ក្រុមហ៊ុន CANKOR International ដែលមានដើមកំណើតមកពីប្រទេសកាណាដា មានគម្រោងសាងសង់រោងចក្ររបស់ខ្លួននៅក្នុងប្រទេសកម្ពុជាដើម្បីកែច្នៃផលិតផលសិកម្មនាំចេញទៅទីផ្សារបរទេស។ គម្រោងនេះត្រូវបានបញ្ជាក់ដោយលោក Daniel C. Gauthier ជាស្ថាបនិក និងជាប្រធានក្រុមហ៊ុន CANKOR International នៅក្នុងជំនួបជាមួយឯកឧត្ដម ឃួន ផុនរតនៈ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

តាមការបញ្ជាក់ពីស្ថានទួតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក Daniel បានបង្ហាញអំពីចំណាប់អារម្មណ៍ក្នុងការធ្វើពាណិជ្ជកម្មលើផលិតផលកសិកម្មរបស់កម្ពុជាមួយចំនួនរួមមាន ម្រេច គ្រាប់ស្វាយចន្ទី និងដំណាប់ស្វាយជាដើម។ លោកមានគម្រោងបើករោងចក្រផលិតម្រេចក្នុងខេត្តព្រះសីហនុ រួចធ្វើការនាំចេញទៅប្រទេសកាណាដា។

ជាមួយគ្នានោះ ឯកឧត្តមឯកអគ្គរាជទូត បានស្វាគមន៍ចំពោះគម្រោងរបស់លោក Daniel នឹងបានជម្រាបលោក Daniel ដោយសង្ខេបអំពីស្ថានភាពនាំចេញផលិតផលកសិកម្មរបស់ប្រទេសកម្ពុជាមកកូរ៉េ ក៏ដូចជាបណ្តាប្រទេសផ្សេងទៀតនៅតំបន់អាស៊ី និងអឺរ៉ុប។

ឯកឧត្តមបានស្នើឱ្យលោក Daniel អញ្ជើញទៅប្រទេសកម្ពុជា ហើយស្ថានទូតនឹងជួយសម្របសម្រួលជំនួបរវាងលោក Daniel និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងខេត្ត ពិសេសសមាគមម្រេច និងគ្រាប់ស្វាយចន្ទី៕




