ជាការពិត សម្រាប់អ្នកលក់ និងម្ចាស់អាជីវកម្មស្ទើរតែគ្រប់រូប ពាក្យថាតថ្លៃដូចជា "ថ្លៃម៉្លេះ? បញ្ចុះតម្លៃបន្តិចមក! ហាងនោះលក់ថោកជាងតើ!" គឺជាពាក្យដែលឮញឹកញាប់បំផុត។ ប្រតិកម្មដំបូងរបស់អ្នកលក់ភាគច្រើន គឺការចុះតម្លៃភ្លាមៗដោយសារខ្លាចបាត់បង់ម៉ូយ ឬការបដិសេធដោយប្រើសម្តីរឹងតស៊ូ។ ប៉ុន្តែនៅក្នុងសិល្បៈនៃការលក់ អ្នកលក់ឆ្នើមមិនដែលប្រញាប់ចុះថ្លៃ តាមការទាមទាររបស់អតិថិជននោះទេ។ ខាងក្រោមនេះជា វិធីសាស្ត្រ ៤ យ៉ាង ក្នុងការឆ្លើយតបយ៉ាងមានអាជីព ដើម្បីរក្សាភាគរយចំណេញ និងតម្លៃនៃ Brand របស់អ្នកផងដែរ៖
១.អរគុណ និងបញ្ជាក់ពីគុណតម្លៃមុននឹងនិយាយរឿងតួលេខ៖ នៅពេលអតិថិជនតវ៉ាថាថ្លៃ កុំប្រញាប់ប្រកែក ឬកាត់ថ្លៃថ្មី។ ត្រូវទទួលស្គាល់អារម្មណ៍របស់គេ រួចបង្វែរការចាប់អារម្មណ៍ទៅលើគុណភាព និងអត្ថប្រយោជន៍វិញ។ ជារបៀបឆ្លើយតប៖ "ខ្ញុំយល់បង! តម្លៃនេះមើលទៅប្រហែលជាខ្ពស់បន្តិចមែន ប៉ុន្តែមូលហេតុដែលផលិតផលនេះមានតម្លៃនេះ គឺដោយសារតែ គុណភាពវាល្អ ទាំងគ្រឿងផ្សំ ទាំងការធានា អាចជួយឲ្យបងយកទៅប្រើទៅ ទទួលបានអត្ថប្រយោជន៍ច្រើនណាបង"។ មែនទែនទៅ អតិថិជនភាគច្រើនតថ្លៃ ដោយសារតែគេមិនទាន់មើលឃើញ គុណតម្លៃនៃផលិតផល ស្មើនឹងទឹកប្រាក់ ដែលគេត្រូវចំណាយ។
២.បន្ថែមតម្លៃ ឬកាដូ ជំនួសឲ្យការកាត់បន្ថយតម្លៃ៖ ប្រសិនបើអតិថិជននៅតែទទូចសុំការបញ្ចុះតម្លៃ ហើយអ្នកចង់បិទការលក់ឲ្យបានលឿន ចៀសវាងការដកលុយចេញ ប៉ុន្តែត្រូវ បន្ថែមអត្ថប្រយោជន៍ជំនួសវិញ។ ជារបៀបឆ្លើយតប៖ "ចំពោះតម្លៃនេះ ខ្ញុំចុះអត់បានទៀតទេបង ប៉ុន្តែដើម្បីយកម៉ូយ ចាំខ្ញុំផ្ដល់សេវាដឹកជញ្ជូនឥតគិតថ្លៃ ឬមានកាដូអនុស្សាវរីយ៍តិចតួចជូនបងណាបង"។ អាចនិយាយបានថា ការធ្វើបែបនេះ ធ្វើឲ្យអតិថិជនមានអារម្មណ៍ថាគេ ចំណេញ។
៣.ប្រើប្រាស់វិធីសាស្ត្រ ដកសេវាកម្មចេញពេលគេសុំចុះថ្លៃ៖ ប្រសិនបើអតិថិជនចង់បានតម្លៃថោកជាងនេះខ្លាំង ត្រូវឲ្យគេយល់ថា តម្លៃទាប ទទួលបានសេវាកម្ម ឬអត្ថប្រយោជន៍តិចដូចគ្នា។ ជារបៀបឆ្លើយតប៖ "ប្រសិនបើបងចង់បានតម្លៃ [តួលេខដែលគេតថ្លៃ] ខ្ញុំអាចរៀបចំជូនបងបាន! ប៉ុន្តែខាងយើងត្រូវកាត់ (សេវាកម្ម B ឬ ការថែមជូន C) ចេញហើយណាបង។ តើបងគិតម៉េចដែរ?" វិធីសាស្ត្រនេះជួយឲ្យអតិថិជនដឹងខ្លួនថា ការទាមទារចុះថ្លៃនឹងធ្វើឲ្យគេបាត់បង់អត្ថប្រយោជន៍សំខាន់ៗ ហើយភាគច្រើនគេនឹងសុខចិត្តយកកញ្ចប់ដើមវិញ។
៤.បង្ហាញពីផលវិបាកនៃការទិញទំនិញថោក៖ នៅពេលអតិថិជនលើកយកគូប្រជែងមកប្រៀបធៀបដូចជា "ហាង B លក់ថោកជាងបងឯងផង!" ដូច្នេះអ្នកកុំនិយាយអាក្រក់ពីគូប្រជែង តែត្រូវបង្ហាញពីភាពខុសគ្នានៃការទទួលខុសត្រូវ។ របៀបឆ្លើយតប៖ "ខ្ញុំយល់បង ទីផ្សារឥឡូវមានជម្រើសច្រើនមែន! ប៉ុន្តែអតិថិជនភាគច្រើនដែលមកទិញនៅហាងខ្ញុំ គឺដោយសារតែគេធ្លាប់ជួបបញ្ហា ពីកន្លែងផ្សេង ដូចជា ទំនិញគ្មានការធានា ឬប្រើបាន ២-៣ ខែខូច ជាដើម។ ប៉ុន្តែនៅទីនេះ យើងធានាជូនបង ១០០% លើផលិតផលពីខាងយើងណាបង"។ ត្រូវរំលឹកឲ្យគេនឹកឃើញថា ការទិញទំនិញថោក អាចនឹងត្រូវចំណាយលុយពីរដងដើម្បីជួសជុល ឬប្តូរថ្មី។
សរុមមក ការតថ្លៃ គឺជាធម្មជាតិនៃការលក់ទិញដូរ។ អតិថិជនតថ្លៃ មិនមែនបានន័យថាគេគ្មានលុយទិញនោះទេ ប៉ុន្តែមកពីគេចង់ប្រាកដថា ការចំណាយរបស់គេពិតជាសាកសម។ ដូច្នេះ ត្រូវរក្សាចិត្តត្រជាក់ ប្រើប្រាស់បច្ចេកទេសទាំង ៤ នេះ នោះអ្នកនឹងអាចបើកការលក់បានដោយមិនចាំបាច់ខាតបង់ប្រាក់ចំណេញឡើយ៕


