រាជធានីភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ – ក្រុមហ៊ុន Calypso Motors បានបង្ហាញម៉ូដែលម៉ូតូកំពូលថ្មីរបស់ខ្លួន គឺ Calypso Xplorer ក្នុងពិធីសម្ពោធជាផ្លូវការ ដែលមានរៀបចំឡើងនៅផ្សារទំនើបជីបម៉ុង 271 មេហ្គាម៉ល ដោយមានការចូលរួមពីសំណាក់មន្ត្រីរដ្ឋាភិបាល ថ្នាក់ដឹកនាំឧស្សាហកម្ម ដៃគូពាណិជ្ជកម្ម តំណាងចែកចាយធំៗ អ្នកសារព័ត៌មាន និងអ្នកផលិតមាតិកា។ លើសពីការប្រកាសសម្ពោធម៉ូតូថ្មី ព្រឹត្តិការណ៍នាថ្ងៃនោះជាការសាទរទៅលើចក្ខុវិស័យ ការស្រាវជ្រាវ ការធ្វើវិស្វកម្ម និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុន Calypso Motors អស់រយៈពេលជិតប្រាំឆ្នាំ ដើម្បីបង្ហាញថា ម៉ូតូដែលត្រូវបានបង្កើត ធ្វើវិស្វកម្ម និងផលិតនៅក្នុងប្រទេសកម្ពុជា អាចប្រកួតប្រជែងនៅលើឆាកអន្តរជាតិ។

ពិធីប្រកាសសម្ពោធនេះ គឺជាសមិទ្ធផលដ៏សំខាន់មិនមែនសម្រាប់តែក្រុមហ៊ុន Calypso Motors ប៉ុណ្ណោះទេ តែជាមហិច្ឆតានៃភាពរីកចម្រើនឧស្សាហកម្មរបស់ប្រទេសកម្ពុជា ដែលបង្ហាញឲ្យឃើញពីសមត្ថភាពរបស់ប្រទេសលើសពីការផ្គុំដំឡើង តែជាការធ្វើវិស្វកម្មដែលមានតម្លៃខ្ពស់ នវានុវត្តន៍ និងផលិតកម្មបែបទំនើប។ ម៉ូតូ Calypso Xplorer ត្រូវបានបង្កើតឡើងតាំងពីដំណាក់កាលដំបូង នៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Calypso Motors ក្នុងរាជធានីភ្នំពេញ ដែលលទ្ធផលចេញពីការអភិវឌ្ឍន៍ផលិតផលឥតឈប់ឈរជាច្រើនឆ្នាំដោយវិស្វករ អ្នករចនាម៉ូត និងអ្នកជំនាញបច្ចេកទេសខ្មែរ និងអន្តរជាតិ។ ពេញមួយដំណើរនេះ ក្រុមហ៊ុន Calypso Motors បានវិនិយោគលើការអភិវឌ្ឍបច្ចេកវិទ្យាផ្ទាល់ខ្លួន ពង្រឹងសមត្ថភាពវិស្វកម្មក្នុងស្រុក និងបង្កើតផលិតផលដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់បំពេញតម្រូវការអ្នកបើកបរនៅអាស៊ីអាគ្នេយ៍ និងស្របទៅតាមស្តង់ដារអន្តរជាតិ។


សម្រាប់ប្រទេសដែលអាស្រ័យជាមួយនឹងផលិតកម្មសម្លៀកបំពាក់ និងផលិតកម្មស្រាលៗជាយូរកន្លងមក សមិទ្ធផលថ្មីនេះតំណាងឲ្យការបោះជំហានទៅមុខយ៉ាងសំខាន់ និងបានផ្ងើសារយ៉ាងច្បាស់ទៅកាន់ដៃគូក្នុងតំបន់ និងវិនិយោគិនសកលថា ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចមិនមែនសម្រាប់តែការផលិតនោះទេ តែជាការរចនាម៉ូត វិស្វកម្ម និងនវានុវត្តន៍។
លោក Ivan Ting នាយកប្រតិបត្តិក្រុមហ៊ុន Calypso Motors បានមានប្រសាសន៍ថា៖ “ម៉ូតូ Calypso Xplorer នេះវាលើសពីការសម្ពោធផលិតផលថ្មីសម្រាប់យើង។ វាតំណាងឲ្យជំនឿទៅលើសមត្ថភាពរបស់ជនជាតិខ្មែរ ជំនឿទៅលើផលិតកម្មក្នុងស្រុក និងជំនឿដែលប្រទេសកម្ពុជា អាចផ្លាស់ប្តូរពីទីផ្សារដែលនាំចូលផលិតផល ទៅជាអ្នកផលិតគ្រឿងម៉ាស៊ីនលំដាប់ពិភពលោក។ ដំណើររបស់យើងពីរាជធានីភ្នំពេញទៅកាន់ទីក្រុងមីឡាន គឺជាមធ្យោបាយដែលយើងសបញ្ជាក់អំពីជំនឿនេះទៅកាន់ពិភពលោក។”
ម៉ូតូ Calypso Xplorer ត្រូវបានរចនាឡើងឱ្យស័ក្ដិសមទៅនឹងការបើកបរក្នុងទីក្រុង នៅតំបន់អាស៊ីអាគ្នេយ៍ និងការធ្វើដំណើរផ្លូវគោកដ៏វែងឆ្ងាយ ដោយវាមានរួមបញ្ចូលនូវដំណើរការមេកានិចដ៏ខ្លាំងក្លា ជាមួយនឹងប្រព័ន្ធសុវត្ថិភាពដែលផ្តោតលើសុវត្ថិភាពអ្នកបើកបរ ការភ្ជាប់ប្រព័ន្ធទំនាក់ទំនងឆ្លាតវៃ និងបច្ចេកវិទ្យាដែលបង្កើតឡើងដោយក្រុមហ៊ុន Calypso Motors ដោយផ្ទាល់ដើម្បីពង្រឹងសុវត្ថិភាពបន្ថែម និងធ្វើឲ្យបទពិសោធន៍នៃការបើកបរកាន់តែប្រសើរឡើង។


គ្រប់ផ្នែក និងលក្ខណៈបច្ចេកទេសទាំងអស់ ត្រូវបានធ្វើតេស្តលើគ្រប់ស្ថានភាពផ្លូវនៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់នូវម៉ូតូមួយ ដែលគួរជាទីទុកចិត្ត និងសមស្របសម្រាប់ការបើកបរប្រចាំថ្ងៃ ក៏ដូចជាការធ្វើដំណើរបែបផ្សងព្រេងដ៏អស្ចារ្យ។
លក្ខណៈពិសេសៗនៃម៉ូតូនេះរួមមាន៖
បច្ចេកវិទ្យាសុវត្ថិភាពកម្រិតខ្ពស់ – បំពាក់ដោយមុខងារសុវត្ថិភាពឆ្លាតវៃ Startec រួមមានប្រព័ន្ធជូនដំណឹងអពីគ្រោះថ្នាក់ និងប្រព័ន្ធប្រឆាំងចោរកម្ម ជាមួយនឹងសោរដែលមានសមត្ថភាពពន្លត់ម៉ាស៊ីនម៉ូតូពីចម្ងាយ។
កម្លាំងម៉ាស៊ីនខ្លាំង – ដំណើរការដោយម៉ាស៊ីនភ្ជាប់ជាមួយធុងទឹកស្អុំបញ្ចុះកម្ដៅ ដែលមានទំហំស៊ីឡាំង 180cc កម្លាំងម៉ាស៊ីន១៨ សេះ (18 hp / 13.6 Kw, 8,500 rpm) និងកម្លាំងរមួលរហូតដល់ ១៧.២ ញូវតុនម៉ែត ( 17.2 N·m, 6,500 rpm) និងអាចបើកបរក្នុងល្បឿនអតិបរមា 103 គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ផ្ទាំងអេក្រង់ឆ្លាតវៃ – ភ្ជាប់ជាមួយមុខងារ Apple CarPlay និង Android Auto ដែលអ្នកបើកបរអាចមើល Google Map តេទូរសព្ទ ស្ដាប់តន្រ្ដី និងប្រើមុខងារផ្សេងទៀត នៅលើអេក្រង់ឆ្លាតវៃ ដោយមិនបាច់កាន់ទូរសព្ទ ។
ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព ABS – ប្រព័ន្ធហ្វ្រាំងសុវត្ថិភាព និងការគ្រប់គ្រងលំនឹង ដែលធ្វើឱ្យការបើកបរកាន់តែមានទំនុកចិត្ដជាងមុន។
លើសពីម៉ូតូម៉ូដែលកំពូល Calypso Xplorer បង្កប់នូវចក្ខុវិស័យវែងឆ្ងាយរបស់ក្រុមហ៊ុន Calypso Motors ក្នុងការអភិវឌ្ឍន៍មធ្យោបាយធ្វើដំណើរដែលមានភាពច្នៃប្រឌិត ក៏ដូចជាការចូលរួមចំណែកក្នុងការផ្លាស់ប្តូរមុខមាត់វិស័យឧស្សាហកម្មរបស់ប្រទេសកម្ពុជា។ សមិទ្ធផលនេះ ជាការរួបរួមគ្នានៃសមត្ថភាពអ្នកជំនាញក្នុងស្រុក អ្នកជំនាញអន្តរជាតិ និងបច្ចេកវិទ្យាទំនើបទៅលើផលិតផល ដែលកិច្ចសហការនេះ ជាមោទនភាពរបស់ប្រទេសកម្ពុជា។

