អស្ចារ្យណាស់! ត្រឹម ៥ឆ្នាំ កម្ពុជាផលិតបានដុំមាស ១៨តោន និងរកចំណូលបានរាប់រយលានដុល្លារពីខេត្តទាំងនេះ
Pov SaruFEBRUARY 16 2026238 views

នៅក្នុងឆ្នាំ ២០២៥ កម្ពុជាទទួលបានចំណូលពីវិស័យរ៉ែ ១៣៥,៥៥ លានដុល្លារ ដែលកើនឡើងលើសពីមុខខ្លាំងបើធៀបនឹង១០ឆ្នាំមុន ពោលនៅក្នុងឆ្នាំ២០១៦ ចំណូលពីវិស័យនេះ មានត្រឹមជាង ១៣លានដុល្លារប៉ុណ្ណោះ។  នេះបើតាមសេចក្តីប្រកាសព័ត៌មាន ស្តីពី “ពិព័រណ៍ផលិតផលរ៉ែឆ្នាំ២០២៦” ពីក្រសួងរ៉ែនិងថាមពល បានឱ្យដឹងថា វិស័យរ៉ែនៅកម្ពុជាកំពុងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការទាក់ទាញទុនវិនិយោគ បង្កើតការងារ និងបង្កើនចំណូលជាតិ ព្រមទាំងចូលរួមអភិវឌ្ឍសហគមន៍មូលដ្ឋាននៅតំបន់ប្រតិបត្តិការ។

 

យ៉ាងណាមិញគិតចាប់ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ កម្ពុជាផលិតដុំមាសបានប្រមាណជា ១៨ តោន តាមការដ្ឋានរ៉ែដែលស្ថិតនៅក្នុងខេត្តព្រះវិហារ ខេត្តកំពង់ធំ ខេត្តមណ្ឌលគិរី ខេត្តរតនគិរី ខេត្តក្រចេះ និងខេត្តបាត់ដំបង។ ក្រៅពីរ៉ែមាស រ៉ែថ្ម និងខ្សាច់សំណង់ ក៏មានតួនាទីសំខាន់ក្នុងការធានានិរន្តរភាពនៃការផ្គត់ផ្គង់វត្ថុធាតុដើមគ្រប់គ្រាន់ និងក្នុងតម្លៃសមរម្យ ដើម្បីគាំទ្រដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងគម្រោងសំណង់តូចធំទូទាំងប្រទេស។ 

 

632383732 1331774745656950 4196222675437383991 N

 

លើសពីនេះ ប្រតិបត្តិការធនធានរ៉ែបានចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន តាមរយៈមូលនិធិរ៉ែសម្រាប់ទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន ដែលត្រូវបានផ្តួចផ្តើមដោយក្រសួងរ៉ែនិងថាមពល ក្នុងគោលបំណងបង្កើតសុខដុមនីយកម្មនៅតំបន់ដែលមានប្រតិបត្តិការរ៉ែ។ ចាប់តាំងពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០២៥ មានគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន ១១៧ គម្រោង ត្រូវបានអនុវត្តរួចរាល់ ក្នុងនោះរួមមាន ការសាងសង់សាលារៀន ផ្លូវដីក្រហម ផ្លូវបេតុង ស្ពាន ប្រព័ន្ធធារាសាស្ត្រ អំពូលសូឡា ស្រះទឹកសហគមន៍ និងអណ្ដូងទឹក នៅតាមបណ្តាឃុំ-សង្កាត់ដែលមានប្រតិបត្តិការធនធានរ៉ែទូទាំងប្រទេស។ 

 

634954622 1331774715656953 2828406982587078779 N

 

បច្ចុប្បន្ននេះ នៅមានគម្រោងអភិវឌ្ឍន៍សហគមន៍មូលដ្ឋានចំនួន ២០ គម្រោងទៀត កំពុងបន្តអនុវត្ត ដោយប្រើប្រាស់ថវិកាមូលនិធិរ៉ែប្រមាណ ១០ លានដុល្លារអាម៉េរិក។ វិស័យរ៉ែត្រូវបានចាត់ទុកថាជាវិស័យមានសក្ដានុពលខ្ពស់ សម្រាប់បន្តជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាពជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ ខណៈដែលរដ្ឋាភិបាលកំពុងបន្តពង្រឹងការគ្រប់គ្រងធនធានធម្មជាតិឱ្យមានចីរភាព និងមានតម្លាភាព៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia