ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគបង្កើតរោងចក្រដំឡើងរថយន្ដ និងរថយន្ដអគ្គិសនីចំនួន ២ ដែលទុនវិនិយោគសរុបជាង ៥០ លានដុល្លារ និងអាចបង្កើតឱកាសការងារជាច្រើនកន្លែងជូនប្រជាជនកម្ពុជាផងដែរ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ CDC គម្រោងរោងចក្រដំឡើងរថយន្ដថ្មីទាំង ២ នេះមានទីតាំងនៅខេត្ដកណ្ដាល ១ គម្រោង និងនៅខេត្ដពោធិ៍សាត់ ១ គម្រោង។ ដោយក្នុងនោះសម្រាប់រោងចក្រនៅខេត្ដកណ្ដាល មានទុនវិនិយោគប្រមាណ ១១ លានដុល្លារ និងអាចបង្កើតការងារចំនួន ១៦០ កន្លែងនៅពេលបើកដំណើរការ។ សម្រាប់រោងចក្រនៅខេត្ដពោធិ៍សាត់វិញមានទុនវិនិយោគប្រមាណ ៤៦ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៦១១ កន្លែងនៅពេលរោងចក្របើកដំណើរការផងដែរ។
គួរជម្រាបផងដែរថា តាមរបាយការណ៍របស់ CDC នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦ នេះ កម្ពុជាទទួលបានគម្រោងវិនិយោគសរុប ១៤៦ គម្រោង មានទុនវិនិយោគសរុប ២.៥ ពាន់លានដុល្លារ និងអាចបង្កើតឱកាសការងារបានប្រមាណជាង ៨ ម៉ឺនកន្លែងឯណោះជូនប្រជាជន៕



