រាជធានីភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលជាពាណិជ្ជកម្មមួយរបស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បានបើកការដ្ឋានសាងសង់ «មណ្ឌលកណ្ដាលស្ដុកទំនិញផ្គត់ផ្គង់» ដ៏ធំ ដែលមានទីតាំងស្ថិតនៅសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ពិធីបើកការដ្ឋាននេះ បានធ្វើឡើងក្រោមអធិបតីភាព អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ជីប ម៉ុង និងលោកជំទាវ តែ សុវណ្ណី អគ្គនាយិកាពហុពាណិជ្ជកម្មក្រុមហ៊ុន ជីប ម៉ុង ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត។

មណ្ឌលកណ្ដាលស្ដុកទំនិញផ្គត់ផ្គង់នេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្គត់ផ្គង់ទំនិញសម្រាប់សាខាទាំង ១០០ របស់ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ដែលកំពុងបើកដំណើរការ និងកំពុងបុកគ្រឹះសាងសង់ជាបន្តបន្ទាប់។ ជាពិសេសគឺដើម្បីលើកកម្ពស់ផលិតផល ដែលផលិតដោយកសិករ និងសហគ្រាសនៅក្នុងស្រុក ឲ្យមានទីផ្សារបន្ថែមទៀត។
តាមការបញ្ជាក់ពីលោកជំទាវ តែ សុវណ្ណី ការបង្កើតមណ្ឌលកណ្ដាលស្ដុកទំនិញផ្គត់ផ្គង់នេះឡើង មិនត្រឹមតែសម្រាប់ផ្គត់ផ្គង់ដល់សាខាទាំង ១០០ របស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាកម្លាំងចលករក្នុងការជំរុញផលិតផលខ្មែរឱ្យមានវត្តមានកាន់តែទូលំទូលាយនៅលើទីផ្សារ។ តាមរយៈការតាំងចិត្តខ្ពស់ក្នុងការកាត់បន្ថយការនាំចូលបន្លែ និងផ្លែឈើពីប្រទេសជិតខាង ក្រុមហ៊ុនបានផ្ដោតសំខាន់លើការប្រមូលទិញ និងពង្រីកការចែកចាយកសិផលដែលប្រជាកសិករខ្មែរផលិតបាន ដើម្បីចែកចាយបន្តទៅកាន់អ្នកលក់រាយនៅតាមទីតាំងផ្សេងៗទូទាំងប្រទេស។

លោកជំទាវបន្ថែមថា ជាចក្ខុវិស័យវែងឆ្ងាយ ផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត នឹងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋទទួលបាននូវផលិតផលក្នុងស្រុកដែលមានគុណភាពល្អ និងមានតម្លៃសមរម្យ ខណៈពេលដែលអ្នកទិញបោះដុំយកទៅលក់បន្ត ក៏អាចទទួលបានតម្លៃប្រកួតប្រជែងជាងផលិតផលនាំចូលផងដែរ។
សូមជម្រាបជូនផងដែរថា តាមផែនការគ្រោងទុក ក្រុមហ៊ុន ជីប ម៉ុង នឹងពង្រីកផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត ឱ្យបានចំនួន ១០០ សាខានៅទូទាំងប្រទេស ដើម្បីបំពេញតម្រូវការរបស់ប្រជាពលរដ្ឋ និងជួយលើកកម្ពស់កសិផល ក៏ដូចជាផលិតផលដែលផលិតដោយកសិករ និងសហគ្រាសក្នុងស្រុក។ យ៉ាងណាមិញ គិតត្រឹមរយៈពេល ៤ ខែកន្លងមកនេះ មានសាខាចំនួន ២១ ហើយដែលកំពុងបើកដំណើរការ និងកំពុងសាងសង់ ដែលនេះឆ្លុះបញ្ចាំងពីចក្ខុវិស័យដ៏វែងឆ្ងាយនៃការរីកដុះដាលនៃផ្សារទំនើបកូនខ្មែរ ជាពិសេសលើគុណភាពសេវាកម្ម និងភាពសម្បូរបែបនៃទំនិញ។
សម្រាប់ព័ត៌មានបន្ថែមអំពីផ្សារ ជីប ម៉ុង ស៊ុបភើម៉ាឃីត សូមចូលទៅកាន់ទំព័រហ្វេសបុកផេក Chip Mong Supermarket ឬឆាណែតេឡេក្រាម៖ https://t.me/chipmongsupermarket៕






