នេះគឺជាដំណឹងដ៏ល្អមួយសម្រាប់ប្រជាជនដែលកំពុងរស់នៅក្នុង ស្រុកក្រគរ ខេត្តពោធិ៍សាត់ ខណៈឆាប់ៗខាងមុខនេះខេត្តសំណាងមួយនេះនឹងមានរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី "EV" ហើយនៅពេលដែលរោងចក្រនេះលេចរូបរាងឡើងនឹងអាចបង្កើតឱកាសការងាររាប់រយកន្លែងដល់ប្រជាជនរស់នៅក្នុងតំបន់នេះផងដែរ។
ជាក់ស្តែង បើតាមការបង្ហោះលើផេកផ្លូវការរបស់ គណៈកម្មាធិការវិនិយោគកម្ពុជា បានឱ្យដឹងថាកម្ពុជាទទួលបានគម្រោងវិនិយោគថ្មីមួយគឺការបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្តអគ្គិសនី "EV" ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសពោធិ៍សាត់ ក្នុងទំហំទុនវិនិយោគ ៤៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២៨កន្លែង។

គួររំលឹកថា បើយោងតាមសេចក្តីប្រកាសរបស់ CDC ចុះផ្សាយនាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ កន្លងទៅនេះបានឱ្យដឹងថា នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៦ គម្រោងវិនិយោគសរុបដែលត្រូវបានចុះបញ្ជីនៅកម្ពុជាទាំងការចុះបញ្ជីដោយ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ទាំងការចុះបញ្ជីដោយអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.1.ខ.) មានចំនួន ៤២ ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ១៦៦លានដុល្លារអាម៉េរិក និងអាចបង្កើត ការងារសរុបប្រមាណ ២៤ពាន់កន្លែងផងដែរ៕



