រាជធានីភ្នំពេញ៖ ធនាគារ កាណាឌីយ៉ា ដែលជាធនាគារពាណិជ្ជឈានមុខគេមួយ និងជាធនាគារក្នុងស្រុកធំជាងគេបង្អស់នៅកម្ពុជា បានសហការជាមួយស្ថាប័នហិរញ្ញវត្ថុដៃគូចំនួន ៦ ផ្សេងទៀត ក្នុងការផ្តល់ហិរញ្ញប្បទានរួមទំហំ ១៨២ លានដុល្លារអាមេរិក ជូនដល់ក្រុមហ៊ុន SchneiTec Legacy Co., Ltd. ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន SchneiTec ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍ថាមពលកកើតឡើងវិញឈានមុខគេមួយនៅកម្ពុជា។
ឥណទាននេះនឹងត្រូវប្រើប្រាស់ដើម្បីគាំទ្រដល់ការអភិវឌ្ឍស្ថានីយប្រព័ន្ធស្តុកថាមពលអគ្គិសនីដើរដោយអាគុយ (BESS) ធំបំផុត និងដំបូងបង្អស់នៅកម្ពុជា ដែលមានទីតាំងស្ថិតក្នុងខេត្តពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។ គម្រោងជាប្រវត្តិសាស្ត្រនេះ នឹងជួយពង្រឹងស្ថិរភាពបណ្តាញអគ្គិសនីជាតិ ព្រមទាំងជំរុញការរួមបញ្ចូលថាមពលកកើតឡើងវិញទៅក្នុងប្រព័ន្ធថាមពលជាតិឱ្យកាន់តែទូលំទូលាយ។
លោក Dominic Notario (ទីពីរពីរាប់ពីឆ្វេង) នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយតំណាងធនាគារចូលរួមដទៃទៀត ក្រោមអធិបតីភាពជាសាក្សីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (កណ្តាល)
ធនាគារចិន (ហុងកុង) លីមីតធីត សាខាភ្នំពេញ បានដើរតួជាអ្នករៀបចំឥណទានចម្បង សម្រាប់ប្រតិបត្តិការនេះ ដោយមានធនាគារ កាណាឌីយ៉ា ចូលរួមសហការជាមួយស្ថាប័នហិរញ្ញវត្ថុផ្សេងទៀត។ ការផ្តល់ឥណទាននេះឆ្លុះបញ្ចាំងពីកិច្ចសហការយ៉ាងរឹងមាំរវាងធនាគារពាណិជ្ជជាដៃគូ ក្នុងការកៀងគរទុនវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចរយៈពេលវែង និងគោលដៅនិរន្តរភាពរបស់កម្ពុជា។
គម្រោងស្ថានីយប្រព័ន្ធស្តុកថាមពលអគ្គិសនីដើរដោយអាគុយនេះ គឺជាគម្រោងហេដ្ឋារចនាសម្ព័ន្ធថាមពលអាទិភាពជាតិ ដែលត្រូវបានរៀបចំឡើងដើម្បីពង្រឹងស្ថិរភាព និងភាពជឿទុកចិត្តបាននៃបណ្តាញបញ្ជូនអគ្គិសនីកម្ពុជា។ តាមរយៈការស្តុកទុកថាមពលអគ្គិសនីលើសតម្រូវការដែលផលិតចេញពីប្រភពថាមពលកកើតឡើងវិញ ជាពិសេសថាមពលពន្លឺព្រះអាទិត្យ និងបញ្ចេញថាមពលមកវិញនៅអំឡុងពេលដែលមានតម្រូវការប្រើប្រាស់ខ្ពស់ ស្ថានីយនេះនឹងជួយបង្កើនប្រសិទ្ធភាពប្រើប្រាស់ថាមពលស្អាតឱ្យដល់កម្រិតអតិបរមា កាត់បន្ថយបន្ទុកលើបណ្តាញអគ្គិសនី ព្រមទាំងគាំទ្រដល់គោលដៅអន្តរកាលថាមពល និងសន្តិសុខថាមពលរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោក Dominic Notario នាយកប្រតិបត្តិនៃធនាគារ កាណាឌីយ៉ា បានមានប្រសាសន៍ថា៖
«ការសហការផ្តល់ឥណទានរួមនេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់ធនាគារ កាណាឌីយ៉ា ក្នុងការគាំទ្រដល់គម្រោងហេដ្ឋារចនាសម្ព័ន្ធបែបបំប្លែងថ្មី ដែលជំរុញដំណើរការអន្តរកាលថាមពលនៅកម្ពុជា។ ខណៈពេលដែលប្រទេសកម្ពុជាកំពុងពង្រីកសមត្ថភាពបង្កើតថាមពលកកើតឡើងវិញ ប្រព័ន្ធស្តុកថាមពលដោយអាគុយនឹងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្ថិរភាពបណ្តាញអគ្គិសនី និងធានាថាថាមពលស្អាតអាចត្រូវបានយកមកប្រើប្រាស់កំឡុងពេលដែលមានតម្រូវការខ្ពស់បំផុត។ ដោយផ្អែកលើសមត្ថភាពសេវាធនាគារសាជីវកម្មខ្នាតធំដ៏រឹងមាំ និងការប្តេជ្ញាចិត្តចំពោះភាពជាដៃគូរយៈពេលវែង យើងខ្ញុំពិតជាមានកិត្តិយសក្នុងការគាំទ្រគម្រោងជាប្រវត្តិសាស្ត្រនេះ និងបន្តពង្រឹងតួនាទីជាដៃគូហិរញ្ញប្បទានប្រកបដោយទំនុកចិត្ត សម្រាប់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធខ្នាតធំនៅកម្ពុជា»។
ថ្នាក់ដឹកនាំជាន់ខ្ពស់នៃធនាគារ កាណាឌីយ៉ា ថតរូបអនុស្សាវរីយ៍ជាមួយលោកបណ្ឌិត ហេង សុជាតិ ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន SchneiTec Group (កណ្តាល)