ដើម្បីបញ្ជាក់ពីភាពគួរជាទីទុកចិត្ត និងទំនុកចិត្តដែលក្រុមហ៊ុន Calypso Motors មានទៅលើការងារវិស្វកម្មរបស់ខ្លួន ក្រុមហ៊ុនបានបង្កើតនិងផ្តួចផ្តើមនូវការធ្វើដំណើរផ្សងព្រេងឆ្លងទ្វីបដ៏មានមហិច្ឆតាមួយ ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ទីក្រុងមីឡាន។
ជំនួសឱ្យការរំពឹងទាំងស្រង់ទៅលើការធ្វើតេស្តពិសោធន៍ ឬអំណះអំណាងទីផ្សារ ក្រុមហ៊ុន Calypso Motors បានសម្រេចចិត្ដប្រើប្រាស់ម៉ូតូ Calypso Xplorer ដើម្បីបង្ហាញអន្ដរជាតិឱ្យឃើញនឹងភ្នែកពិតៗ ដោយការធ្វើដំណើរជាង ៣០,០០០ គីឡូម៉ែត្រឆ្លងកាត់ ១៥ ប្រទេស ឆ្លងកាត់ភ្នំ វាលខ្សាច់ ទិដ្ឋភាពពិបាកៗ និងស្ថានភាពផ្លូវចម្រុះមុននឹងអាចទៅដល់ទីក្រុងមីឡាន ប្រទេសអ៊ីតាលី។

ដំណើរផ្សងព្រេងនេះនឹងត្រូវបានធ្វើឡើងដោយ លោក វ៉ាន់ ហ្សាកូលីន ដែលជាអ្នកធ្វើដំណើរផ្សងព្រេងដោយម៉ូតូជនជាតិខ្មែរ និងជាទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុន Calypso Motors ដោយលោកមានបទពិសោធន៍ធ្វើដំណើរផ្សងព្រេងបែបអន្តរជាតិជាងមួយទសវត្សរ៍ ដែលធ្វើឲ្យលោកជាបុគ្គលដ៏ឱ្យស័ក្ដិសមក្នុងការទទួលបេសកកម្មឆ្លងកាត់តំបន់អាស៊ី និងអឺរ៉ុបនេះ។ ការធ្វើដំណើរនេះ នឹងបញ្ចប់នៅក្នុងព្រឹត្តិការណ៍ EICMA នៅទីក្រុងមីឡាន ដែលជាព្រឹត្តិការណ៍តាំងពិព័រណ៍ម៉ូតូដ៏អស្ចារ្យបំផុតមួយរបស់ពិភពលោក ដែលក្រុមហ៊ុន Calypso Motors នឹងបង្ហាញម៉ូតូ Calypso Xplorer អមជាមួយក្រុមហ៊ុនផលិតម៉ូតូអន្តរជាតិនានា។

ក្រៅពីការធ្វើតេស្តសមត្ថភាព ដំណើរផ្សងព្រេងនេះ គឺជាការឆ្លុះបញ្ចាំងអំពីការតាំងចិត្តរបស់ក្រុមហ៊ុន Calypso Motors ក្នុងការបង្ហាញថាវិស្វកម្ម នវានុវត្តន៍ និងការផលិតរបស់ប្រជាជនកម្ពុជា គឺមានសមត្ថភាពស្របទៅតាមស្តង់ដាអន្តរជាតិ ក៏ដូចជាបង្ហាញនូវសមត្ថភាពឧស្សាហកម្ម ដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជាទៅកាន់ពិភពលោក។ វាក៏ជាការគោរពទៅដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារក្រុមហ៊ុន Calypso Motors ទាំងមូលចំពោះការតាំងចិត្ត ភាពអំណត់អត់ធន់ និងឆន្ទៈ អស់រយៈពេលប្រាំឆ្នាំកន្លងមក ដែលបានធ្វើឲ្យសមិទ្ធផលនេះសម្រេចបានជោគជ័យ។

ម៉ូតូ Calypso Xplorer នេះនឹងអាចរកជាវបាននៅក្នុងប្រទេសកម្ពុជានាពេលឆាប់ៗខាងមុខនេះ។ អតិថិជនអាចចុះឈ្មោះទៅក្នុងបញ្ជីរង់ចាំដើម្បីទទួលបានការជូនដំណឹងជាមុននៃការបញ្ជាទិញ ការផ្តល់ជូនពិសេស កាដូ និងប្រូម៉ូសិនពិសេសៗ។
អំពីក្រុមហ៊ុន Calypso Motors
ក្រុមហ៊ុន Calypso Motors គឺជាក្រុមហ៊ុនផលិតម៉ូតូដំបូងគេ និងតែមួយគត់របស់ប្រទេសកម្ពុជា ដែលបង្កើតឡើងដោយមានជំនឿថា សេដ្ឋកិច្ចដែលកំពុងរីកចម្រើនមិនត្រឹមតែជាអ្នកប្រើប្រាស់ឧស្សាហកម្មសកលប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអ្នកបង្កើត និងអ្នកច្នៃប្រឌិតជំនាន់ក្រោយផ្ទាល់ខ្លួនផងដែរ។ ក្រុមហ៊ុន Calypso Motors ដែលមានទីស្នាក់ការកណ្តាលនៅរាជធានីភ្នំពេញ បានប្រមូលផ្តុំវិស្វកម្មកម្ពុជាដែលមានទេពកោសល្យ និងផលិតកម្មដែលមានស្តង់ដាអន្តរជាតិ ដើម្បីរចនា និងផលិតម៉ូតូសម្រាប់ផ្លូវថ្នល់អាស៊ី និងអ្នកបើកបរនៅទូទាំងពិភពលោក។ ម៉ូតូ Calypso Xplorer គឺជាម៉ូដែលកំពូលមួយរបស់ក្រុមហ៊ុន និងជាសមិទ្ធផលដ៏ពិសេសមួយសម្រាប់ឧស្សាហកម្មផលិតកម្មរបស់ប្រទេសកម្ពុជា។
សម្រាប់ការសាកសួរពីប្រព័ន្ធផ្សព្វផ្សាយ៖
ក្រុមហ៊ុន TWPR Communication Co., Ltd.
លោក សុខ សារ៉ាក់ | បុគ្គលិកផ្នែកទំនាក់ទំនងសាធារណៈ
ទូរស័ព្ទ៖ (+855) 78 289 974
អ៊ីម៉ែល៖ sarak@twpr360.com


