ក្នុងការរកស៊ី ការប្រើប្រាស់ដើមទុននិងសាច់ប្រាក់នៅក្នុងអាជីវកម្មពិតជាសំខាន់ណាស់ព្រោះបើអ្នកចេះប្រើបានត្រឹមត្រូវនិងមានប្រសិទ្ធភាពនឹងធ្វើឲ្យអាជីវកម្មរបស់អ្នកកាន់រតែរីកចម្រើនធំធាត់ តែបើអ្នកមិនចេះប្រើប្រើប្រាស់លុយទេនោះ អាជីវកម្មអ្នកនឹងកាន់តែដុនដាបហើយអ្នកនឹងធ្លាក់ក្នុងបញ្ហាបំណុលធ្ងន់ធ្ងរ។
ទាក់ទងនឹងការប្រើប្រាស់លុយនៅក្នុងអាជីវកម្មនេះដែរ អ្នកឧកញ៉ា លាង ម៉េង អគ្គនាយកធនាគារ ជីប ម៉ុង បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ Business Cambodia ថាម្ចាស់អាជីវកម្មនិងអ្នករស៊ីដែលមានផែនការនិងដំណើរនៃការប្រតិបត្តិការអាជីវកម្មច្បាស់លាស់នោះពួកគាត់អាចមានទំនុកចិត្តក្នុងការប្រើប្រាស់កម្ចីពីធនាគារយកមកពង្រីកអាជីវកម្មហើយធនាគារក៏ងាយស្រួលក្នុងការផ្ដល់កម្ចីផងដែរ។
អ្នកឧកញ៉ា បានមានប្រសាសន៍បន្តទៀតថា ពេលអ្នករកស៊ីរឿងសំខាន់ដែលអ្នកប្រកាន់ភ្ជាប់គឺវិន័យ(Discipline)។ ត្រង់នេះអ្នកឧកញ៉ាក៏បានបង្ហើបពីរូបមន្ត៧០/៣០ដែលអ្នករកស៊ីគួរអនុវត្តនៅក្នុងការរស៊ីដើម្បីចៀសវាងអាជីវកម្មជួបបញ្ហាលំហូរសាច់ប្រាក់ ចៀសផុតពីបញ្ហាបំណុលហើយអាជីវកម្មរបស់អ្នកកាន់តែរីកចម្រើន។
ចំពោះរូបមន្ត៧០/៣០ អ្នកឧកញ៉ា បានពន្យល់ថាចំពោះតួលេខ៧០មានន័យថាប្រសិនបើអាជីវកម្មរបស់អ្នកមានលំហូរសាច់ប្រាក់បង្វិលបានលឿន ឧទាហរណ៍ថាទំនិញឬសេវាកម្មរបស់អ្នកអាចលក់បានលឿន នោះអ្នកអាចខ្ចីលុយគេរហូតដល់ទៅ៧០%នៃទុនដើមយកមកប្រើប្រាស់ក្នុងការពង្រីកនិងប្រតិបត្តិការអាជីវកម្ម។
ចំណែកចំពោះតួលេខ៣០គឺមាន័យថាចំពោះអាជីវកម្មខ្លះដែលមិនអាចបង្វិលលំហូរសាច់ប្រាក់បានលឿនទេ យើងត្រូវខ្ចីគេត្រឹម៣០%នៃដើមទុនបានហើយ។ ត្រង់នេះ អ្នកឧកញ៉ាបានលើកឧទាហរណ៍ថាបើអ្នករកស៊ីអចលនទ្រព្យ ដីធ្លី អ្នកគួរធ្វើរូបមន្ត៣០ ដោយអ្នកអាចខ្ចីលុយគេបានត្រឹម៣០%ប៉ុណ្ណោះនៃតម្លៃទ្រព្យដើម្បីចៀសវាងបំណុលធ្ងន់ធ្ងរ។
យ៉ាងណាមិញ អ្នកឧកញ៉ាបានសង្កត់ធ្ងន់ថាអ្នករកស៊ីមួយចំនួនមិនអនុវត្តតាមរូបមន្ត៧០/៣០នោះទេ ដូច្នេះទើបធ្វើឲ្យពួកគាត់ជួបបញ្ហាលំហូរសាច់ប្រាក់ក្នុងអាជីវកម្មនិងធ្លាក់ក្នុងបញ្ហាបំណុល។ ជាក់ស្ដែងអ្នកខ្លះរកស៊ីសុខៗឃើញ អចលនទ្រព្យចំណេញច្រើនក៏ខ្ចីលុយគេ៧០%នៃតម្លៃអចលនទ្រព្យដើម្បីទិញដីធ្លី តែពេលទិញហើយលក់អចលនទ្រព្យនោះអត់បាន ធ្វើឲ្យពួកគាត់ជួបបញ្ហាបំណុលដោយសារតែខ្ចីលុយគេទៅទិញរបស់ដែលមិនងាយលក់ចេញបានភ្លាមៗ។
សរុបមករូបមន្ត៧០/៣០គឺជារូបមន្តមួយដែលអ្នករកស៊ីគួរតែប្រកាន់ភ្ជាប់នៅក្នុងការរកស៊ីព្រោះរូបមន្តនេះបើយើងអនុវត្តនោះជីវកម្មរបស់យើងមិនជួបបញ្ហាលំហូរសាច់ប្រាក់ហើយយើងជាម្ចាស់អាជីវកម្មក៏មិនធ្លាក់ក្នុងបន្ទុកបំណុលធ្ងន់ធ្ងនរដែរ៕


