កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញ ភូគីត្រា វិទ្យាស្ថានខេមអេដ បានរៀបចំពិធីចែកសញ្ញាបត្រ ជូនដល់និស្សិត ដែលបានប្រលងបញ្ចប់ការសិក្សាលើ ថ្នាក់បរិញ្ញាបត្រ BA+CAT កម្មវិធីសិក្សា ACCA និង កម្មវិធីសិក្សា CAT សម្រាប់ឆ្នាំ២០២៣ កន្លងទៅនេះ ។ កម្មវិធីចែកសញ្ញាបត្រនេះ ត្រូវបានធ្វើឡើងជាពីរវេន ដែលពេលព្រឹក មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងពេលរសៀល មានការអញ្ជើញចូលរួមក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិត ងី តាយី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគ្រប់គ្រងកម្មវិធីសិក្សាគណនេយ្យករជំនាញកម្ពុជា និងជាប្រធានគណៈកម្មការចុះឈ្មោះ និងសមាជិកភាពវិទ្យាស្ថានគណនេយ្យករជំនាញ និងសវនករកម្ពុជា រួមជាមួយការចូលរួមពីសំណាក់ក្រុមប្រឹក្សាភិបាលរបស់វិទ្យាស្ថានខេមអេដ លោកនាយកវិទ្យាស្ថានខេមអេដ អ្នកតំណាងស្ថាប័ន ACCA ប្រចាំនៅកម្ពុជា សាស្រ្តាចារ្យ និយោជក បុគ្គលិកវិទ្យាស្ថាននិស្សិត និងអាណាព្យាបាលផងដែរ។ និស្សិតបញ្ចប់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី០៩ លើមុខជំនាញគណនេយ្យ និងហិរញ្ញវត្ថុ មានចំនួន ៤២០នាក់ (ស្រីចំនួន២៨៦នាក់) កម្មវិធីACCAមានចំនួន ២៥នាក់ និង កម្មវិធីCAT មានចំនួន២៤នាក់។
ក្នុងឱកាសដ៏មហោឡារិកនេះ ដើម្បីចូលរួមអបអរសាទរដល់និស្សិតបញ្ចប់ការសិក្សា ឯកឧត្តមបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិកាក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត សូមថ្ងៃអោយនេះជាថ្ងៃរបស់យើងទាំងអស់គ្នា ជាថ្ងៃដែលយើងរង់ចាំ និងជាថ្ងៃដែលយើងនឹងបើកទំព័រថ្មីនៃជីវិត និងសូមគោរពថ្លែងអំណរគុណដ៏ជាលជ្រៅដល់លោក លោកស្រីសាស្រ្តាចារ្យនៃវិទ្យាស្ថានខេមអេដទាំងអស់ដែលបានផ្ដល់នូវពន្លឺមួយ ដែលភ្លឺជានិច្ចក្នុងជីវិតរបស់និស្សិតម្នាក់ៗ ដើម្បីអោយពួកគេក្លាយជាធនធាននៅក្នុងសង្គមមួយដែលប្រកបដោយពុទ្ធិ និងវិបុលភាព។
ឯកឧត្តមបណ្ឌិតក៏បានលើកឡើងថា ឯកឧត្តមបណ្ឌិតមានកិត្តិយស និងក្ដីសោមនោស្សរីករាយដែលបានចូលរួមកម្មវិធីប្រគល់សញ្ញាបត្រដល់ប្អូនដែលបានបញ្ចប់ការសិក្សាជាស្ថាពរនៅវិទ្យាស្ថានខេមអេដនៅក្នុងថ្ងៃនេះ ឯកឧត្តមពិតជាកោតសរសើរទៅលើកិច្ចខិតខំប្រឹងប្រែងរបស់វិទ្យាស្ថានខេមអេដ ដែលបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុក្នុងព្រះរាជាណាចក្រកម្ពុជាស្របតាមចក្ខុវិស័យ និងបេសកម្មផ្ទាល់របស់វិទ្យាស្ថាន។ ជាលទ្ធផលក្នុងថ្ងៃនេះយើងទទួលបានធនធានមនុស្សដែលប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌លើជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដែលអាចជួយដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចនៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងប្អូនៗនិស្សិតជាច្រើននៃវិទ្យាស្ថានបានទទួលការងាររួចហើយក្នុងក្រុមហ៊ុនឯកជនក្នុងស្រុក និងក្រៅស្រុក ក៏ដូចជានៅក្នុងស្ថាប័នរដ្ឋ។ ឯកឧត្តមជឿជាក់យ៉ាងមុតមាំថា និស្សិតដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានខេមអេដ ពិតជាទទួលបានចំណេះដឹង និងវិជ្ជាជីវៈច្បាស់លាស់ និងមានបទពិសោធន៍ជាក់ស្ដែង ដែលញាងឲ្យពួកគេមានភាពប្រកួតប្រជែងខ្ពស់នៅក្នុងទីផ្សារការងារ។ ឯកឧត្តមសង្ឃឹមថាវិទ្យាស្ថានខេមអេដនឹងក្លាយទៅជាវិទ្យាស្ថានលេចថ្លោមួយផ្នែកគណនេយ្យ និងហិរញ្ញវត្ថុក្នុងចំណោមគ្រឹះស្ថានឧត្តមសិក្សាទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយដែលមានគុណភាពការអប់រំខ្ពស់។
ជាចុងក្រោយ ឯកឧត្តមក៏បានជម្រុញ និងលើកទឹកចិត្តប្អូនៗអោយខិតខំសិក្សា និងអភិវឌ្ឍខ្លួនបន្តទៀង ព្រមទាំងផ្ដែផ្ដាំអោយប្អូនៗធ្វើការជាពលរដ្ឋដែលមានមនសិការ ពលរដ្ឋដែលប្រកបដោយគតិបណ្ឌិត មានការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយនៅពេលប្រកបកិច្ចការងារ មានចរិយាធម៌ក្នុងការប្រតិបត្តិវិជ្ជាជីវៈ មានឧត្តមគតិក្នុងការសម្រេចចិត្ត ដោះស្រាយបញ្ហាដែលជាប់ជាប្រចាំត្រូវតម្កល់នូវតម្លៃច្បាប់ យុត្តិធម៌សង្គម និងភាពជាមនុស្សនៅក្នុងខ្លួន ពលរដ្ឋកម្ពុជាដែលមានអត្តសញ្ញាណ ជាពលរដ្ឋពេញលេញដែលមានចំណេះដឹង ជាពលរដ្ឋដែលមានការទទួលខុសត្រូវចំពោះទង្វើររបស់ខ្លួន ហើយជាពលរដ្ឋសកលដែលបើកបេះដូងទូលាយដល់ពិភពលោកទាំងមូលផងដែរ។
ឯកឧត្តមបណ្ឌិតសូមអបអរសាទរដល់ប្អូនៗទំាងអស់គ្នាដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ សូមប្អូនៗរក្សាបន្តអភិវឌ្ឍវិជ្ជាជីវៈរបស់ខ្លួនជាធនធានមនុស្ស ដែលមានសមត្ថភាពចាំបាច់សម្រាប់ប្រទេសកម្ពុជា។ ឯកឧត្តមបណ្ឌិតសូមប្រសិទ្ធពរជូនអង្គពិធីទាំងមូលនូវពុទ្ធិពរទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
នៅក្នុងឱកាសដ៏មានអត្ថន័យនេះដែរ ឯកឧត្តមបណ្ឌិត ងី តាយី បានមានប្រសាសន៍ថា ឯកឧត្តមបណ្ឌិត ពិតជាមានកិត្តិយស និងក្ដីសោមនស្សរីករាយដែលបានចូលរួមក្នុងកម្មវិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត ដែលបានបញ្ចប់ការសិក្សាជាស្ថាពរនៅវិទ្យាស្ថានខេមអេដក្នុងថ្ងៃនេះ។ ក្នុងនាមឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏ដូចជារូបឯកឧត្តមបណ្ឌិតផ្ទាល់ដែលជាតំណាងរបស់លោក សូមថ្លែងនូវសេចក្តីអំណរអរគុណ ហើយជាពិសេសទៅទៀតឯកឧត្ដមមានមោទនភាពណាស់ដែលបានមកចូលរួមក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតជ័យលាភីនៃវិទ្យាស្ថានខេមអេដដែលបានខិតខំបញ្ចប់ការសិក្សារបស់ខ្លួនក្នុងឆ្នាំ២០២៣។
ឯកឧត្តមបណ្ឌិតក៏មានប្រសាសន៍បន្តទៀតថា នៅក្នុងពេលបច្ចុប្បន្នភាពនេះ វិទ្យាស្ថានខេមអេដមានតួនាទីយ៉ាងសំខាន់ក្នុងវិស័យគណនេយ្យ និងហិរញ្ញវត្ថុនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដោយវិទ្យាស្ថានបានបង្កើតនូវធនធានមនុស្សដ៏ច្រើនដូចជាសវនករជាច្រើននៅក្នុងក្រុមហ៊ុន ទាំងក្រុមហ៊ុនសវនកម្ម និងក្រុមហ៊ុនគណនេយ្យ នាយកប្រតិបត្តិនៅក្នុងវិស័យធនាគារដូចជាផ្នែកហិរញ្ញវត្ថុ ផ្នែកនាយកប្រតិបត្តិ ឬគ្រប់គ្រងហិរញ្ញវត្ថុ និងមន្រ្តីរាជការលើកិច្ចការបច្ចេកទេស និងជំនាញគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មជាដើម។
ឯកឧត្តមបណ្ឌិតក៏លើកសរសើរដល់វិទ្យាស្ថានខេមអេដ ក្រុមប្រឹក្សាភិបាល សាស្រ្តាចារ្យ និងបុគ្គលិកគាំទ្រទាំងអស់គ្នា ដែលបានខិតខំប្រឹងប្រែងបំពេញការងារប្រកបដោយទំនួលខុសត្រូវខ្ពស់ និងមានប្រសិទ្ធភាព ដែលការចូលរួមទាំងអស់នេះ ក៏ជាចំណែកមួយនៃភាពជោគជ័យរបស់និស្សិតនៅថ្ងៃនេះផងដែរ។ ជាពិសេស វិទ្យាស្ថានក៏ទទួលបាននូវការទទួលស្គាល់លើគុណភាពអប់រំទាំងក្នុងស្រុក និងជាអន្តរជាតិដូចជា៖ ក្រុមប្រឹក្សាទទួលស្គាល់គុណភាពអប់រំឧត្តមសិក្សា ACBSP នៃសហរដ្ឋអាមេរិក គុណភាពអប់រំកម្រិត Platinum ពីស្ថាប័នអន្តរជាតិអ្នកជំនាញផ្នែកគណនេយ្យ ACCA នៅចក្រភពអង់គ្លេស QS Stars Rating System នៅចក្រភពអង់គ្លេសក្នុងកម្រិតផ្កាយប្រាំទៅលើគុណភាព បង្រៀនរបស់សាស្រ្តាចារ្យ ស្ថាប័នអន្តរជាតិ អ្នកវិភាគផ្នែកហិរញ្ញវត្ថុ CFA នៅសហរដ្ឋអាមេរិក ការទទួលស្គាល់ពី ASEAN University Network-Quality Assurance (AUN-QA) និងការទទួលស្គាល់គុណភាពអប់រំ ពីគណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា(ACC)ជាដើម។
ជាទីបញ្ចប់ តាងនាមក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្នុងនាមឯកឧត្តមផ្ទាល់ សូមចូលរួមអបអរសាទរ ដល់ប្អូនៗដែលបានបញ្ចប់ការសិក្សាក្នុងថ្ងៃនេះ និងថ្លែងអំណរគុណក៏ដូចជាកោតសសើរដល់នាយកគ្រប់គ្រង ថ្នាក់ដឹកនាំគ្រប់កម្រិត សាស្រ្តាចារ្យ បុគ្គលិក ជាពិសេសក្មួយៗនិសិ្សតទាំងអស់ នៃវិទ្យាស្ថានខេមអេដ ដែលបានខិតខំរៀបចំ និងចូលរូមក្នុងកម្មវិធីនេះ និងសូមប្រសិទ្ធិពរនូវពុទ្ធិពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ចំពោះ លោក លោកស្រី និងអ្នកនាងកញ្ញា កុំបីឃ្លាងឃ្លៀតឡើយ។
ជាមួយគ្នានេះដែរ លោកខេស៊ី បាណេត នាយកនៃវិទ្យាស្ថានខេមអេដបានចូលរួមអបអរសាទរដល់និស្សិត ជ័យលាភីទាំងអស់ និងមានប្រសាសន៍ថា ថ្ងៃនេះយើងមានមោទនភាពណាស់ចំពោះប្អូនៗដែលបានបញ្ចប់ការសិក្សា ACCA បញ្ចប់បរិញ្ញាបត្រគណនេយ្យ និងហិរញ្ញវត្ថុ បញ្ចប់ការសិក្សា CAT នៅវិទ្យាស្ថាន។ លោកពិតជារីករាយណាស់ដែលឃើញប្រទេសកម្ពុជាឥឡូវនេះមានអ្នកដឹកនាំដែលមានទេពកោសល្យ មានការយកចិត្តទុកដាក់ និងមានការគិតគូរ និងភាពក្លាហានក្នុងផ្នែកគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីចូលរួម និងជួយអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ហើយសេដ្ឋកិច្ចកម្ពុជាគឺបានពឹងផ្អែកលើអ្នកដែលជានិស្សិតបញ្ចប់ការសិក្សា។
លោកក៏បានបន្តទៀតថា វិទ្យាស្ថានបានខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍជំនាញរបស់អ្នក និងបានប្រមូលផ្តុំនូវសាស្រ្តាចារ្យ និងអ្នកជំនាញដែលមានទេពកោសល្យបំផុតមកពីជុំវិញពិភពលោក ដូចជាមកពី សហរដ្ឋអាមេរិក ឥណ្ឌា បង់ក្លាដែស ចក្រភពអង់គ្លេស អូស្ត្រាលី បារាំង កម្ពុជា ម៉ាឡេស៊ី និងសិង្ហបុរីជាដើម។ ហើយមិនត្រឹមតែសាស្រ្តាចារ្យទេដែលរីករាយនឹងគាំទ្រ និងមានមោទនភាពចំពោះអ្នកនៅថ្ងៃនេះ ដោយបានឃើញពីភាពរីកចម្រើន និងការអភិវឌ្ឍន៍របស់អ្នក ហើយក៏មានមោទនភាពចំពោះអ្នកដែលបានចូលបម្រើការងារយ៉ាងក្លាហាន និងព្រមប្រឈមមុខនៅបញ្ហាផ្សេងៗជាច្រើន។ ក្នុងនាមជាវិទ្យាស្ថាន ក៏ដូចជាសាស្រ្តាចារ្យ និងបុគ្គលិកគ្រប់ផ្នែកទាំងអស់មានគោលបំណងដូចរូបលោកដែរ គឺដើម្បីជួយអ្នកក្នុងការអភិវឌ្ឍជំនាញ ទំនុកចិត្ត និងអាកប្បកិរិយាដែលនឹងជួយអ្នកឱ្យទទួលបានជោគជ័យក្នុងអាជីពរបស់អ្នក។
លោកក៏បានលើកទឹកចិត្តអោយនិស្សិតទាំងអស់បន្តការសិក្សា និងការស្រាវជ្រាវបន្តបន្ទាប់ ជាពិសេសនៅក្នុងវិស័យគណនេយ្យ ហិរញ្ញវត្ថុ និងសវនកម្មនេះ ដែលយើងតែងតែមានស្តង់ដារគណនេយ្យថ្មី បទប្បញ្ញត្តិពន្ធថ្មី និងស្តង់ដារសវនកម្មថ្មីដែលត្រូវបានណែនាំ និងសិក្សាស្វែងយល់។
ជាចុងក្រោយ លោកសូមរំលឹកអ្នកគ្រប់គ្នាថា ជំនាញសំខាន់បំផុត គុណភាពសំខាន់បំផុតដែលអ្នកនឹងមាននៅពេលអ្នកបន្តក្នុងជីវិត និងអាជីពរបស់អ្នក គឺជាជំនាញនៃក្រមសីលធម៌ ជាពិសេសសម្រាប់អ្នកជំនាញគណនេយ្យ សវនកម្ម និងហិរញ្ញវត្ថុ។ គុណភាពជាមូលដ្ឋានសំខាន់បំផុត គឺជាកេរ្តិ៍ឈ្មោះ និងសីលធម៌របស់អ្នក ហើយនោះគឺជាទ្រព្យសម្បត្តិដ៏សំខាន់សម្រាប់អ្នក និងភាពជោគជ័យរបស់អ្នក។ ជាកិច្ចបញ្ចប់ លោកសូមអបអរសាទរនិស្សិតដែលបញ្ចប់ការសិក្សាទាំងអស់ និងជូនពរដល់លោក លោកស្រីទាំងអស់ជួបតែពុទ្ធិពរទាំង៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។