គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ នេះ បានរៀបចំកិច្ចប្រជុំច្រកចេញចូលតែមួយ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគចំនួន ៧ ដែលមានទីតាំងនៅខេត្តកំពង់ស្ពឺ ស្ទឹងត្រែង និងពោធិ៍សាត់។ ដោយកិច្ចប្រជុំនេះធ្វើឡើងនៅក្រោមអធិបតីភាព ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។

តាមការបញ្ជាក់ពីគណៈកម្មាធិការវិនិយោគកម្ពុជាបានឲ្យដឹងថា គម្រោងវិនិយោគទាំង ៧ នេះ មានទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៩០០កន្លែង និងមានមុខសញ្ញាវិនិយោគក្នុងវិស័យឧស្សាហកម្មចំនួន២គម្រោង៖ រោងចក្របោកគក់ ជ្រលក់ពណ៌ និងបោះពុម្ភ, សាងសង់អាងប្រព្រឹត្តកម្ម និងឡចំហាយ។

ដោយឡែកវិស័យកសិ-ឧស្សាហកម្មមានចំនួន១គម្រោងគឺ រោងចក្រចម្រាញ់ប្រេងឆា (ប្រេងកន្ទក់, ប្រេងសណ្តែកសៀង, ប្រេងពោត និងប្រេងអូលីវ) និងវិស័យហេដ្ឋារចនាសម្ព័ន្ធចំនួន៤គម្រោងគឺ៖គម្រោងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព២០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព១០០មេហ្គាវ៉ាត់, អភិវឌ្ឍន៍ស្ថានីយប្រព័ន្ធអាគុយស្តុកទុកថាមពល អានុភាព ៥០០មេហ្គាវ៉ាត់/១០០០មេហ្គាវ៉ាត់ម៉ោង (500 MW/1000 MWH), និងអភិវឌ្ឍន៍ស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់៕



