ក្រុមហ៊ុនសែលកាតចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Huawei ក្នុងទំហំទឹកប្រាក់ 300 លានដុល្លារអាម៉េរិក ដោយជំរុញទំហំវិនិយោគសរុបកើនដល់ 5.6 ប៊ីលានដុល្លារអាម៉េរិក ក្នុងរយៈពេល 30 ឆ្នាំ
Bunthoeun Koem•SEPTEMBER 28 2026•

ដោយផ្អែកលើកិច្ចសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huawei ចាប់តាំងពីឆ្នាំ 1999 មក ក្រុមហ៊ុនសែលកាតបានឈានចូលដល់ទំព័រប្រវត្តិសាស្ត្រថ្មីមួយទៀត តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) ថ្មីមួយលើការវិនិយោគទំហំ 300 លានដុល្លារអាម៉េរិក ទៅលើបច្ចេកវិទ្យា 5G, AI, Cloud និងប្រព័ន្ធភ្ជាប់ទំនាក់ទំនងជំនាន់ថ្មី

 

Photo 2026 09 28 16 50 55

 

រាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 28 ខែកញ្ញា ឆ្នាំ 2026៖ ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) ឬដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាតដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កូនខ្មែរ នៅថ្ងៃនេះបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាយុទ្ធសាស្ត្រជាមួយក្រុមហ៊ុន Huawei ដើម្បីវិនិយោគទឹកប្រាក់ប្រមាណ 300 លានដុល្លារអាម៉េរិកក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខគាំទ្រ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី ប្រព័ន្ធភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត (AI) សេវា Cloud និងការធ្វើទំនើបកម្មបណ្តាញទូទាំងប្រទេស។

 

ក្រុមហ៊ុនសែលកាតក៏បានសម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅផងដែរ ចំពោះការដឹកនាំ និងការគាំទ្រប្រកបដោយចក្ខុវិស័យយ៉ាងមុតមាំជាបន្តបន្ទាប់ពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការចង្អុលបង្ហាញ និងដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ កិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាលក្នុងការពង្រឹងបរិយាកាសវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ បានរួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើតបរិយាកាសកាន់តែអំណោយផលសម្រាប់អាជីវកម្ម និងការវិនិយោគ។ ក្រុមហ៊ុនសែលកាតសូមស្វាគមន៍ចំពោះកិច្ចខិតខំប្រឹងប្រែងទាំងនេះ ហើយនៅតែបន្តប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា តាមរយៈការវិនិយោគជាបន្តបន្ទាប់លើប្រព័ន្ធភ្ជាប់ទំនាក់ទំនង និងបច្ចេកវិទ្យា។

 

Photo 2026 09 28 16 51 05

 

កិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រនេះ បាននាំក្រុមហ៊ុនសែលកាតបោះជំហានមួយដ៏ធំគាំទ្រទៅលើការអភិវឌ្ឍបណ្តាញទូរស័ព្ទចល័ត  បណ្តាញអ៊ីនធឺណិត មជ្ឈមណ្ឌលទិន្នន័យ វេទិកាបញ្ញាសិប្បនិម្មិត Cloud បទពិសោធអតិថិជនដ៏ប្រសើរ និងប្រតិបត្តិការបណ្តាញ ដែលប្រើប្រាស់ ថាមពលកាន់តែមានប្រសិទ្ធភាព នៅក្រោមចក្ខុវិស័យរួមគ្នាតែមួយ។ ព្រឹត្តិការណ៍នេះក៏បានពង្រឹង បន្ថែម នូវការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន     សែលកាតក្នុងការគាំទ្រដល់ការអភិវឌ្ឍឌីជីថលរយៈពេលវែងរបស់កម្ពុជា។ «ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា 2021-2035» បានកំណត់ថាហេដ្ឋា រចនាសម្ព័ន្ធឌីជីថល និងប្រព័ន្ធភ្ជាប់ទំនាក់ទំនង គឺជាគ្រឹះដ៏សំខាន់សម្រាប់ការទាញយក​​ផល ប្រយោជន៍ និងការបរិវត្តកម្មឌីជីថលឱ្យកាន់តែទូលំទូលាយនៅទូទាំងស្ថាប័នរដ្ឋ អាជីវកម្ម និងសម្រាប់ប្រជាពលរដ្ឋ។

 

កិច្ចព្រមព្រៀងនេះ ក៏បានពង្រឹងភាពជាដៃគូដ៏យូរអង្វែង និងប្រកបដោយជោគជ័យរវាង ក្រុមហ៊ុនសែលកាត និង Huawei ដែលមានមហិច្ឆតារួមគ្នាក្នុងការពន្លឿនការផ្លាស់ប្តូររបស់កម្ពុជា ទៅជាកម្លាំងចលករសេដ្ឋកិច្ចឌីជីថលក្នុងតំបន់។

 

ការវិនិយោគលើអនាគតឌីជីថលរបស់កម្ពុជារយៈពេល 3 ទសវត្សរ៍

 

ក្នុងឱកាសដែលក្រុមហ៊ុនសែលកាតប្រារព្ធខួបលើកទី 30 លើការបម្រើអតិថិជននៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនបានបង្ហាញភាពរឹងមាំក្នុងនាមជាក្រុមហ៊ុនដែលមានការវិនិយោគក្នុងស្រុកប្រកបដោយចីរភាព ការបង្កើតថ្មី និងការប្តេជ្ញាចិត្តថ្នាក់ជាតិដែលអាចសម្រេចបាន។

 

ចាប់តាំងពីចាប់ផ្តើមបង្កើតឡើងក្នុងឆ្នាំ 1996 មក ក្រុមហ៊ុនសែលកាតបានវិនិយោគទឹកប្រាក់ប្រមាណ 5.6 ប៊ីលានដុល្លារអាម៉េរិក ទៅលើប្រព័ន្ធអេកូឡូស៊ីព័ត៌មានវិទ្យា និងទូរគមនាគមន៍ឌីជីថលរបស់កម្ពុជា ដែលធ្វើឱ្យក្រុមហ៊ុនក្លាយជាតួអង្គដ៏សកម្ម  ដែលបានរួមចំណែកយ៉ាងសំខាន់​ដល់ការអភិវឌ្ឍ​ឌីជីថល​របស់ជាតិ។

 

Photo 2026 09 28 16 51 16

 

ការវិនិយោគទាំងនេះរួមមាន៖

 

  • 1.1 ប៊ីលានដុល្លារអាម៉េរិក ជាចំណាយទុនវិនិយោគ (CAPEX) សម្រាប់កសាង និងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍
  • 0.7 ប៊ីលានដុល្លារអាម៉េរិក ជាការរួមចំណែកកាតព្វកិច្ចស្របតាមច្បាប់ និងបទប្បញ្ញត្តិ
  • ប្រាក់រាប់ប៊ីលានដុល្លារបន្ថែមទៀត ត្រូវបានវិនិយោគលើប្រតិបត្តិការ ការពង្រីកបណ្តាញ ការអាប់ដេតបច្ចេកវិទ្យា ការបង្កើតការងារ ការអភិវឌ្ឍជំនាញ ការបង្កើតថ្មី និងសេវាកម្មឌីជីថល

 

អស់រយៈពេល 3 ទសវត្សរ៍មកនេះ ក្រុមហ៊ុនសែលកាត នៅតែបន្តប្រកាន់ខ្ជាប់យ៉ាងមុតមាំនូវបេសកកម្មរបស់ខ្លួនក្នុងការភ្ជាប់ទំនាក់ទំនងប្រជាជនកម្ពុជា ទោះបីជាត្រូវប្រកួតប្រជែងជាមួយក្រុមហ៊ុនទូរគមនាគមន៍អន្តរជាតិធំៗក៏ដោយ។ តាមរយៈការវិនិយោគ និងការបង្កើតថ្មីជាបន្តបន្ទាប់ ក្រុមហ៊ុនបានដើរតួនាទីយ៉ាងសំខាន់ក្នុងការបំពាក់ និងពង្រីកការទទួលបានសេវាឌីជីថល កាត់បន្ថយគម្លាតនៃការភ្ជាប់ទំនាក់ទំនង បង្កើតការងារដែលមានតម្លៃខ្ពស់ គាំទ្រអាជីវកម្មក្នុងស្រុក និងជួយសម្រួលដល់ដំណើរការបរិវត្តកម្មឌីជីថលរបស់កម្ពុជា។ នាពេលបច្ចុប្បន្ន ប្រជាជនកម្ពុជារាប់លាននាក់កំពុងពឹងផ្អែកលើបណ្តាញ និងសេវាកម្មឌីជីថលរបស់ក្រុមហ៊ុនសែលកាតសម្រាប់ទំនាក់ទំនង ការអប់រំ ពាណិជ្ជកម្ម កម្សាន្ត និងការលូតលាស់នៃអាជីវកម្ម។

 

Photo 2026 09 28 16 51 25

 

អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖

 

«អស់រយៈពេលបីទសវត្សរ៍មកនេះ ការវិនិយោគរបស់យើងនៅក្នុងក្រុមហ៊ុនសែលកាតគឺជាការវិនិយោគលើអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ នៅថ្ងៃនេះ យើងកំពុងពន្លឿនដំណើររបស់ប្រទេសឆ្ពោះទៅកាន់ទំព័រឌីជីថលបន្ទាប់។ ការប្តេជ្ញាចិត្តបន្ថែមនូវទឹកប្រាក់ 300 លានដុល្លារអាម៉េរិកនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើអនាគតរបស់កម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា ប្រជាជន និងអាជីវកម្មកម្ពុជាអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោក។ តាមរយៈការរួមបញ្ចូលគ្នារវាងការយល់ដឹងស៊ីជម្រៅពីអ្នកប្រើប្រាស់នៅកម្ពុជារបស់ ក្រុមហ៊ុនសែលកាត ជាមួយនឹងជំនាញបច្ចេកវិទ្យាសកលរបស់ Huawei យើងមានគោលបំណងកសាងគ្រឹះឌីជីថលកាន់តែរឹងមាំ ដែលអនុញ្ញាតឱ្យមានការបង្កើតថ្មី គាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ជំនាន់ក្រោយរបស់យើង»។

 

នៅក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC និង Huawei នឹងសហការគ្នាលើយុទ្ធសាស្ត្របច្ចេកវិទ្យាសំខាន់ៗជាច្រើន រួមមាន៖

 

  1. ការពង្រីកបណ្តាញ 5G ជំនាន់ថ្មី៖ ការធ្វើទំនើបកម្មបណ្តាញនៅតាមបណ្តាខេត្ត-រាជធានីសំខាន់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យា 5G និង 4G ដ៏ជឿនលឿនរបស់ Huawei រួមទាំងដំណោះស្រាយ MetaAAU ដែលពង្រឹងការគ្របដណ្តប់ សមត្ថភាពបណ្តាញ និងបទពិសោធរបស់អ្នកប្រើប្រាស់ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថាមពល។ ការវិនិយោគទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ 5G យ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យមានការភ្ជាប់ទំនាក់ទំនងល្បឿនលឿន កម្មវិធីដែលមានកម្រិតភាពយឺតទាប និងសេវាកម្មឌីជីថលជំនាន់ថ្មី
  2. ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និង Cloud៖ កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ AI cloud និងសមត្ថភាព Model-as-a-Service (MaaS) ដោយបង្កើតគ្រឹះសម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិតនាពេលអនាគត ដែលអាចគាំទ្រដល់អាជីវកម្ម ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងសហគ្រិនឌីជីថល។ តាមរយៈការទាញយកសមត្ថភាព AI កម្រិតខ្ពស់មកកាន់ប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត មានគោលបំណងជួយជ្រោមជ្រែងប្រទេសជាតិឱ្យឈានទៅមុខលើផ្នែកសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
  3. មជ្ឈមណ្ឌលទិន្នន័យឌីជីថលទំនើប៖ ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC នឹងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយ Fusion Module 2000 ដែលជា Modular Data Center របស់ Huawei។ ការធ្វើទំនើបកម្មនេះនឹងបង្កើនភាពជឿជាក់ សមត្ថភាពពង្រីក សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងគាំទ្រដល់កំណើននាពេលអនាគតនៃសេវាកម្ម Cloud វេទិកាឌីជីថល និងបន្ទុកការងារ AI។
  4. ការធ្វើទំនើបកម្មបណ្តាញ៖ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងការធ្វើទំនើបកម្មបណ្តាញ DWDM របស់ក្រុមហ៊ុនសែលកាតដែលពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ស្នូល និងបង្កើតឱ្យមានភាពធន់ សមត្ថភាព និងគុណភាពសេវាកម្មកាន់តែប្រសើរ។ ការវិនិយោគនេះនឹងបង្កើតបណ្តាញខ្នងបង្អែកឌីជីថលកាន់តែរឹងមាំ ដែលមានសមត្ថភាពគាំទ្រដល់ការប្រើប្រាស់ទិន្នន័យកើនឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។
  5. ការផ្លាស់ប្តូរបណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិក (Fibre Broadband)៖​ តាមរយៈកិច្ចសហការ និងភាពជាដៃគូក្នុងសម្ព័ន្ធក្រុមហ៊ុន ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតខ្សែកាបអុបទិកតាមផ្ទះ FTTH នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើទំនើបកម្ម តាមរយៈបច្ចេកវិទ្យា XGS-PON ដែលមានសមត្ថភាពផ្តល់ល្បឿនអ៊ីនធឺណិត រហូតដល់ 1Gbps ជូនដល់អតិថិជន។ តាមរយៈការបូកបញ្ចូលគ្នាជាមួយដំណោះស្រាយ WiFi Sense ដ៏ច្នៃប្រឌិតរបស់ Huawei អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់ទំនាក់ទំនងក្នុងផ្ទះកាន់តែប្រសើរ បទពិសោធសេវាកម្មដ៏ល្អ និងសមត្ថភាពប្រព័ន្ធអ៊ីនធឺណិតកម្រិតខ្ពស់ ។
  6. បទពិសោធអតិថិជនដែលដឹកនាំដោយ AI៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Huawei SmartCare នឹងបង្កើតវេទិកាគ្រប់គ្រងបទពិសោធអតិថិជន ដែលមានសមត្ថភាពកែលម្អគុណភាពសេវាកម្មយ៉ាងសកម្ម ពង្រឹងការពេញចិត្តរបស់អតិថិជន និងផ្តល់នូវបទពិសោធឌីជីថលដែលស្របតាមតម្រូវការបុគ្គលកាន់តែប្រសើរ។
  7. បច្ចេកវិទ្យាបៃតង និងប្រតិបត្តិការប្រកបដោយចីរភាព៖ វេទិកាសន្សំសំចៃថាមពល PowerStar របស់ Huawei នឹងជួយក្រុមហ៊ុនសែលកាតកែលម្អប្រសិទ្ធភាពថាមពលបណ្តាញ កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងគាំទ្រដល់គោលដៅចីរភាពបរិស្ថានរបស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមទាំងនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាតចំពោះកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានឹងការបង្កើតប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកាន់តែបៃតង និងមានប្រសិទ្ធភាពជាងមុន។

 

Photo 2026 09 28 16 51 36

 

លោក Manu Rajan អគ្គនាយកប្រតិបត្តិ (CEO) នៃក្រុមហ៊ុនសែលកាត និងក្រុមហ៊ុនក្នុងវិស័យឌីជីថល ទំនាក់ទំនង និងបច្ចេកវិទ្យានៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប មានប្រសាសន៍ថា៖

 

«ព្រឹត្តិការណ៍នេះគឺធំធេង មិនត្រឹមតែការទំនើបកម្មបណ្តាញប៉ុណ្ណោះ។ យើងកំពុងកសាងវេទិកាឌីជីថលសម្រាប់អនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា។ ការវិនិយោគបន្ថែមទំហំ 300 លានដុល្លារអាម៉េរិករបស់យើង នឹងធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាទាំងមូល បណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិកនៅតាមផ្ទះរបស់ប្រជាពលរដ្ឋ មជ្ឈមណ្ឌលទិន្នន័យ ហេដ្ឋារចនាសម្ព័ន្ធ AI cloud និងប្រព័ន្ធ ដែលយើងប្រើប្រាស់ដើម្បីគ្រប់គ្រងបទពិសោធអតិថិជន។ មហិច្ឆតារបស់យើងគឺច្បាស់លាស់ ក្រុមហ៊ុនសែលកាតមានបំណងនាំយកការបង្កើតថ្មី ជាមួយបច្ចេកវិទ្យាជឿនលឿនជូនដល់ប្រជាជនកម្ពុជាគ្រប់រូប និងធ្វើឱ្យការភ្ជាប់ទំនាក់ទំនងកាន់តែលឿន បទពិសោធកាន់តែប្រសើរនិងហេដ្ឋារចនាសម្ព័ន្ធកាន់តែរឹងមាំ។ នេះគឺជាវិធីដែលយើងពង្រឹងការសន្យារបស់ក្រុមហ៊ុនរបស់យើង «នៅក្បែរអ្នកជានិច្ច» ឱ្យក្លាយជាការពិតប្រកបដោយមោទនភាពជាខ្មែរ និងប្តេជ្ញាចិត្តចំពោះអនាគតឌីជីថលរបស់កម្ពុជា»។

 

លោក Wang Xu ប្រធានក្រុមហ៊ុន Huawei ប្រចាំតំបន់អាស៊ីអាគ្នេយ៍មានប្រសាសន៍ថា៖

 

«ក្រុមហ៊ុន Huawei មានមោទនភាពយ៉ាងខ្លាំងក្នុងការរឹតចំណងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្ររបស់យើងជាមួយក្រុមហ៊ុនសែលកាត ក្នុងខណៈពេលដ៏សំខាន់នៃការអភិវឌ្ឍឌីជីថលរបស់កម្ពុជា។ តាមរយៈការរួមបញ្ចូលគ្នានូវការបង្កើតថ្មីនៅទូទាំងបច្ចេកវិទ្យា 5G, បណ្តាញអុបទិក មជ្ឈមណ្ឌលទិន្នន័យ Cloud បញ្ញាសិប្បនិម្មិត បទពិសោធអតិថិជន និងបច្ចេកវិទ្យាបណ្តាញ យើងរំពឹងយ៉ាងមុតមាំក្នុងការគាំទ្រក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលដ៏ទូលំទូលាយ និងត្រៀមខ្លួនជាស្រេចសម្រាប់អនាគត។ យើងមានជំនឿរួមគ្នាថា បច្ចេកវិទ្យាជឿនលឿនបង្កើតបានជារបស់ដែលមានតម្លៃបំផុត នៅពេលវាជួយកែលម្អជីវភាពរស់នៅរបស់ប្រជាជន ពង្រឹងអាជីវកម្ម និងគាំទ្រដល់ការអភិវឌ្ឍជាតិប្រកបដោយចីរភាព»។

 

សម្រាប់ប្រទេសកម្ពុជា មហិច្ឆតានេះគឺធំធេងជាងត្រឹមតែការភ្ជាប់ទំនាក់ទំនងដោយល្បឿនលឿន។ វាគឺជាការបង្កើតគ្រឹះឌីជីថលសម្រាប់អាជីវកម្មកាន់តែប្រសើរ សហគមន៍កាន់តែរឹងមាំ សេវាកម្មដោយការបង្កើតថ្មី និងកំណើនឌីជីថលជំនាន់ថ្មីរបស់កម្ពុជា។

 

រឿងរ៉ាវជោគជ័យប្រកបដោយមោទនភាពរបស់កម្ពុជា

 

ក្នុងនាមជាប្រតិបត្តិករទូរគមនាគមន៍កូនខ្មែរ 100% ក្រុមហ៊ុនសែលកាតបានបង្ហាញយ៉ាងច្បាស់ជានិច្ចថាសហគ្រាសក្នុងស្រុកអាចប្រកួតប្រជែង បង្កើតថ្មី និងបង្កើនសក្ដានុពលនៅលើឆាកអន្តរជាតិបាន។

 

ពេញមួយប្រវត្តិសាស្ត្ររបស់ខ្លួន ក្រុមហ៊ុនសែលកាត បាននាំយកការបង្កើតថ្មី ក្នុងឧស្សាហកម្មជាច្រើន ដែលបានផ្លាស់ប្តូរមុខមាត់វិស័យទូរគមនាគមន៍របស់ប្រទេស និងបានជួយអភិវឌ្ឍវិស័យបច្ចេកវិទ្យាទំនាក់ទំនងឌីជីថល (DCT) របស់កម្ពុជា។

 

ចាប់តាំងពីការនាំយកសេវាទូរស័ព្ទចល័តដំបូងមកកាន់កម្ពុជា រហូតដល់ការវិនិយោគលើសេវាអ៊ីនធឺណិត  វេទិកាឌីជីថល និងការដាក់ឱ្យប្រើប្រាស់ cellcard 5G បានបង្ហាញម្តងហើយម្តងទៀតថា ការបង្កើតថ្មី និងការអភិវឌ្ឍជាតិកំពុងដើរទន្ទឹមគ្នា។

 

សមិទ្ធផលទាំងនេះឆ្លុះបញ្ចាំងពីរឿងរ៉ាវជោគជ័យដ៏ធំធេងរបស់កម្ពុជា ដែលចក្ខុវិស័យក្នុងស្រុក ភាពជាសហគ្រិន និងការប្តេជ្ញាចិត្តរយៈពេលវែងបន្តញោចសន្ទុះជឿនលឿនរបស់ជាតិ។

 

ក្នុងនាមជាក្រុមហ៊ុនដែលមានមោទនភាពជាខ្មែរ សែលកាត នឹងបន្តវិនិយោគលើបច្ចេកវិទ្យាដែលរក្សាទំនាក់ទំនងប្រជាជនកម្ពុជា និងនៅក្បែរអ្នកជានិច្ច។

 

អំពីក្រុមហ៊ុនសែលកាត

 

cellcard - Always By Your Side | នៅក្បែរអ្នកជានិច្ច | មោទនភាពជាខ្មែរ

 

ចាប់ដំណើរការក្នុងឆ្នាំ 1996 ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងសេវាអ៊ីនធឺណិត   ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត តាមរយៈបទពិសោធប្រើប្រាស់ឌីជីថល 360 ដឺក្រេ។



សូមស្វាគមន៍មកកាន់ទំព័រសករាជថ្មី 5G ពី cellcard

 

អំពី Huawei

 

បង្កើតឡើងក្នុងឆ្នាំ 1987 ក្រុមហ៊ុន Huawei គឺជាក្រុមហ៊ុនអន្តរជាតិដ៏ធំមួយ ក្នុងការផ្តល់នូវហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) និងឧបករណ៍ឆ្លាតវៃ។ Huawei មានបុគ្គលិកប្រមាណ 213,000 នាក់ និងប្រតិបត្តិការនៅក្នុងប្រទេស និងតំបន់ជាង 170 ដោយបម្រើប្រជាជនជាង 3 ប៊ីលាននាក់នៅទូទាំងពិភពលោក។ Huawei ប្តេជ្ញានាំយកបច្ចេកវិទ្យាឌីជីថលជូនដល់មនុស្សគ្រប់រូប គ្រប់លំនៅឋាន និងគ្រប់អង្គភាព ដើម្បីបង្កើតពិភពលោកដែលមានការភ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញ៕ 

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia