ឆ្នាំថ្មីចង់បានផ្ទះ! អាចដើរតាមផ្លូវ ៤ នេះកាត់បន្ថយហានិភ័យខ្ពស់ពីបញ្ហាទើបទិញដោយការបង់រំលស់
Bunthoeun KoemNOVEMBER 14 202551 views

ពិតណាស់ការទិញផ្ទះដោយបង់រំលស់ ជានិន្នាការថ្មី ដែលមានភាពពេញនិយមខ្លាំងនាមួយរយៈពេលចុងក្រោយនេះ ដោយសារវិធីសាស្រ្ដនេះ គឺអាចឲ្យអ្នកដែលពុំមានលុយគ្រប់ អាចធ្វើការបង់ប្រចាំខែមួយម្ចាស់គម្រោង ដើម្បីបានផ្ទះមកស្នាក់នៅ។ យ៉ាងណាត្បិតវិធីសាស្ដ្រមួយនេះល្អ ប៉ុន្ដែវាក៏មានផ្ដលមិនល្អដល់អ្នកទិញផងដែរប្រសិនបើពុំបានសិក្សា និងចាត់ចែងឲ្យច្បាស់លាស់លើហិរញ្ញវត្ថុរបស់ខ្លួនទេនោះ។

 

518463540 1238318251422940 9028350650401667087 N

 

ដូច្នេះថ្ងៃនេះ  យើងសូមលើកចំណុចសំខាន់មួយចំនួន ដែលអ្នកត្រូវរៀបចំខ្លួនមុនសម្រេចចិត្ដបង់រំលស់ ដើម្បីការពារកុំឲ្យជួបហានិភ័យរឿងលុយក្នុងពេលបង់ម្ចាស់គម្រោង។ ព្រោះកន្លងមកនេះឃើញថា មានអ្នកទិញផ្ទះចំនួនបានផុងខ្លួនជាមួយនឹងការបង់រំលស់នេះ ដោយបង់សុខៗ បង់ទៅមុខលែងរួចធ្វើឲ្យខាតពេលវេលា ខាតលុយកាក់ និងអាចបាក់ទឹកចិត្ដក៏ថាបាន។ ខាងក្រោមនេះគឺជាចំណុសសំខាន់មួយចំនួនដែលអ្នកត្រូវមាន៖ 

 

១. ប្រភពចំណូល

 

 មុនសម្រេចចិត្ដបង់រំលស់អ្វីមួយ រឿងសំខាន់បំផុតដែលអ្នកត្រូវប្រាកដជាមួយនឹងខ្លួនឯងគឺប្រភពចំណូល។ មានប្រភពចំណូលរឹងមាំការ បង់រំលស់កាន់តែមានសុវត្ថិភាព ប៉ុន្ដែប្រសិនបើមានប្រភពចំណូល មិនច្បាស់លាស់ ពុំគួរបង់រំលស់ឡើយ ព្រោះអាចធ្វើឲ្យជួបហានិភ័យ នៅពេលចំណូលធ្លាក់ចុះ ឬបាត់បង់។

ជាមួយគ្នានេះ អ្នកគួរបង្កើតប្រភពចំណូលច្រើនច្រក ព្រោះបើអ្នកបាត់បង់ច្រកចំណូលមួយ អ្នកនៅសល់ច្រកចំណូលមួយទៀតដើម្បីបង់ជាមួយម្ចាស់គ្រោងបាន។

 

4229

 

២. មានប្រាក់បម្រុងចាប់ពី ៣ ទៅ ៦ ខែ

 

 មុនធ្វើការបង់រំលស់ អ្នកគួរមានសាច់ប្រាក់បម្រុងទុក យ៉ាងតិចពី ៣ ទៅ ៦ ខែ។ ព្រោះការមានប្រាក់បំរុង អាចការពារអ្នកបាន ពេលដែលអ្នកជួបបញ្ហាជាយថាហេតុណាមួយកើតឡើង ដូចជាចំណូលធ្លាក់ចុះ បាត់បង់ការងារ ឬជួបបញ្ហាសុខភាពពុំអាចធ្វើការរកលុយបានជាដើម។ ឧទាហរណ៍៖ ត្រូវបង់រំលស់ ១ ខែ ៥ ០០ ដុល្លារ ដូច្នេះអ្នកគួរមានប្រាក់បម្រុងពី ១ ៥០០ ទៅ ៣ ០០០ ដុល្លារ។

 

៣. កុំរំលស់ប្រចាំខែលើសពី ៣៥ ទៅ ៥០% នៃចំណូល

 

 ចំណុចនេះក៏សំខាន់ដែរសម្រាប់អ្នកដែលមានគម្រោងចង់បង់រំលស់ គ្រោះអាចនឹងជួបគ្រោះថ្នាក់ប្រសិនបើអ្នកចំណាយលើការបង់រំលស់ប្រចាំខែ ច្រើនលើសលប់ជាមួយនឹងចំនួនដែលរកបាន។ អ៊ីចឹងដើម្បីការពារសេរីភាពហិរញ្ញវត្ថុខ្លួនឯងបាន អ្នកពីគួរបង់រំលស់ប្រចាំខែលើសពី ៣៥ ទៅ ៥០% ឡើយ។

 

Photo 2025 11 14 16 47 39

 

បើអ្នកបង់រំលស់លើសពីចំនួននេះ អាចនឹងជួបបញ្ហាសម្រាប់ការចំណាយរស់នៅប្រចាំថ្ងៃដូចជាលុយចំណាយលើការហូបចុក មើលថែសុខភាព សម្លៀកបំពាក់ បង់សាលាឲ្យកូន ។ល។ ឧទាហរណ៍៖ បើអ្នកមានចំនូល ១០០០ ដុល្លារ អ្នកគួរចំណាយតែ ៣៥០ ទៅ ៥០០ ដុល្លារបានហើយ ហើយប្រាក់ដែលនៅលស់គឺយកទៅចំណាយលើភាពចាំបាច់ដែលបានរៀងរាប់ខាងលើ ទើបអ្នកមានសុវត្ថិភាពផ្លូវចិត្ដ ចៀសវាងបង់រំលស់អស់ៗ តែគ្មានលុយចំណាយលើកការរស់នៅ។

 

 ៤. មានប្រាក់កក់ជាមួយម្ចាស់គម្រោង

 

 ការមានប្រាក់កក់ជាមួយម្ចាស់គម្រោងគឺជារឿងល្អ និងមានផលចំណេញច្រើនដល់យើងដែលជាអ្នកទិញ ព្រោះវាជួយកាត់បន្ថយការប្រាក់បានមួយផ្នែកធំ។ ជាទូទៅអ្នកគួរមានប្រាក់កក់ជាមួយម្ចាស់គម្រោងពី ២០% ឡើងទៅនៃតម្លៃផ្ទះសរុប តែបើមានលទ្ធភាពមានកាន់តែច្រើនគឺកាន់តែប្រសើរ។ ឧទាហរណ៍៖ បើផ្ទះតម្លៃ ៥០ ០០០ ដុល្លារ អ្នកគួរមានប្រាក់កក់យ៉ាងតិច ១០ ០០០ ដុល្លារទៅ ១៥ ០០០ ដុល្លារ។

 

518331172 1238318291422936 1949586047143547988 N

 

ទាំងនេះ គឺជាចំណុចសំខាន់មួយចំនួន ក្នុងចំណោមចំណុចសំខាន់ជាច្រើនផ្សេងទៀតដែលអ្នកមានគម្រោងបង់រំលស់ផ្ទះ ឬអចលនទ្រព្យផ្សេងត្រូវសិក្សាឲ្យបានច្បាស់លាស់ មុនសម្រេចចិត្ដបង់ ដើម្បីការពារសុវត្ថិភាពហរិញ្ញវត្ថុ កុំឲ្យបង់សុខៗស្រាប់តែលែងមានលទ្ធភាពបង់បន្ដ ឬខំប្រឹងបង់រហូតធ្វើឲ្យខ្លួនឯងមានសម្ពាធរឿងលុយកាក់ មានតែផ្ទះដែលគ្មានក្ដីសុខផ្លូវចិត្ដ៕

ចង់បានផ្ទះផ្ទាល់ខ្លួន ត្រូវសិក្សាចំណុច ២ នេះឲ្យច្បាស់បើទិញតាមរយៈការបង់រំលស់
Bunthoeun KoemFEBRUARY 17 20264 views

ការបង់រំលស់គឺជាវិធីសាស្រ្ដ នៅក្នុងការទិញយកនូវរបស់សំខាន់ផ្សេងៗដូចជាផ្ទះ ខុនដូ ជាដើម។ ហើយការបង់រំលស់នេះកើតឡើងក្នុងករណីដែលយើងមិនមានលុយទាំងដុសទៅទិញ ឬចង់ទុកលុយខ្លះសម្រាប់ការរកស៊ី ឬធ្វើអ្វីផ្សេងដើម្បីបង្កើតលុយបន្ថែម។ ពិតណាស់ការបង់រំសល់ត្រឹមត្រូវនឹងនាំឲ្យយើងបង្កើតបានទ្រព្យ ក៏ប៉ុន្ដែបើសិនជាខុសក៏អាចធ្វើឲ្យទ្រព្យក្លាយទៅជាបំណុលបានដែរ ដូច្នេះតម្រូវឲ្យមានការសិក្សាឲ្យបានច្បាស់លាស់មុនសម្រេចចិត្ដបង់។

