ឡូយមែន! ស្ត្រីខ្មែររូបនេះ ប្រមូលទិញឡានចាស់ៗគេទុកចាល ច្នៃដាក់ជួល អាចទាញចំណូលឥតឈប់ ពីភ្ញៀវទេសចរ
Chan SophonSEPTEMBER 17 2026771 views

មនុស្សភាគច្រើនតែងគិតថា ឲ្យតែរបស់ថ្មីសុទ្ធតែឡូយ និងមានតម្លៃខ្ពស់ ប៉ុន្តែចំពោះរថយន្ត Jeep វិញ កាន់តែចាស់ កាន់តែថ្លៃ បន្ទាប់ពីយកមកជួសជុល និងកែច្នៃស្អាត តម្លៃរបស់វាបានកើនឡើងពី ២,៧០០ ដុល្លារ រហូតដល់ ៨,០០០ ទៅ ៩,០០០ ដុល្លារ ក្នុងទីផ្សារបច្ចុប្បន្ន។

 

ជាក់ស្ដែង ស្ត្រីខ្មែរម្នាក់ រួមនិងស្វាមីជនបរទេស ពួកគាត់ មានគំនិតខុសពីគេ ដោយបានធ្វើការប្រមូលទិញរថយន្តចាស់ៗ ម៉ាក Jeep ដែលគេទុកចោល ដោយយកមកជួសជុលនិងកែច្នៃ រួចបើកអាជីវកម្មដាក់ជួលឲ្យភ្ញៀវទេសចរ ដែលអាចរកប្រាក់ចំណេញពីវាបានយ៉ាងច្រើនផងដែរ។

 

តាមកិច្ចសម្ភាសន៍ជាមួយ Business Cambodia លោកស្រី លីលី ដែលជាស្ថាបនិករបស់ CambodiaJeep.com ដែលមានទីតាំងនៅខេត្តសៀមរាប គាត់បានឲ្យដឹងថា អាជីវកម្មមួយនេះ ចាប់ផ្ដើមដំបូងក្នុងឆ្នាំ ២០១១ ដោយសារស្វាមីរបស់គាត់ស្រលាញ់ និងចូលចិត្តឡានចាស់ៗ (រថយន្ត Jeep បុរាណ) ហើយបានទិញរថយន្តចាស់ដែលគេទុកចោលតាមមាត់ស្ទឹង ក្នុងតម្លៃប្រមាណ ២,៧០០ ដុល្លារ។ ក្រោយមក ពួកគាត់បានសាកល្បងយកមកដឹកភ្ញៀវទេសចរបរទេសដើរកម្សាន្ត ហើយទទួលបានការគាំទ្រយ៉ាងខ្លាំង រហូតឈានដល់ការចុះបញ្ជីអាជីវកម្មផ្លូវការស្របច្បាប់ "Cambodia Jeep" នៅអំឡុងឆ្នាំ ២០១៧-២០១៨។

 
គួរបញ្ជាក់ថា បច្ចុប្បន្ន Cambodia Jeep មានរថយន្តសរុបប្រមាណ ២០ គ្រឿង (និងមានសមត្ថភាពសហការរៀបចំរហូតដល់ ៥០-៥៥ គ្រឿងសម្រាប់ក្រុមទេសចរណ៍ធំៗ ឬ Team Building)។ ហើយលោកស្រី លីលី ក៏មានគម្រោងពង្រីកសេវាកម្មនេះ ទៅកាន់ខេត្តផ្សេងៗទៀត ដូចជា បាត់ដំបង និងរាជធានីភ្នំពេញ និងមានគម្រោងជួយជ្រោមជ្រែង និងបង្កើនប្រាក់ចំណូលដល់ស្ត្រីក្នុងសហគមន៍ ដោយបង្រៀនពួកគាត់ធ្វើម្ហូប និងដឹកភ្ញៀវទេសចរទៅពិសាអាហារផ្ទាល់នៅតាមផ្ទះអ្នកស្រុក។

 

សរុបមក ការធ្វើអាជីវកម្មចេញពីក្ដីស្រលាញ់របស់ម្ចាស់អាជីវកម្មរូបនេះ អាចប្រែក្លាយរបស់ដែលគេបោះចោលគ្មានតម្លៃ ឲ្យទៅជារបស់ដែលមានតម្លៃខ្ពស់ និងអាចទាញចំណូលពីវិស័យទេសចរណ៍បានដោយប្រើប្រាស់ដើមទុនផ្ទាល់ខ្លួន តាមរយៈការសន្សំជាជំហានៗ ដោយចៀសវាងការខ្ចីបុលដែលមានការប្រាក់ខ្ពស់ឡើយ។ ទាំងនេះជាគំរូដ៏ល្អមួយ ដែលយើងអាចយកគំរូតាមផងដែរ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia