បណ្ដុំដោយសេវាវេជ្ជសាស្ដ្រសំខាន់ៗ!​ មន្ទីរពេទ្យអន្ដរជាតិធំ ២ កំពុងសាងសង់នៅទីតាំងសក្ដានុពលទាំងនេះ
Bunthoeun KoemMARCH 10 20261.8 K views

ដើម្បីលើកស្ទួយវិស័យសុខាភិបាលឲ្យកាន់តែមានប្រសិទ្ធភាពវិនិយោគិនក្នុងស្រុក បានរួមដៃគ្នានៅក្នុងការបោះទុនវិនិយោគសាងសង់មន្ទីរពេទ្យអន្ដរជាតិធំៗចំនួន ២ ដែលមានសេវាវេជ្ជសាស្ដ្រសំខាន់ៗជាច្រើនមុខសម្រាប់ព្យាបាលអ្នកជំងឺជាតិ និងអន្ដរជាតិជាដើម។ ដោយមន្ទីរពេទ្យទាំងពីនោះរួមមាន៖ 

 

១. មន្ទីរពេទ្យអន្ដរជាតិ វីអ ចតុមុខ (VR Chaktomuk International Hospital)

 

មន្ទីរពេទ្យ វីរ ចតុមុខ ត្រូវបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៥  មានទីតាំងស្ថិតនៅលើដីឡូតិ៍លេខ៨២០ មហាវិថីសម្តេច ហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ មាន​ទុនវិនិយោគសរុប ៧៨ លានដុល្លារ។

 

560657204 122104367877058030 7931067648749705842 N

 

មន្ទីរពេទ្យថ្មីនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ៣០,៣៦០ ម៉ែត្រការ៉េ និងមានផ្ទៃសំណង់សរុបជាង ១៦០,០០០ ម៉ែត្រការ៉េ និងត្រូវបានចែកចេញជា ២ ដំណាក់កាល៖

·         ដំណាក់កាលទី១៖ មានអគារមន្ទីរពេទ្យនៅផ្នែកខាងមុខកម្ពស់ ៧ ជាន់ និងភ្ជាប់ដោយអគារបន្ទប់មានកម្ពស់ ១៨ ជាន់ ដែលមានក្រឡាផ្ទៃសរុប ៨៣,៧៧៦ ម៉ែត្រការ៉េ។

·         ដំណាក់កាលទី២៖ មានអគារផ្នែកខាងក្រោយ ជាអគារស្នាក់នៅបម្រើដល់អ្នកជំងឺ មានកម្ពស់ ២៣ ជាន់ ដែលមានផ្ទៃក្រឡា ៥១,៩២៨ ម៉ែត្រការ៉េ។ ជាមួយនឹងអគារចំណតរថយន្តកំពស់ ៧ ជាន់ មានផ្ទៃក្រឡា ៣៤,០០០ ម៉ែត្រការ៉េ ដែលអាចចតរថយន្តបានប្រមាណជាង ១,០០០ គ្រឿង។

 

នៅពេលបើកដំណើរការមន្ទីរពេទ្យ វីអ ចតុមុខ នឹងមានផ្តល់សេវាកម្មពហុឯកទេស រួមមាន៖ ឯកទេសសង្គ្រោះបន្ទាន់ ឯកទេសត្រួតពិនិត្យសុខភាពទូទៅ ឯកទេសព្យាបាលជំងឺមហារីកដោយបាញ់កាំរស្មី និងចាក់គីមី ឯកទេសរូបភាពវេជ្ជសាស្ត្រ បំពាក់ដោយម៉ាស៊ីន CT'Scan, MRI, Fluroscopy, X-Ray ជាដើម។​

 

ឯកទេសវេជ្ជសាស្ត្រជំនាញដូចជា៖ ឯកទេសសម្ភព និងរោគស្រ្តី ឯកទេសបង្កកំណើត ឯកទេសពិនិត្យ និងព្យាបាលជំងឺកុមារ ឯកទេសជំងឺក្រពះពោះវៀន ឯកទេសជំងឺក្រលៀន និងតម្រងនោម ឯកទេសជំងឺទឹកនោមផ្អែម ឯកទេសឆ្អឹង ឯកទេសជំងឺបេះដូង ឯកទេសជំងឺប្រព័ន្ធប្រសាទ ឯកទេសជំងឺភ្នែក ឯកទេសជំងឺត្រចៀក ច្រមុះ និងបំពង់ក ឯកទេសពិនិត្យ និងព្យាបាលជំងឺមាត់ធ្មេញ ឯកទេសជំងឺចិត្តសាស្ត្រ ឯកទេសព្យាបាលដោយចលនា ឯកទេសជំងឺសើស្បែក និងកែសម្ផស្ស និងឯកទេសជំងឺវះកាត់គ្រប់ប្រភេទ។ ក្នុងនោះផងដែរ ក៏មានផ្នែក CCU, ICU, ICCU និង NICU ព្រមទាំងមាន បន្ទប់សម្រាកព្យាបាលអ្នកជំងឺចំនួន ២២១ គ្រែ។

 

Fn 2025 09 30 04 26 01 732

 

២. មន្ទីរពេទ្យអន្ដរជាតិកម្ពុជា (CAMBODIAN INTERNATIONAL HOSPITAL)

 

មន្ទីរពេទ្យអន្ដរជាតិកម្ពុជា គឺមានទីតាំងនៅជិតផ្សារទំនើបអ៊ីអន៣ ភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ សាងសង់លើផ្ទៃដីសរុប ១៣ ហិកតា និងមានទុនវិនិយោគសរុបប្រមាណ ៣០០ លានដុល្លារដែលជាការវិនិយោគរួមគ្នារវាង អ្នកឧកញ៉ា គិត ម៉េង, លោកអ្នកឧកញ៉ា លាង ឃុន, អ្នកឧកញ៉ា លាង ម៉េង, អ្នកឧកញ៉ា ថៃ ជាហួត, ឧកញ៉ា ហៀង ប៊ុនប៉េង, អ្នកឧកញ៉ា លី ហុង, អ្នកឧកញ៉ា ជាម ឃុនណាត, អ្នកឧកញ៉ា ប៊ុន ហៃ, អ្នកឧកញ៉ា សៀ ឬទ្ធី និង ឧកញ៉ា ថៃ ស៊ាង។

 

492004337 1028031472844865 3124295605999387441 N

 

គម្រោងមន្ទីរពេទ្យនេះ នឹងធ្វើឡើងតាមស្តង់ដារអន្តរជាតិ ដែលមានរួមបញ្ចូលនូវសណ្ឋាគារ និងអគារស្នាក់នៅ សម្រាប់បម្រើជូនដល់ប្រជាជនកម្ពុជា និងអន្តរជាតិ។ ចំណុចផ្តោតដ៏សំខាន់នៃគម្រោងនេះ គឺការវិនិយោគលើវិជ្ជាជីវៈរបស់អ្នកជំនាញថែទាំសុខភាពនៅក្នុងស្រុក តាមរយៈការបន្តហ្វឹកហាត់បណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងបង្កើនកិច្ចសហការជាមួយដៃគូអន្តរជាតិ។

 

នៅពេលបើកដំណើរការ មន្ទីរពេទ្យនេះ នឹងក្លាយជាបណ្ដុំសេវាវេជ្ជសាស្ត្រដ៏ទូលំទូលាយ រួមបញ្ចូលទាំងសេវាវេជ្ជសាស្ត្រទូទៅ ការវះកាត់ ផ្នែកបេះដូងនិងសរសៃឈាម ផ្នែកជំងឺមហារីក ផ្នែកជំងឺកុមារទូទៅ ផ្នែកឆ្អឹងសន្លាក់ និងសេវាកម្មវេជ្ជសាស្ត្រ ជាច្រើនផ្សេងទៀត។ តាមការគ្រោងទុនគម្រោងនេះនឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៨ ខាងមុខ។ ព័ត៌មានបន្ថែមសូមទាក់ទង់លេខទូរស័ព្ទ៖ ០១២ ៥២០ ១៥៣៕

 

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia