ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានគូសបញ្ជាក់ថា ក្នុងឆ្នាំ ២០២៦ នេះ សេដ្ឋកិច្ចកម្ពុជាអាចនឹងសម្រេចបានកំណើនក្នុងរង្វង់ ៤.២% ដោយផ្អែកលើវឌ្ឍនភាពនៃសូចនាករសេដ្ឋកិច្ចសំខាន់ៗ ក្នុងរយៈពេល ៥ ខែដើមឆ្នាំ ២០២៦ គួបផ្សំនឹងការពិគ្រោះយោបល់ជាមួយក្រសួង-ស្ថាប័នវិស័យឯកជន ក្នុងនោះវិស័យបម្រើការនាំចេញ ពិសេសវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានកំណើនល្អប្រសើរជាងរំពឹងទុក ។

លោកបន្ដថា សកម្មភាពចាយវាយក្នុងស្រុកក៏នៅបន្តរក្សាបាននូវនិន្នាការវិជ្ជមាន ដែលឆ្លុះបញ្ចាំងតាមរយៈនិន្នាការវិជ្ជមាននៃអាករលើតម្លៃបន្ថែមក្នុងស្រុក និងការនាំចូលទំនិញប្រើប្រាស់ ។ យ៉ាងណាមិញ វិស័យទេសចរណ៍ត្រូវបានវាយតម្លៃឡើងវិញថា នឹងធ្លាក់ចុះ ជាងការរំពឹងទុក ដែលឆ្លុះបញ្ចាំងតាមរយៈធ្លាក់ចុះនៃភ្ញៀវទេសចរអន្តរជាតិ បើទោះបីអាចប៉ះប៉ូវមួយផ្នែក ពី និន្នាការកើនឡើងនៃភ្ញៀវទេសចរជាតិក្តី ។
ក្នុងបរិការណ៍ដែលកម្ពុជាទទួលរងនូវកម្មវិបាកផ្ទួនៗនេះ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវវិធានការ អន្តរាគមន៍ចំពោះមុខជាបន្តបន្ទាប់ ដើម្បីធានាបាននូវលំនឹងជីវភាពរបស់ប្រជាជន និងជនងាយរងគ្រោះ ដែលរួមមានយន្តការអនុគ្រោះពន្ធលើមុខទំនិញនាំចូលមួយចំនួនដូចជា ប្រេងសាំង ម៉ាស៊ូត និងឧបករណ៍អគ្គិសនីមួយចំនួន សំដៅចូលរួមកាត់បន្ថយសម្ពាធនៃការកើនឡើងថ្លៃ និងជំរុញកាត់បន្ថយការពឹងផ្អែកលើប្រេងឥន្ធនៈ ។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអនុម័ត និងត្រៀមដាក់ឱ្យអនុវត្តនូវ “កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបនឹងសភាពការណ៍ពហុវិបត្តិក្នុងគោលដៅបង្កើតមុខរបរ និងការងារ ធានាលំនឹងជីវភាពប្រជាជន និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចនិងសង្គមកម្ពុជា សម្រាប់រយៈពេលខ្លី និងមធ្យមខាងមុខ” ដោយប្រកាន់យក អភិក្រមគាំពារប្រជាជនក្រីក្រ (Pro-Poor) និងរៀបចំជា ៣ កញ្ចប់អន្តរាគមន៍ រួមបញ្ចូល វិធានការដែលមាន កម្មវិបាកភ្លាមៗ និង វិធានការដែលមានកម្មវិបាកក្នុងរយៈពេលខ្លី និងមធ្យម ។ កញ្ចប់វិធានការ ទី១ ផ្តោតលើការ រក្សាលំនឹងជីវភាព ដោយផ្សារភ្ជាប់នឹងការបង្កើតការងារ, កញ្ចប់វិធានការ ទី២ ផ្តោតលើការផ្តល់ការបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្សារភ្ជាប់នឹងការបង្កើតមុខរបរ និង កញ្ចប់អន្តរាគមន៍ទី ៣ ផ្តោតលើការ គ្រប់គ្រង, ការធ្វើអន្តរកម្ម និងការបំប្លែងថាមពល ។ “កម្មវិធីអន្តរាគមន៍” នេះ ត្រូវបានប៉ាន់ស្មានចំណាយសរុបក្នុង រង្វង់ ១ ២៤៤ លានដុល្លារអាមេរិក ដែលប្រភពធនធាននឹងត្រូវបានបែងចែកតាមប្រភពហិរញ្ញប្បទានចំនួន ៤ គឺ ថវិការដ្ឋ, ធនធានរបស់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាល, ចំណាយសារពើពន្ធ និងថវិកាដៃគូអភិវឌ្ឍន៍ ។
បន្ថែមលើនេះ ដើម្បីគាំទ្រកំណើនសេដ្ឋកិច្ចក្នុងរយៈពេលមធ្យមទៅវែង រាជរដ្ឋាភិបាល បានព្យាយាម ខិតខំដោះស្រាយបញ្ហាជារចនាសម្ព័ន្ធ ដែលរួមមានការដាក់ចេញឱ្យអនុវត្តនូវ កម្មវិធីលើកកម្ពស់ភាពប្រកួតប្រជែង បង្កើនពិពិធកម្ម និងពង្រឹងភាពធន់ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច ក្នុងបរិការណ៍សកល ដែលមានភាពមិនប្រាកដប្រជាខ្ពស់របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា និង «កម្មវិធីជំរុញការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគនៅកម្ពុជា ឆ្នាំ ២០២៥-២០២៨» ដែលជាចលនការស្នូល ក្នុងដំណើរការកែទម្រង់ជារចនាសម្ព័ន្ធ សំដៅការ កាត់បន្ថយនីតិវិធីរដ្ឋបាលដែលស្មុគស្មាញ, ការធ្វើឌីជីថលភាវូបនីយកម្មសេវាសាធារណៈ, ការបង្កើនទំនុកចិត្ត ខ្ពស់ដល់វិនិយោគិន, ការបង្កើនភាពធន់ និងពង្រឹងខែលការពារសេដ្ឋកិច្ចឱ្យរឹងមាំ ដែលអាចបន្តទប់ទល់នឹងពហុវិបត្តិពីខាងក្រៅបាន ។

ប៉ុន្ដែយ៉ាងណាបបើផ្អែកតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២៦ ត្រូវបានប៉ាន់ស្មាន ថានឹងសម្រេចបានកំណើនថមថយ ធៀបនឹងការវាយតម្លៃនៅដើមឆ្នាំ ពោលគឺស្ថិតក្នុងរង្វង់ ៣% ។ កំណើននេះបានឆ្លុះបញ្ចាំអំពី ភាពមិនប្រកដប្រជា និងបរិការណ៍ដែលកម្ពុជាទទួលរងនូវផលប៉ះពាល់ ដែលបន្តសាយភាយពីពហុវិបត្តិផ្ទួនៗ (multiple shocks) រួមមាន សង្គ្រាមនៅមជ្ឈិមបូព៌ាដែលបង្កឱ្យមានការឡើងថ្លៃប្រេង ឥន្ធនៈ, បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ, ការបង្ក្រាបសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងភាពមិនប្រាកដ ប្រជានៃសេដ្ឋកិច្ចសកល ។
លោក Kenichiro Kashiwase ប្រធានក្រុមបេសកកម្ម ក៏បានគូស រំលេចផងដែរ អំពីវិធានការអន្តរាគមន៍ដែលរាជរដ្ឋាបាលកម្ពុជាបានដាក់អនុវត្តបន្ទាន់ ដូចជា ការអនុវត្តគោល នយោបាយសារពើពន្ធក្នុងរយៈពេលបណ្តោះអាសន្ន ដែលសំដៅគាំទ្រដល់ប្រជាជន និងវិស័យចំគោលដៅ នឹង ចូលរួមកាត់បន្ថយផលប៉ះពាល់ជាអវិជ្ជមានពីវិបត្តិដែលកម្ពុជាកំពុងរងផលប៉ះពាល់ និងអាចរុញច្រានកំណើនសេដ្ឋកិច្ច ។ លោក Kenichiro Kashiwase ក៏បានគូសបញ្ជាក់អំពីភាពចាំបាច់នៃការកែទម្រង់ជារចនាសម្ព័ន្ធ ដើម្បីទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងរយៈពេលមធ្យម តាមរយៈការកែលម្អបរិយាកាសធុរកិច្ច និងវិនិយោគ, ការពង្រឹងអភិបាលកិច្ច, ការធ្វើពិពិធកម្មទីផ្សារនាំចេញ, ការពង្រឹងសន្តិសុខថាមពល, និងការពង្រឹងការរក្សា និងចែករំលែកទិន្នន័យជាដើម៕