 

ហេតុនេះសម្រាប់អ្នកដែលចង់បានផ្ទះរស់នៅផ្ទាល់ខ្លួន ដោយទិញតាមរយៈការបង់រំលស់ត្រូវគិតរៀង ២ ពីរចំណុចនេះឲ្យបានច្បាស់លាស់៖

១. ចំណូល

 

ពិតណាស់ចំណូលគឺចំណុចសំខាន់បំផុត ដែលត្រូវគិតមុនគេព្រោះថា ពេលចាប់ផ្ដើមបង់រំលស់នោះអ្នកកនឹងត្រូវចំណាយរៀងរាល់ខែលើការប្រាក់ និងប្រាក់ដើម សម្រាប់បង់ជាមួយម្ចាស់គម្រោង ឬធនាគារ។

តាមការលើកឡើងពីអ្នកជំនាញជាច្រើន ជាទូទៅអ្នកមិនត្រូវចំណាយទៅលើការបង់រំលស់ធំជាង ៣០% ទៅ ៥០% នៃការប្រាក់ចំណូលរបស់ខ្លួនឡើយ។ ព្រោះបើចំណាយលើសពីនេះ នឹងអាចធ្វើឲ្យជះដល់ផលប៉ះពាល់សម្រាប់ការចំណេញចាំបាច់ប្រចាំថ្ងៃបាន។

 

ឧទាហរណ៍៖ ប្រសិនបើអ្នកមានចំណូល ១ ០០០ ដុល្លារក្នុង ១ ខែ ហើយចង់បង់រំលស់ផ្ទះដូច្នេះអ្នកត្រូវយកគម្រោងណាដែលមានការបង់ចន្លោះពី ៣០០ ទៅ ៥០០ ដុល្លារក្នុងខែ ហើយប្រាក់ដែលនៅសល់ ៥០០ ទៅ ៧០០ ដុល្លារ គឺទុកសម្រាប់ការប្រើប្រាស់ការចំណាយប្រចាំថ្ងៃ ជួបអ្នកមិនជួបហានិភ័យនៃការរស់នៅ។

 

ក្រៅពីនេះ ប្រសិនបើចង់រំលស់ផ្ទះ អ្នកគួរមានលុហសម្រាប់ចង់មុន ៣០% មុនល្អ ព្រោះប្រសិនបើអ្នកបានបង់ប្រាក់ដើមមុនខ្លះ នោះអត្រាការប្រាក់របស់អ្នកនឹងដែលត្រូវបង់ទៅឲ្យម្ចាស់កម្រោងនឹងនៅទាប ហើយការរំលស់ក៏ឆាប់រួច បើធៀបនឹងការទៅរំសល់សុទ្ធ ១០០%។

 

២. សិក្សាគម្រោងផ្ទះដែលត្រូវបង់

 

ក្រៅពីប្រភពចំណូល ការសិក្សាលើគម្រោងផ្ទះដែលត្រូវទិញក៏មានសារៈសំខាន់ផងដែរ មិនថាគុណភាពសំណង់ ប្លង់មេរបស់គម្រោង ឬម្ចាស់គម្រោងផ្ទាល់នោះទេ។​ បើអ្នកជ្រើសរើសចំគម្រោងដែលល្អនោះការរស់នៅនឹងមានក្ដីសុខ មិនបារម្ភខាច គុណភាពសំណង់ ប្រព័ន្ធមានភ្លើង ប្រព័ន្ធទឹក និងលូ មិនល្អ ធ្វើឲ្យខកចិត្ដ ដែលខំរកលុយបង់ហើយបែជារស់នៅគ្មានក្ដីសុខ។​

 

ជាក់ស្ដែងកន្លងទៅមកនេះ ក៏មានអថិតិជនមួយចំនួន បានធ្វើការបង់ប្រាក់ដើម្បីរំលស់ផ្ទះសម្រាប់ស្នាក់នៅ ប៉ុន្ដែបង់យូរៗទៅ ជិតដល់ថ្ងៃចូលនៅបែជាគម្រោងសង់ផ្ទះមិនទាន់រួចរាល់ ឯខ្លះទៀតត្រូវបានប្រកាសក្ស័យធន់ក៏មាន។ ដូច្នេះប្រសិនគិតថា ខ្លួនមានធនធានគ្រប់ហើយ គួរណាស់ត្រូវជម្រើសរើសគម្រោងដែលល្អ ព្រោះថាការទិញផ្ទះ មិនដូចការទិញត្រីក្នុងផ្សារ ដែលអាចដូចវិញបាននោះទេ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia