ោងក៏មានដែរ ហើយក៏គ្មានពេលវេលាសៅរ៍អាទិត្យតែម្តង។

 

ទន្ទឹមគ្នានេះដែរហេតុផលដែលធ្វើឱ្យបុគ្គលិកម្នាក់ៗមានលទ្ធផល មានតំណែង មានសមត្ថភាព គឺវាដើរទៅតាមកម្រិតដែលគាត់ផ្តោត និងការលះបង់ពេលវេលារបស់គាត់ចំពោះកិច្ចការដែលគាត់កំពុងធ្វើ។

 

២. កុំឈប់រៀនសូត្រ

 

ការរៀនមាន៣ផ្លូវពេលយើងនៅក្នុងសាលាគឺការអាន ការស្តាប់ និងការមើល។ ប៉ុន្តែពេលយើងចេញប្រឡូកក្នុងសង្គមជាក់ស្តែងគឺ យើងរៀនអំពីការធ្វើជាក់ស្តែង ខុសខ្លះត្រូវខ្លះ គឺត្រូវតែរៀនធ្វើទើបយើងរីកចម្រើន ដូច្នេះពេលនៅជាបុគ្គលិកគេ បើអនាគតចង់ធ្វើថៅកែខ្លួនឯងក្រៅពីប្រឹងធ្វើការ គួប្បីដាក់ខ្លួនរៀនសូត្រជានិច្ច។​

 

ឧទាហរណ៍ជាក់ស្តែងនៅពេលដែលយើងកាន់តួនាទីណាមួយ យើងត្រូវរៀនសំលៀងជំនាញមួយនោះឱ្យមុតស្រួច និងត្រូវចេះសម្លឹងមើលថាតើផ្នែកផ្សេងៗដែលក្រុមហ៊ុនមួយកំពុងធ្វើការគេធ្វើយ៉ាងម៉េចខ្លះ គេត្រូវការអភិវឌ្ឍន៍ជំនាញអ្វីខ្លះ ពោលគឺរៀនពង្រីកចំណេះ សម្រួចជំនាញ ពង្រឹងសមត្ថភាព។

 

៣. បណ្តុះនិស្ស័យ​

 

ភាពខាងក្នុងរបស់មនុស្សម្នាក់ៗគឺសំខាន់ ដែលអត្តចរិតគឺពិតជាអាចបញ្ជាក់ពីភាពជាអ្នកដឹកនាំរបស់មនុស្សម្នាក់ហើយឬនៅ ពោលគឺជាមនុស្សដែលអាចដឹកនាំគេបាន ចេះឱ្យផងនិងចេះទទួលយកផង។

 

ដូច្នេះហើយការបណ្តុះនិស្ស័យនិងអត្តចរិតខ្លួនយើង ឱ្យមានភាពអត់ធ្មត់ខ្ពស់ យោគយល់ សហការ ចេះដោះស្រាយបញ្ហា មានផ្នត់គំនិតរឹងមាំ វិជ្ជមាននិងមានទំនួលខុសត្រូវខ្ពស់ ទើបយើងអាចក្លាយជាថៅកែល្អ មេដឹកនាំល្អម្នាក់បាន នាពេលអនាគតដែលយើងចេញទៅរកស៊ីខ្លួនឯង។

 

៤. ជំនាញមេ

 

“ Master Skill” គឺជាជំនាញដែលយើងអាចចេះច្បាស់ជាងគេ ពូកែជាងគេ និងជាចំណុចខ្លាំងរបស់យើងតែម្តង​ជាពិសេសភាពជាអ្នកដឹកនាំក្រុមការងារ និងរបៀបគ្រប់គ្រងមនុស្ស ពោលគឺចេះមើលមនុស្ស ជ្រើសនិងដាក់មនុស្សឱ្យត្រូវតំណែង មានគោលដៅសម្លឹងបានវែងឆ្ងាយ ចេះប្រមូលទិន្នន័យមុនសម្រេចចិត្ត ពូកែត្រួតពិនិត្យនិងកែលម្អការងារជាដើម។

 

មានពាក្យមួយគេនិយាយថាការគ្រប់គ្រងគឺត្រូវតែធ្វើរឿងឱ្យត្រឹមត្រូវ តែភាពជាអ្នកដឹកនាំគឺធ្វើរឿងដែលត្រឹមត្រូវ ដូច្នេះការច្របាច់បញ្ចូលគ្នារវាងរឿង២នេះបាន ចេះកាចចេះស្លូត គឺយើងនឹងក្លាយជាថៅកែដែលខ្លាំង មានបុគ្គលិកគោរពស្រឡាញ់ច្រើន ក្រុមហ៊ុនរីកចម្រើនទៅមុខជាលំដាប់។

 

ដូច្នេះបើក្នុងនាមជាបុគ្គលិកមា្នក់ដែលមានគោលដៅអនាគតចង់វិវត្តន៍ខ្លួនក្លាយជាថៅកែដោយខ្លួនឯង​ អាចដឹកនាំអ្នកដទៃ គឺត្រូវដាក់ចិត្តធ្វើការងារដែលខ្លួនស្រឡាញ់ ឱ្យអស់ពីពោះ ធ្វើឱ្យដូចជាអាជីវកម្មរបស់ខ្លួនឯង កុំកំណត់តួនាទីឱ្យខ្លួនឯងថាត្រឹមជាបុគ្គលិកធម្មតា​ម្នាក់​ រៀនជំនាញសហគ្រិនភាព បណ្តុះឧបនិស្ស័យជាមេដឹកនាំឆ្នើម និងមានជំនាញច្បាស់លាស់មួយដែលជាចំណុចខ្លាំងរបស់ខ្លួនឯង ចង់មិនចង់ឱ្យតែអ្នកមានផែនការ​ មានគោលដៅចេញធ្វើថៅកែ អ្នកនឹងក្លាយជាថ្នាក់ដឹកនាំឆ្នើមមួយរូបជាមិនខាន។

 

សូមជម្រាបផងដែរថា លោក កែវ​ សុភក្តិ គឺជាអគ្គនាយកនៃ​មជ្ឈមណ្ឌលអប់រំ ស្រ្ពីង (Spring Education Center) ដែលជាសាលាភាសា និងជំនាញដែលបណ្តុះបណ្តាលភាសាចិនទូទៅ ភាសាអង់គ្លេសទូទៅ ភាសាអង់គ្លេសសម្រាប់ពាណិជ្ជកម្ម និងជំនាញផ្សេងៗ ។

 

ខណៈបច្ចុប្បន្ននេះមានសិស្សប្រមាណជាង៣០០០នាក់កំពុងតែសិក្សា និងបុគ្គលិក រួមទាំងលោកគ្រូអ្នកគ្រូជាង៦០នាក់ ដែលមានវេនសិក្សាដ៏សម្បូរបែប ទាំងថ្នាក់ពេញម៉ោង ក្រៅម៉ោង និងថ្នាក់ចុងសប្តាហ៍ ដែលផ្តល់ជាពិសេសសម្រាប់សិស្សវិទ្យាល័យ និស្សិតមហាវិទ្យាល័យ បុគ្គលិកក្រុមហ៊ុន ក៏ដូចជាអ្នកជំនួញដែលចង់បំប៉នចំណេះដឹងបន្ថែមផងដែរ៕

 

សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ  087 383 833 ឬ Facebook Page Spring Education Center  ដើម្បីស្វែងរកព័ត៌មានអំពីការសិក្សា អាហារូបករណ៍ និងឱកាសជានិស្សិតហាត់ការផងដែរ៕

 

អត្ថបទដោយ៖ ពីង ជូអេង

 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia