ដំណឹងល្អ! ក្រុមហ៊ុនជប៉ុន គ្រោងវិនិយោគ ផលិតប្រេងពីសំបកគ្រាប់ស្វាយចន្ទី ក្នុងខេត្តមួយនេះ
Chan SophonAUGUST 28 2026132 views

កាលពីថ្ងៃទី ២៦ ខែសីហា ឆ្នាំ ២០២៥ កន្លងទៅ សមាគមគ្រាប់ស្វាយចន្ទីកម្ពុជា (CAC) បានជួបពិភាក្សា ជាមួយមជ្ឈមណ្ឌលសហប្រតិបត្តិការប្រេងកាត និងថាមពលប្រកបដោយចីរភាពរបស់ប្រទេសជប៉ុន (JCCP) និងក្រុមហ៊ុន Top Planning Japan Co., Ltd. (TPJ) ស្តីពីការអភិវឌ្ឍឱកាសថាមពលដែលកែច្នៃពីផលគ្រាប់ស្វាយចន្ទី។

 

កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាល CAC ក្នុងខេត្តកំពង់ធំ ដោយផ្តោតលើគម្រោងដើម្បី ផលិត សារធាតុរាវចេញពីសំបកគ្រាប់ស្វាយចន្ទី (CNSL) ​ធ្យូង​ជីវសាស្ត្រ (Biochar) និងបំប្លែងសំណល់សំបកដែលនៅសល់ ទៅជាផលិតផលដែលមានមូលដ្ឋានលើកាបូន។ ហើយគម្រោងនេះ ត្រូវបានគេរំពឹងថា នឹងបង្ហាញពីបច្ចេកវិទ្យា និងវាយតម្លៃឱកាសសម្រាប់កិច្ចសហប្រតិបត្តិការនាពេលអនាគតជាមួយ CAC និងឧស្សាហកម្មកែច្នៃគ្រាប់ស្វាយចន្ទីរបស់កម្ពុជាផងដែរ។

 

បើយោងតាម គំរូកែច្នៃតាមទ្រឹស្តី គ្រាប់ស្វាយចន្ទីឆៅ ១០០ គីឡូក្រាម អាចផលិតគ្រាប់បានប្រហែល ២៥ គីឡូក្រាម និងសំបកបាន ៧៥ គីឡូក្រាម។ ដូច្នេះសំបកទាំងនោះ អាចមានលទ្ធភាពទាញយក ប្រេង CNSL ប្រហែល ១៥ គីឡូក្រាម និងសំណល់សំបក ៦០ គីឡូក្រាម មកវិញ។

 

លោក Okamura បាននិយាយថា ធ្យូងជីវសាស្រ្តសំបកគ្រាប់ស្វាយចន្ទីអាចមានផ្ទុកកាបូនរហូតដល់ ៩០% បើប្រៀបធៀបទៅនឹងធ្យូងជីវសាស្រ្តអង្កាមតែ ៥០%ប៉ុណ្ណោះ។ ធ្យូងជីវសាស្រ្តកសិកម្មអាចត្រូវបានប្រើដើម្បីកែលម្អសុខភាពដី និងជីជាតិដី និងអាចបង្កើនការស្រូបយកសារធាតុចិញ្ចឹមដោយដំណាំ។  ហើយលោកក៏បានមានប្រសាសន៍ថា CNSL អាចយកលាយជាមួយប្រេងម៉ាស៊ូត ដោយមានល្បាយនៃ CNSL ៨០% និងប្រេងម៉ាស៊ូត ២០% ហើយអាចប្រើជំនួសប្រេងឥន្ធនៈបានផងដែរ។ ការអនុវត្តបែបនេះ អាចជួយដល់កម្ពុជាកាត់បន្ថយក្នុងការនាំចូលប្រេងកាត ប្រសិនបើបច្ចេកវិទ្យានេះអាចសម្រេចទៅបាន។

 

គួរន្ថែមថា គម្រោងបង្កើត CNSL នៅរោងចក្រ Mirarth ក្នុងខេត្តកំពង់ធំ គ្រោងនឹងចាប់ផ្តើមប្រតិបត្តិការនៅក្នុង ខែធ្នូ ឆ្នាំ២០២៦។ ហើយវានឹងក្លាយជាកន្លែងទាញយក CNSL ទីពីររបស់ប្រទេសកម្ពុជា បន្ទាប់ពីរោងចក្រខ្នាតមធ្យមដែលបង្កើតឡើងដោយក្រុមហ៊ុនចិនមួយនៅក្នុងខេត្តនេះដែរ៕

ប្រភព៖ សមាគមស្វាយចន្ទីកម្ពុជា

ដំណឹងល្អ! កូរ៉េ នឹងមកសិក្សាលើគម្រោងបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងកម្ពុជាឆាប់ៗនេះហើយ
ធី ស្រីល័ក្ខAUGUST 3 2023252 views

មុននេះបន្តិច យោងតាមការចុះផ្សាយដោយក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស លើគម្រោងសិក្សាលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា។

នៅក្នុងជំនួបនេះផងដែរ ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានជួបពិភាក្សាការងារជាមួយប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទកូរ៉េ (Korea Rural Economic Institute)  និងតំណាងសមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេស (Korea Oversea Agro-Resourced Association: AOAA) ដែលដឹកនាំដោយ លោកបណ្ឌិត Heo Jang ប្រធានគម្រោង ចុះមកសិក្សា ដើម្បីពិនិត្យនិងពិភាក្សាលើលទ្ធភាពក្នុងការបង្កើតរោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅក្នុងប្រទេសកម្ពុជា ដោយមានការចូលរួមពីលោកអគ្គនាយករងជំរុញពាណិជ្ជកម្ម និងមន្ត្រីជំនាញនៃនាយកដ្ឋានគោលនយោបាយពាណិជ្ជកម្ម។

2

ក្នុងឱកាសនោះ លោកបណ្ឌិត Heo Jang បានជម្រាបអំពីបំណងក្នុងការចូលរួមលើកកម្ពស់វិស័យស្វាយចន្ទីកម្ពុជា ដោយពិនិត្យឃើញថាកន្លងមកស្វាយចន្ទីភាគច្រើនត្រូវបាននាំចេញទៅក្រៅប្រទេសដោយមិនទាន់បានកែច្នៃ ដែលនាំឱ្យបាត់បង់នូវតម្លៃបន្ថែម។ ហេតុដូចនេះ សមាគមធនធានកសិ-ឧស្សាហកម្មកូរ៉េនៅក្រៅប្រទេសរបស់កូរ៉េមានគោលបំណងក្នុងការចុះមកសិក្សានិងពិនិត្យលទ្ធភាព ក្នុងការបង្កើតរោងចក្រកែច្នៃចន្ទី តាមរយៈគម្រោងអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង(ODA) ដែលអាចនឹងជួយបង្កើនតម្លៃបន្ថែមលើចន្ទីកម្ពុជាក្នុងការនាំចេញទៅទីផ្សារពិភពលោក។

3

បន្ថែមពីលើនេះ ឯកឧត្តមក៏បានស្នើសុំឱ្យប្រតិភូកូរ៉េ ជួយផ្សព្វផ្សាយនិងទាក់ទាញវិនិយោគិនកូរ៉េបន្ថែមមកវិនិយោគលើការកែច្នៃស្វាយចន្ទីក្នុងប្រទេសកម្ពុជា ក៏ដូចជាទិញទំនិញពីកម្ពុជាឱ្យបានកាន់តែច្រើនដោយសារប្រទេសទាំងពីរមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី(FTA)រវាងគ្នា ដែលមានមុខទំនិញជាច្រើនមានអត្រាពន្ធ០% ក្នុងនោះក៏មានគ្រាប់ស្វាយចន្ទីផងដែរ ដើម្បីបង្កើននូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ៕

1

អត្ថបទ៖ ធី ស្រីល័ក្ខ

Footer Background
ស្វែងយល់អំពីពួកយើង
sam.businesscambodia@gmail.com
អត្ថបទផ្សេងៗ
ទំនាក់ទំនងមកពួកយើង
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia