ធនាគារកណ្ដាលជាង៧០ប្រទេស ប្រមូលទិញមាសជាង៨ពាន់ពាន់$ អ្នកជំនាញថាមាសអាចឡើងដល់តម្លៃនេះ
Toeuy HongJULY 1 20269.4 K views

បើទោះបីជាមួយរយៈពេលចុងក្រោយនេះ ហាងឆេងមាសមានការប្រែប្រួលខ្លាំងពោលគឺមានការធ្លាក់ចុះច្រើនពិតមែន តែតាមរបាយការណ៍ស្រាវជ្រាវបង្ហាញថាក្នុងរយៈពេល១២ខែទៀត តម្លៃហាងឆេងមាសអាចនឹងត្រូវឡើងថ្លៃចន្លោះពី៥ពាន់ទៅ៦ពាន់ដុល្លារក្នុងមួយអោន( ចន្លោះពី៦០២៤ដុល្លារទៅ៧២២៨ដុល្លារក្នុងមួយតម្លឹងឬ៦០២ទៅ៧២២ដុលោ្លរក្នុង១ជី)

 

បើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Kitco បានឲ្យដឹងថា វេទិកាស្ថានប័នហិរញ្ញវត្ថុផ្លូវការដែលហៅកាត់ថាOMFIF  បានបង្ហាញថាស្ថានប័នហិរញ្ញវត្ថុជាពិសេសធនាគារកណ្ដាលរបស់ប្រទេសជាច្រើនបានសកម្មក្នុងការប្រមូលទិញមាសកាន់តែច្រើនដើម្បីទុកធ្វើជាទ្រព្យហិរញ្ញវត្ថុយុទ្ធសាស្រ្តរបស់ខ្លួន។

 

លោកស្រី Andrea Correa ដែលជាប្រធានOMFIF បានឲ្យដឹងថាបើទោះបីជាការចំណាយក្នុងការរក្សាទុកមាសមានការកើនឡើងពិតមែន តែស្ថានប័នហិរញ្ញវត្ថុនៅតែប្រមូលទិញមាស។ លោកស្រីបានបន្តទៀតថាមាសមិនងាយចុះទៅណាឆ្ងាយទេព្រោះធនាគារកណ្ដាលប្រទេសជាច្រើនបានប្រមូលទិញមាសជាហូរហែរ។

 

OMFIF បានធ្វើឲ្យស្ទង់មតិទៅលើធនាគារកណ្ដាលចំនួន៧៤ប្រទេសដែលបានគ្រប់គ្រងទ្រព្យជាង១០ពាន់ពាន់លានដុល្លារ។ នៅក្នុងការស្ទង់មតិនេះបានបានបង្ហាញឲ្យឃើញថា៨២%នៃធនាគារកណ្ដាលដែលបានចូលរួមស្ទង់មតិនៅតែកាន់កាប់មាសដែលគិតជាទឹកប្រាក់ប្រមាណ៨ពាន់ពាន់លានដុល្លារ។

 

នៅក្នុងរបាយការណ៍ស្រាវជ្រាវនិងស្ទង់មតិរបស់ OMFIF បានបង្ហាញថាធនាគារកណ្ដាលនៃប្រទេសភាគច្រើនរំពឹងថាមាសអាចនឹងឡើងថ្លៃចន្លោះពី៥ពាន់ទៅ៦ពាន់ដុល្លារក្នុងមួយអោន( ចន្លោះពី៦០២៤ដុល្លារទៅ៧២២៨ដុល្លារក្នុងមួយតម្លឹង)

 

គួរបញ្ជាក់ផងដែរថាគិតត្រឹមថ្ងៃនេះ ហាងឆេងមាសបានធ្លាក់ថ្លៃចំនួន៥០ដុល្លារថែមទៀតដោយធ្លាក់ថ្លៃមកត្រឹម៣៩៧៩ដុល្លារក្នុងមួយអោន(ស្មើនឹង៤៧៩៣ដុល្លារក្នុងមួយតម្លឹងឬស្មើនឹង៤៧៩ដុល្លារក្នុងមួយជី។ មាសចាប់ផ្ដើមធ្លាក់ថ្លៃនៅប៉ុន្មានសប្ដាហ៍ចុងក្រោយដោយសារតែរងសម្ពាធពីប្រាក់ដុល្លារឡើងថ្លៃ៕ 

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia