ក្រុមហ៊ុនអ្នកឧកញ៉ា គិត ម៉េង ចាប់ដៃជាមួយក្រុមហ៊ុនយក្សចិន Huawei បោះទុន ៣០០ លានដុល្លារវិនិយោគលើគម្រោងទាំងនេះ
Bunthoeun Koem•SEPTEMBER 28 2026•5.9 K views

ក្រុមហ៊ុន ខេម ជ្ជីអេសអេម ម.ក (CamGSM PLC) ឬដែលស្គាល់ជាទូទៅថាក្រុមហ៊ុនសែលកាត ដែលជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលរបស់កូនខ្មែរបង្កើតឡើងដោយអ្នកឧកញ៉ា គិត ម៉េង នៅថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២៦ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន Huawei ដើម្បីវិនិយោគទឹកប្រាក់ប្រមាណ ៣០០ លានដុល្លារក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខគាំទ្រ លើហេដ្ឋារចនាសម្ព័ន្ធឌីជីថលជំនាន់ថ្មី ប្រព័ន្ធភ្ជាប់ទំនាក់ទំនងកម្រិតខ្ពស់ បញ្ញាសិប្បនិម្មិត (AI) សេវា Cloud និងការធ្វើទំនើបកម្មបណ្តាញទូទាំងប្រទេស។

 

828079053 1054150360775471 2226739076392462695 N

 

ក្នុងឱកាសនោះ អ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ អស់រយៈពេលបីទសវត្សរ៍មកនេះ ការវិនិយោគរបស់យើងនៅក្នុងក្រុមហ៊ុនសែលកាតគឺជាការវិនិយោគលើអនាគតឌីជីថលរបស់ប្រទេសកម្ពុជា។ នៅថ្ងៃនេះ យើងកំពុងពន្លឿនដំណើររបស់ប្រទេសឆ្ពោះទៅកាន់ទំព័រឌីជីថលបន្ទាប់។ ការប្តេជ្ញាចិត្តបន្ថែមនូវទឹកប្រាក់ ៣០០ លានដុល្លារនេះ ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើអនាគតរបស់កម្ពុជា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការធានាថា ប្រជាជន និងអាជីវកម្មកម្ពុជាអាចទទួលបានហេដ្ឋារចនាសម្ព័ន្ធឌីជីថលកម្រិតពិភពលោក។ តាមរយៈការរួមបញ្ចូលគ្នារវាងការយល់ដឹងស៊ីជម្រៅពីអ្នកប្រើប្រាស់នៅកម្ពុជារបស់ ក្រុមហ៊ុនសែលកាត ជាមួយនឹងជំនាញបច្ចេកវិទ្យាសកលរបស់ Huawei យើងមានគោលបំណងកសាងគ្រឹះឌីជីថលកាន់តែរឹងមាំ ដែលអនុញ្ញាតឱ្យមានការបង្កើតថ្មី គាំទ្រដល់កំណើនសេដ្ឋកិច្ច និងបង្កើតឱកាសថ្មីៗសម្រាប់ជំនាន់ក្រោយរបស់យើង។

 

សូមជម្រាបថា ក្រោមអនុស្សរណៈនៃការយោគយល់គ្នានេះ ក្រុមហ៊ុនសែលកាតរួមជាមួយក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC និង Huawei នឹងសហការគ្នាលើយុទ្ធសាស្ត្របច្ចេកវិទ្យាសំខាន់ៗជាច្រើន រួមមាន៖

 

១. ការពង្រីកបណ្តាញ 5G ជំនាន់ថ្មី៖ ការធ្វើទំនើបកម្មបណ្តាញនៅតាមបណ្តាខេត្ត-រាជធានីសំខាន់ៗ ដោយប្រើប្រាស់បច្ចេកវិទ្យា 5G និង 4G ដ៏ជឿនលឿនរបស់ Huawei រួមទាំងដំណោះស្រាយ MetaAAU ដែលពង្រឹងការគ្របដណ្តប់ សមត្ថភាពបណ្តាញ និងបទពិសោធរបស់អ្នកប្រើប្រាស់ ព្រមទាំងកាត់បន្ថយការប្រើប្រាស់ថាមពល។ ការវិនិយោគទាំងនេះនឹងពន្លឿនការផ្លាស់ប្តូររបស់កម្ពុជាឆ្ពោះទៅរកការប្រើប្រាស់ 5G យ៉ាងទូលំទូលាយ ដែលអនុញ្ញាតឱ្យមានការភ្ជាប់ទំនាក់ទំនងល្បឿនលឿន កម្មវិធីដែលមានកម្រិតភាពយឺតទាប និងសេវាកម្មឌីជីថលជំនាន់ថ្មី។

 

២. ហេដ្ឋារចនាសម្ព័ន្ធបញ្ញាសិប្បនិម្មិត (AI) និង Cloud៖ កិច្ចសហការលើហេដ្ឋារចនាសម្ព័ន្ធ AI cloud និងសមត្ថភាព Model-as-a-Service (MaaS) ដោយបង្កើតគ្រឹះសម្រាប់កម្មវិធីបញ្ញាសិប្បនិម្មិតនាពេលអនាគត ដែលអាចគាំទ្រដល់អាជីវកម្ម ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានអប់រំ និងសហគ្រិនឌីជីថល។ តាមរយៈការទាញយកសមត្ថភាព AI កម្រិតខ្ពស់មកកាន់ប្រទេសកម្ពុជា ក្រុមហ៊ុនសែលកាត មានគោលបំណងជួយជ្រោមជ្រែងប្រទេសជាតិឱ្យឈានទៅមុខលើផ្នែកសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។

 

៣. មជ្ឈមណ្ឌលទិន្នន័យឌីជីថលទំនើប៖ ក្រុមហ៊ុនសែលកាតនិងក្រុមហ៊ុនបុត្រសម្ព័ន្ឋផ្សេងទៀតរបស់ RGC នឹងធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលទិន្នន័យរបស់ខ្លួន តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយ Fusion Module 2000 ដែលជា Modular Data Center របស់ Huawei។ ការធ្វើទំនើបកម្មនេះនឹងបង្កើនភាពជឿជាក់ សមត្ថភាពពង្រីក សុវត្ថិភាព និងប្រសិទ្ធភាពប្រតិបត្តិការ ព្រមទាំងគាំទ្រដល់កំណើននាពេលអនាគតនៃសេវាកម្ម Cloud វេទិកាឌីជីថល និងបន្ទុកការងារ AI។

 

៤. ការធ្វើទំនើបកម្មបណ្តាញ៖ កិច្ចសហប្រតិបត្តិការនេះរួមបញ្ចូលទាំងការធ្វើទំនើបកម្មបណ្តាញ DWDM របស់ក្រុមហ៊ុនសែលកាតដែលពង្រឹងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ស្នូល និងបង្កើតឱ្យមានភាពធន់ សមត្ថភាព និងគុណភាពសេវាកម្មកាន់តែប្រសើរ។ ការវិនិយោគនេះនឹងបង្កើតបណ្តាញខ្នងបង្អែកឌីជីថលកាន់តែរឹងមាំ ដែលមានសមត្ថភាពគាំទ្រដល់ការប្រើប្រាស់ទិន្នន័យកើនឡើងយ៉ាងឆាប់រហ័សរបស់កម្ពុជា និងសេដ្ឋកិច្ចឌីជីថលដែលកំពុងរីកចម្រើន។

 

៥. ការផ្លាស់ប្តូរបណ្តាញអ៊ីនធឺណិតខ្សែកាបិ៍អុបទិក (Fibre Broadband)៖​ តាមរយៈកិច្ចសហការ និងភាពជាដៃគូក្នុងសម្ព័ន្ធក្រុមហ៊ុន ហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណិតខ្សែកាបអុបទិកតាមផ្ទះ FTTH នៅរាជធានីភ្នំពេញ នឹងត្រូវធ្វើទំនើបកម្ម តាមរយៈបច្ចេកវិទ្យា XGS-PON ដែលមានសមត្ថភាពផ្តល់ល្បឿនអ៊ីនធឺណិត រហូតដល់ 1Gbps ជូនដល់អតិថិជន។ តាមរយៈការបូកបញ្ចូលគ្នាជាមួយដំណោះស្រាយ WiFi Sense ដ៏ច្នៃប្រឌិតរបស់ Huawei អតិថិជននឹងទទួលបានអត្ថប្រយោជន៍ពីការភ្ជាប់ទំនាក់ទំនងក្នុងផ្ទះកាន់តែប្រសើរ បទពិសោធសេវាកម្មដ៏ល្អ និងសមត្ថភាពប្រព័ន្ធអ៊ីនធឺណិតកម្រិតខ្ពស់ ។

 

៦. បទពិសោធអតិថិជនដែលដឹកនាំដោយ AI៖ ការដាក់ឱ្យប្រើប្រាស់បច្ចេកវិទ្យា Huawei SmartCare នឹងបង្កើតវេទិកាគ្រប់គ្រងបទពិសោធអតិថិជន ដែលមានសមត្ថភាពកែលម្អគុណភាពសេវាកម្មយ៉ាងសកម្ម ពង្រឹងការពេញចិត្តរបស់អតិថិជន និងផ្តល់នូវបទពិសោធឌីជីថលដែលស្របតាមតម្រូវការបុគ្គលកាន់តែប្រសើរ។

 

៧. បច្ចេកវិទ្យាបៃតង និងប្រតិបត្តិការប្រកបដោយចីរភាព៖ វេទិកាសន្សំសំចៃថាមពល PowerStar របស់ Huawei នឹងជួយក្រុមហ៊ុនសែលកាតកែលម្អប្រសិទ្ធភាពថាមពលបណ្តាញ កាត់បន្ថយការប្រើប្រាស់អគ្គិសនី និងគាំទ្រដល់គោលដៅចីរភាពបរិស្ថានរបស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមទាំងនេះពង្រឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនសែលកាតចំពោះកំណើនប្រកបដោយការទទួលខុសត្រូវ ក្នុងពេលជាមួយគ្នានឹងការបង្កើតប្រព័ន្ធអេកូឡូស៊ីហេដ្ឋារចនាសម្ព័ន្ធឌីជីថលដែលកាន់តែបៃតង និងមានប្រសិទ្ធភាពជាងមុន។

 

825279915 1503826948457087 1873592334873560854 N

 

សូមជម្រាបថា ក្រុមហ៊ុនសែលកាតគឺជាប្រតិបត្តិករទូរគមនាគមន៍ឌីជីថលដែលបាន ចាប់ដំណើរការក្នុងឆ្នាំ ១៩៩៦ និងបានចុះបញ្ជីជាសាធារណៈដ៏ធំលើផ្សារមូលបត្រកម្ពុជា (CSX)។ តាមរយៈសេវា 4G សេវា 5G និងសេវាអ៊ីនធឺណិត   ក្រុមហ៊ុនសែលកាតផ្ដល់ជូនអតិថិជនជាង 4 លាននាក់នូវការភ្ជាប់ទំនាក់ទំនងសម្រាប់ការរស់នៅ ធ្វើការ សិក្សា និងកម្សាន្ត។ ព័ត៌មានបន្ថែមសូមទាក់ទងតាមលេខទូរស័ព្ទ៖ 012 812 812៕

 

Photo 2026 09 28 16 51 36

Photo 2026 09 28 16 51 05

Photo 2026 09 28 16 51 16

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia