ពីក្របំផុត ទៅជាមានទ្រព្យបំផុត! នេះជារឿងរ៉ាវនៅពីក្រោយជីវិតជោគជ័យ បុគ្គលល្បីៗ ដែលជាកម្លាំងជម្រុញចិត្ត ឲ្យមនុស្សចេះតស៊ូ
Chan SophonSEPTEMBER 19 202686 views

មនុស្សភាគច្រើន តែងតែគិតថា ជីវិតពិបាក ហើយតែងតែបោះបង់ចោលនូវអ្វីដែលខ្លួនកំពុងធ្វើ ព្រោះរង់ចាំពេលវេលាជោគជ័យក្នុងជីវិតវាយូរពេក។ ប៉ុន្តែបើនិយាយពីជីវិតរបស់បុគ្គលល្បីៗមួយចំនួនខាងក្រោម ពួកគេ មិនបានបោះបង់ ឬចុះចាញ់ជាមួយភាពលំបាកក្នុងជីវិតឡើយ។ ដោយពួកគេបាន ជំនះរហូតប្រែក្លាយជីវិតពី​ភាព​ក្រីក្រ ​រហូតដល់​ភាព​មានបាន មានទ្រព្យច្រើនរាប់រយលានដុល្លារ។ 

ខាងក្រោម ជារឿងរ៉ាវជីវិត នៅពីក្រោយភាពមានបានរបស់ពួកគេ ដែលអ្នកគួរយកគំរូតាម ក៏ដូចជាកម្លាំងជំរុញចិត្តឲ្យគ្រប់គ្នាចេះតស៊ូផងដែរ៖

 

១.សិល្បការិនី Oprah Winfrey ជាពិធីការិនី​ទូរទស្សន៍ ជាអ្នកផលិត និង​ជាអ្នកនិពន្ធ ​សព្វថ្ងៃមាន​ទ្រព្យសម្បត្តិ​ចំនួន ៣.៤ពាន់​លាន​ដុល្លារ។ នាងមិនមែន​មកពី​ត្រកូល​អ្នកមាន​ទ្រព្យអី​នោះទេ តាមពិតទៅ Oprah Winfrey មាន​ប្រវត្តិ​ដ៏​លំបាក​មួយ ​មុនពេល​ជោគជ័យនេះ។ នាងកើត និង​ធំធាត់​ក្នុង​ភាពក្រីក្រ​នៅ​រដ្ឋ Mississippi ក្នុង​គ្រួសារមានបងប្អូន​បួននាក់ ហើយនាងត្រូវរ៉ាប់រង​ជួយគ្រួសារតាំងពីវ័យជំទង់។ ការតស៊ូ និងការជំនះភាពលំបាកអស់រយៈពេលជាច្រើនឆ្នាំ ជីវិតរបស់ Winfrey បានផ្លាស់ប្តូរ។ នាងបានចាប់ផ្តើមស្តារជីវិតឡើងវិញ ដោយផ្តោតលើសាលារៀន និងការនិយាយជាសាធារណៈ ដែលជាទេពកោសល្យមួយបោះជំហានឆ្ពោះទៅរកភាពល្បីល្បាញ។ ការតាំងចិត្តរបស់នាងក្នុងការដើរតាមក្ដីស្រមៃក្នុងវិស័យសារព័ត៌មាន គឺជាអ្វីដែលនាំឲ្យនាងក្លាយជាមហាសេដ្ឋី នាពេលបច្ចុប្បន្ន។

Images (1)

២.តារាចម្រៀងកូរ៉េ Eunhyuk មុនពេលមានក្រុមល្បីៗដូចសព្វថ្ងៃ កាលពីមុនមានក្រុម Super Junior ដែលទទួលបានជោគជ័យយ៉ាងខ្លាំងជាមួយនឹងសមាជិកដ៏មានទេពកោសល្យចំនួន ១៣នាក់ក្នុងឆ្នាំ ២០០៥ ជាមួយនឹងទ្រព្យសម្បត្តិសុទ្ធចំនួន ២៦.៤លានដុល្លារ។ ប៉ុន្តែជីវិត Eunhyuk មិនស្រួលដូចសមាជិកដទៃទេ ដោយតារាប្រុសរូបនេះ ឆ្លងកាត់ការសម្ដែងតាមដងផ្លូវ និងត្រូវភ្នាក់ងារក្រុមហ៊ុនល្បីៗបដិសេធន៍ជាច្រើនដង ប៉ុន្តែគាត់នៅតែបន្តតស៊ូដោយហ្វឹកហាត់រាំ សម្តែង ច្រៀង និងថែមទាំងបានចូលរៀនភាសាចិនកុកងឺដើម្បីពង្រីកឱកាសថែមទៀត រហូតមានឈ្មោះល្បី និងរក្សាប្រជាប្រិយភាពរកចំណូលបានដល់សព្វថ្ងៃ។

Images

៣.តារាសម្ដែង Tom Cruise ជាតារាភាពយន្តដែលឈ្នះពានរង្វាន់ និងរកចំណូលបានច្រើនជាងគេរូបនេះ ត្រូវបានគេរាយការណ៍ថា ជាតារាសម្តែងដែលមានប្រាក់ខែខ្ពស់បំផុតម្នាក់នៅលើពិភពលោក ជាមួយនឹង ទ្រព្យសម្បត្តិសុទ្ធចំនួន ៦០០លានដុល្លារ។ មុនពេលក្លាយជាតារាល្បីឈ្មោះ Tom Cruise បានឆ្លងកាត់កុមារភាពដ៏លំបាកមួយ ធំធាត់ក្បែរភាពក្រីក្រ និងត្រូវបានឪពុកម្ដាយលែងលះគ្នា ដោយម្តាយរបស់គាត់ បានដើរចេញពីគ្រួសារព្រោះឈ្លោះគ្នាជាមួយឪពុកគាត់ នៅពេលគាត់មានអាយុត្រឹមតែ ១២ ឆ្នាំប៉ុណ្ណោះ។ Cruise បានផ្លាស់ទីលំនៅទៅទូទាំងប្រទេសជាញឹកញាប់ ដោយសារតែមុខរបររបស់ឪពុកគាត់ ដែលនាំឲ្យគាត់ចូលរៀននៅសាលាចំនួន ១៥ ផ្សេងគ្នាក្នុងរយៈពេល ១៤ ឆ្នាំ។ តែដោយការស្រលាញ់សិល្បៈ គាត់បានវេចបង្វិចទៅទីក្រុង ដើម្បីចាប់ក្ដីស្រមៃ រហូតក្លាយជាតារាលំដាប់ពិភពលោកដូចសព្វថ្ងៃ។

Tc

៤.តារាសម្ដែង Jackie Chan កើតនៅទីក្រុងហុងកុងក្នុងគ្រួសារជនភៀសខ្លួនចិនក្នុងសម័យសង្គ្រាមស៊ីវិល ឪពុកម្តាយរបស់គាត់បានធ្វើការឲ្យស្ថានទូតបារាំងជាអ្នកថែរក្សាផ្ទះ និងជាចុងភៅ។ ទោះបីជាមានអសន្តិសុខផ្នែកហិរញ្ញវត្ថុក៏ដោយ ពួកគាត់បានជួយ Chan ឲ្យរៀនបានចប់។ ជាអកុសល ការសិក្សាមិនមែនជាជម្រើសដ៏ល្អបំផុតរបស់គាត់ទេ ហើយគាត់ថែមទាំងធ្លាក់ឆ្នាំទីមួយនៅសាលាបឋមសិក្សាទៀតផង។ ដូច្នេះ Chan មិនអាចអាន ឬសរសេរបានទេ។ ជាសំណាងល្អ សិល្បៈក្បាច់គុន និងកាយសម្ព័ន្ធគឺជាកន្លែងដែលគាត់ពេញចិត្ត។ លទ្ធផល Jackie Chan បានបង្ហាញខ្លួនក្នុងខ្សែភាពយន្តជាង ១៥០រឿង ហើយឥឡូវនេះ គាត់គឺជាអ្នកដឹកនាំរឿង និងជាអ្នករៀបចំក្បាច់រាំបែបសកម្មភាពដ៏មានឥទ្ធិពលម្នាក់ផងដែរ។

 Images (2)

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia