លោកអ្នកឧកញ៉ា បណ្ឌិត ពុង ឃាវសែ បង្ហើបដើមទុនដំបូងនៃការបង្កើតធនាគារកាណាឌីយ៉ា
Bunthoeun Koem•NOVEMBER 22 2026•82 views

ធនាគារ កាណាឌីយ៉ា (Canadia Bank) ត្រូវបានបង្កើតឡើងដំបូងដោយមានដើមទុនចាប់ផ្តើមត្រឹមតែ ៥០ ម៉ឺនដុល្លារប៉ុណ្ណោះ ក្រោមការផ្តួចផ្តើម និងការពុះពាររបស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន OCIC ដែលបានប្រមូលទុនពីអនិកជនខ្មែរនៅក្រៅប្រទេសអំឡុងឆ្នាំ ១៩៩០ និងឆ្នាំ ១៩៩១។  

 

នៅក្នុងកិច្ចសំណេះសំណាលមួយ លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានរៀបរាប់ពីប្រវត្តិ និងការតស៊ូដំបូងបង្អស់របស់ស្ថាប័នហិរញ្ញវត្ថុមួយនេះ។ លោកអ្នកឧកញ៉ាបណ្ឌិតបានលើកឡើងថា នៅឆ្នាំ ១៩៩០ លោកបានចាកចេញពីប្រទេសកាណាដា ដោយមានបំណងត្រឡប់មករកស៊ីនៅរាជធានីភ្នំពេញ ដើម្បីចូលរួមអភិវឌ្ឍប្រទេសជាតិ ខណៈដែលកម្ពុជាកំពុងឈានទៅរកសន្តិភាព និងបញ្ចប់សង្គ្រាម។ លោកក៏បានបង្កើតក្រុមហ៊ុនអនិកជនកម្ពុជា  និងចុះទៅប្រមូលទុនពីពលរដ្ឋខ្មែរនៅក្រៅប្រទេស ដោយកំណត់តម្លៃ ១ ហ៊ុន ស្មើនឹង ១ ០០០ ដុល្លារ ហើយប្រមូលបានប្រមាណ ២ លានដុល្លារនៅឆ្នាំ ១៩៩១។  

 

524576084 1163428032493881 4082637701296123823 N

 

លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ បានបន្តថា ទុនទាំងនោះត្រូវបានយកមកបង្កើតជា «ក្រុមហ៊ុនមាស និងឥណទាន កាណាឌីយ៉ា» ដោយសារតែនៅជំនាន់នោះ ប្រជាជនខ្មែរមិនទាន់ទុកចិត្តលើការប្រើប្រាស់លុយរៀលនៅឡើយ ហើយភាគច្រើននិយមទិញដូរ និងចាយវាយជាមាស។

 

នៅពេលចាប់ផ្តើមប្រតិបត្តិការធនាគារ ធនាគារកាណាឌីយ៉ា មានទុនចាប់ផ្តើមត្រឹមតែ ៥០ ម៉ឺនដុល្លារ ហើយក្រោយពីកាត់ចំណាយលើម៉ាស៊ីន និងឧបករណ៍ផ្សេងៗរួច នៅសល់សាច់ប្រាក់ (Cash) ប្រមាណ ៩ ម៉ឺនដុល្លារប៉ុណ្ណោះ ដែលតិចជាងធនាគារពាណិជ្ជកម្មកម្ពុជា (CCB) ដែលបានបើកដំណើរការមុន ៦ ខែ (ដោយធនាគារពាណិជ្ជកម្មកម្ពុជា បើកនៅខែកក្កដា ឯកាណាឌីយ៉ាបើកនៅខែវិច្ឆិកា)។

 

ទោះបីជាមានទុនតិច និងត្រូវប្រឈមនឹងការមើលស្រាលពីអ្នកជុំវិញខ្លះនៅដំណាក់កាលដំបូងក៏ដោយ ប៉ុន្តែដោយសារការគាំទ្រពីតំណាងធនាគារជាតិ ដែលទទួលស្គាល់ស្ថាប័ននេះជាធនាគារ ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់របស់លោកអ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ក្នុងការរក្សាភាពស្មោះត្រង់ ធនាគារកាណាឌីយ៉ា បានខិតខំប្រឹងប្រែងជម្នះគ្រប់ឧបសគ្គ រហូតក្លាយជាស្ថាប័នហិរញ្ញវត្ថុដ៏ធំមួយនៅកម្ពុជាដូចសព្វថ្ងៃ។

 

សូមជម្រាបផងដែថា ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩១ មក ធនាគារ កាណាឌីយ៉ា ជាធនាគារពាណិជ្ជដែលមានសេវាកម្មពេញលេញបំផុតមួយ ដែលមានជំនាញហិរញ្ញវត្ថុ និងភាពរឹងមាំឈរជើងជាងបីទសវត្សរ៍កន្លងមកហើយ។ គិតត្រឹមឆ្នាំ២០២៦ នេះ ធនាគារ កាណាឌីយ៉ា មានសាខាចំនួន ៧០ កន្លែងហើយនៅទូទាំងប្រទេសកម្ពុជា និងមានជំហរដ៏រឹងមាំក្នុងទីផ្សារហិរញ្ញវត្ថុ ទាំងប្រាក់កម្ចី និងប្រាក់បញ្ញើ គាំទ្រដោយទំនាក់ទំនងយ៉ាងទូលំទូលាយ រវាងធនាគារក្នុងស្រុក និងអន្តរជាតិ។

 

យោងតាមរបាយការណ៍នៅដំណាច់ឆ្នាំ ២០២៤ ទ្រព្យសកម្មសរុបរបស់សម្ព័ន្ធក្រុមហ៊ុន (គ្រុប) មានចំនួន ៨,៦ ពាន់លានដុល្លារ ជាមួយនឹងប្រាក់ចំណេញសុទ្ធសរុបចំនួន ៨៤,៦ លានដុល្លារ។ សម្រាប់លោកអ្នកដែលត្រូវការប្រើប្រាស់សេវាកម្មរបស់ធនាគារ កាណាឌីយ៉ា សូមទាក់ទងមកកាន់លេខ៖ ២៣ ៨៦៨ ២២២ | ០៧១ ៣៣៣ ៩៤៤៧៕

 

 110849 6 768x908

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia