ក្រុមហ៊ុន Apple បានព្រមានទៅដល់អ្នកប្រើប្រាស់ iPhone និង iPad ទាំងអស់អំពីល្បិចបោកប្រាស់ដែលកំពុងរីករាលដាលយ៉ាងឆាប់រហ័ស ដោយជនឆបោកបានប្រើប្រាស់កម្មវិធី FaceTime ដើម្បីលួចយកប្រាក់ និងព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ នេះបើតាមការដកស្រង់ចេញពីសារព័ត៌មាន Yahoo។
ប្រភពខាងលើបានបន្តឲ្យដឹងទៀតថា ជនបោកប្រាស់គឺបាន Call តាម FaceTime ឬផ្ញើតំណភ្ជាប់ Linkដោយកែបន្លំលេខទូរស័ព្ទដែលបង្ហាញលើអេក្រង់របស់អ្នកដើម្បីឱ្យការខលនោះមើលទៅដូចជាមកពីក្រុមហ៊ុន Apple អ្នកតេទៅមួយចំនួនថែមទាំងបានដឹងពីព័ត៌មានលម្អិតរបស់អ្នកស្រាប់ទៀតផង ដូចជាអាសយដ្ឋានផ្ទះ ឬកន្លែងធ្វើការ ដែលពួកគេលើកឡើងនៅដើមដំបូងដើម្បីធ្វើឱ្យមើលទៅគួរឱ្យទុកចិត្ត។
ជាមួយគ្នានោះដែរ នៅពេលដែលពួកគេទាក់ទាញអារម្មណ៍របស់អ្នកបានហើយ រឿងរ៉ាវដែលគេលើកឡើងជាទូទៅតែងតែទាក់ទងនឹងរឿងបន្ទាន់ៗ។ អ្នកតេមកអាចអះអាងថា មាននរណាម្នាក់បានចូលប្រព័ន្ធគណនី iCloud របស់អ្នក ឬបានធ្វើប្រតិបត្តិការទូទាត់ប្រាក់តាម Apple Pay ដោយគ្មានការអនុញ្ញាត ហើយគេបម្រុងជួយដោះស្រាយបញ្ហានេះឱ្យអ្នកប៉ុន្តែគោលបំណងពិតប្រាកដនោះគឺ បញ្ចុះបញ្ចូលអ្នកឱ្យចែករំលែកលេខកូដសម្ងាត់ឬព័ត៌មានទូទាត់ប្រាក់ភ្លាមៗនៅពេលនោះ ដែលពួកគេនឹងប្រើវាដើម្បីលួចយកប្រាក់ពីគណនីរបស់អ្នករហូតអស់។
ក្រុមហ៊ុន Apple ក៏បានបញ្ជាក់ថា សូមអ្នកប្រើ iPhone និង ipad ទាំងអស់កុំប្រញាប់ប្រញាល់ធ្វើតាមការណែនាំ ខណៈពេលដែលកំពុងនិយាយទូរស័ព្ទឱ្យសោះត្រូវចុចផ្ដាច់ការខលនោះ ក្រុមហ៊ុន Apple បានស្នើឱ្យអ្នកប្រើប្រាស់ថតរូបអេក្រង់ការតេ ឬតំណភ្ជាប់ FaceTime ដែលគួរឱ្យសង្ស័យ រួចផ្ញើអ៊ីមែលទៅកាន់ reportfacetimefraud@apple.com។ លើសពីនេះ ការប្លុកការខលបោកប្រាស់នៅលើ iPhone របស់អ្នកជាមុន ក៏អាចជួយការពារមិនឱ្យពួកគេទាក់ទងមកអ្នកបានផងដែរ៕



