រោងចក្រចម្រាញ់រ៉ែមាស តម្លៃ ៤០ លានដុល្លារ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ
Bunthoeun KoemAPRIL 24 202620 views

ក្រសួងរ៉ែ និងថាមពល រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ និងរដ្ឋបាលខេត្តក្រចេះ បានរៀបចំកម្មវិធីដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រចម្រាញ់រ៉ែមាសរបស់ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិន ដាសស្រី ឯ.ក (Cambodian K88 Industry Co., Ltd.) ស្ថិតនៅតំបន់ស្នងអន ឃុំសុចិត្រ ស្រុកសណ្តាន់ ខេត្តកំពង់ធំ និងស្រុកសំបូរ ខេត្តក្រចេះ នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងរ៉ែនិងថាមពល ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ និងឯកឧត្តម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះ មន្ត្រីរាជការនៃក្រសួងរ៉ែនិងថាមពល ព្រមទាំង បុគ្គលិក-កម្មកររបស់ក្រុមហ៊ុនជាច្រើនរូប។

 

Img 5503

 

លោកប្រធានក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.ក បានថ្លែងថា ក្រុមហ៊ុន ខេមបូឌាន ខេ៨៨ អ៊ិនដាសស្ត្រី ឯ.ក ជាក្រុមហ៊ុនវិនិយោគមកពីប្រទេសចិន បានចាប់ផ្តើមសិក្សា ស្រាវជ្រាវរ៉ែនៅឆ្នាំ២០២០ រហូតឈានទៅដល់ការប្រកាសរកឃើញជម្រករ៉ែមាសដែលមានលក្ខណៈសេដ្ឋកិច្ចនៅឆ្នាំ ២០២៣ និងបានឈានដល់ការរៀបចំសាងសង់ និងដំណើរការរោងចក្រចម្រាញ់រ៉ែមាស ជាមួយនឹងទុនវិនិយោគ សរុបប្រមាណជា ៤០លានដុល្លារអាមេរិក ដោយបង្កើតការងារដោយផ្ទាល់ជូនប្រជាពលរដ្ឋខ្មែរចំនួន ៣៧៥ នាក់ បន្ថែមពីលើការបង់សួយសារ និងពន្ធអាករនានាតាមច្បាប់ជាប្រយោជន៍របស់ជាតិ។ ហើយដំណើរការប្រតិបត្តិការធនធានរ៉ែនៅការដ្ឋាន និងរោងចក្រចម្រាញ់រ៉ែមាសនេះ ត្រូវអនុវត្តគោលការណ៍សុខភាព សុវត្ថិភាព និងបរិស្ថាន ព្រមទាំងយកចិត្តទុកដាក់ខ្ពស់ដល់សហគមន៍មូលដ្ឋាន។

 

I Stock Gold Bars

 

ឯកឧត្តម កែវ រតនៈ បានថ្លែងថា នេះគឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដែលកើតចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងដឹកនាំបន្តដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាននាំមកនូវសន្តិភាព ស្ថិរភាពនយោបាយ និងឯកភាពជាតិ ដែលជាកត្តា ចាំបាច់បំផុត និងមិនអាចខ្វះបានក្នុងការទាក់ទាញការវិនិយោគទ្រង់ទ្រាយធំ និងទ្រង់ទ្រាយមធ្យមជាបន្តបន្ទាប់នៅ ក្នុងវិស័យធនធានរ៉ែ។ សមិទ្ធផលនេះបាននាំមកនូវលំហូរទុនវិនិយោគពីក្រៅប្រទេសមកកម្ពុជា បង្កើតឱកាសការងារ និងពង្រីកខឿនឧស្សាហកម្មក្នុងស្រុក និងផលប្រយោជន៍សេដ្ឋកិច្ច-សង្គមផ្សេងៗទៀតជាច្រើនសម្រាប់ប្រទេសកម្ពុជា៕

 

Img 5508

Img 5505

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia