នៅពេលដែលយើងចូលដល់វ័យខ្ទង់៣០ឆ្នាំ មានបងៗនារីជាច្រើនក៏បានបន្តធ្វើការឱ្យគេជាធម្មតាហើយក៏មានបងៗមួយចំនួនបានចាប់ផ្តើមឈប់ធ្វើការមកនៅផ្ទះមើលថែកូនឬធ្វើកិច្ចការផ្ទះជាដើម ចំណែកមានបងៗមួយចំនួនចាប់ផ្តើមធ្វើអាជីវកម្មផ្ទាល់ខ្លួនផងដែរ ប៉ុន្តែការចាប់របររកស៊ីនេះគឺត្រូវការពេលវេលាច្រើនដូច្នេះពេលខ្លះពួកគាត់មិនដឹងថាតើគួរ ត្រៀមខ្លួនបែបណា ឬរកស៊ីរបរណាទេដែលចាយទុនអស់តិចហើយអាចមានឱកាសរកចំណូលបានច្រើន។ ខាងក្រោមនេះជាមុខរបរសាមញ្ញទាំង៤ ដែលស្រ្តីក្រោមអាយុ៣០ឆ្នាំគួរតែធ្វើបើចង់បានចំណូលបន្ថែម៖
១.កាត់ដេរសម្លៀកបំពាក់៖ ការងារកាត់ដេរនេះជាការងារដ៏ល្អមួយសម្រាប់ស្រ្តីមេផ្ទះឬស្រ្តីដែលមានវ័យក្រោម៣០ឆ្នាំ ខណៈបច្ចុប្បន្នរបរនេះកំពុងមានការចាប់អារម្មណ៍រៀនជាច្រើន ព្រោះតែការងារនេះងាយស្រួលមិនសូវប្រើកម្លាំងច្រើនហើយអាចធ្វើបាននៅផ្ទះ ទោះបីជារបរនេះមានការពេញនិយមតាមខែតាមវេលាប៉ុន្តែបើស្នាដៃល្អ ពូកែ មិនខ្វះទេភ្ញៀវតិចច្រើនៗនៅតែមានជាបន្តបន្ទាប់ ។ ហើយពេលខ្លះទំនេរពីការកាត់សម្លៀកបំពាក់ឱ្យភ្ញៀវ យើងក៏អាចឆ្លៀតកាត់ជាអាវរាប់ឬខោរាប់លក់បានជាបន្តជាប់បានផងដែរ។
២.លក់ផ្កាតាមអនឡាញ៖ កាលពីកន្លងទៅ ចាបក្រហមធ្លាប់បានទៅសម្ភាសន៍យុវតីដ៏ស្រស់ស្អាតមួយរូបដែលមានឈ្មោះថា កញ្ញា ហ្គិចលៀង ដោយបច្ចុប្បន្ននេះកញ្ញាគឺជាអ្នកលក់ផ្កាតាមអនឡាញមួយរូបកំពុងតែមានសន្ទុះនៃ ការគាំទ្រយ៉ាងខ្លាំង ហើយអ្វីដែលគួរឱ្យសរសើរនោះមុខរបរនេះកញ្ញាប្រើតែ Tik Tok ផុសលក់ ប៉ុណ្ណោះតែអាចទាក់ទាញអតិថិជនបានច្រើនណាស់។
កញ្ញា ហ្គិចលៀង បាននិយាយថាជារឿយៗឱ្យតែទំនេរពីការងារនៅយប់ឡើង យុវតីវ័យក្មេង១រូបនេះតែងតែយកពេលរៀនបត់ផ្កា រៀនស្រាវជ្រាវពីការដេគ័រផ្កាកាន់តែច្បាស់រហូត ធ្វើឱ្យកញ្ញារកឃើញខ្លួនឯងថាពិតជាមនុស្សស្រីម្នាក់ដែលមានដុង្គខាងផ្កានឹងខ្លាំងណាស់។
បន្ទាប់ពីរកឃើញខ្លួនឯងច្បាស់ថា ជាមនុស្សម្នាក់ដែលស្រលាញ់និងចូលចិត្តរបរលក់ផ្កានេះ ហើយមក កញ្ញាក៏ចាប់ផ្តើមនឹកឃើញថានាពេលនេះ ចំពោះការបត់ផ្កាលក់គឺកញ្ញាអាចចេះស្ទាត់ ហើយដូច្នេះប្រសិនជាចាប់ផ្តើមបង្កើតផេកលក់ផ្កាគឺនឹងកាន់តែល្អហើយលក់ដាច់ខ្លាំង។ ដូច្នេះហើយ នៅអំឡុងដើមឆ្នាំ ២០២៤ កញ្ញាក៏បានចាយទុនប្រមាណពី ៩ម៉ឺនរៀលទៅ១០ម៉ឺនរៀល ដើម្បីទិញ ក្រដាសមកបត់ផ្កាហើយតែងតែបង្ហោះលក់នៅបណ្តាញសង្គមរហូត។
៣.ធ្វើជាគ្រូហាត់ប្រាណឬធ្វើម្ហូបសម្រកគីឡូលក់៖ រសិនជាលោក-លោកស្រី ចង់ក្លាយជាគ្រូបង្វឹកផ្នែកហាត់ប្រាណម្នាក់ មិនមែនទាល់តែយើងនៅក្មេងខ្ចី ក្លាយជាស្រីស្អាត សាច់ស ទើបអាចក្លាយជាគ្រូហាត់ប្រាណបានទេ សំខាន់ឱ្យតែយើងចេះថែសុខភាពឱ្យល្អ ហូបតែរបស់ជំនួយដល់សុខភាពទោះយើងមានអាយុ ច្រើនតែសម្រស់ក៏ស្អាតមិនចាញ់ក្មេងដែរ។
ជាមួយគ្នានោះដែរ នាពេលនេះបច្ចុប្បន្ននេះមានស្រ្តីច្រើនណាស់ ដែលចង់បានរាងស្អាត សុខភាពល្អ សម្រស់ក្មេងខ្ចីផងដែរ។ ប៉ុន្តែភាគច្រើនពួកគាត់រវល់ធ្វើការគ្មានពេលគ្រប់គ្រាន់ដើម្បីធ្វើម្ហូបបែបសម្រកគីឡូទៅធ្វើការនោះឡើយ ដូច្នេះនេះជាឱកាសល្អខ្លាំងមែនទែនយើងអាចឆ្លៀតពីការមើលកូនបងប្អូនអាចធ្វើម្ហូបសម្រកគីឡូលក់បាន។ ប៉ុន្តែមុខរបរម្ហូបនេះដែរ មិនមែនឱ្យតែចង់ធ្វើលក់គឺសុទ្ធសឹងតែលក់ដាច់ទាំងអស់នោះឡើយ វាទាមទារឱ្យយើងធ្វើលក់មានអនាម័យល្អ មានសោភ័ណភាពឱ្យស្អាត ក៏ដូចចេះធ្វើទីផ្សារជាដើម។ ដូចនេះនាពេលបងប្អូនចាប់អារម្មណ៍នៅរបរនេះ គឺត្រូវតែឧស្សាហ៍ផុសនៅលើបណ្តាញសង្គម Tik Tok, Facebook Instragarm ជាដើមហើយត្រូវតែផុសលក់ឱ្យបានទៀងទាត់បង្ហាញនៅមុខម្ហូបប្លែកៗរាល់ថ្ងៃទើបអាចទាក់ចិត្តអតិថិជនបាន។
៤៖ សាកល្បងលក់ផលិតផលបន្តពីគេសិន៖ យ៉ាងណាមិញ សម្រាប់បងប្អូនដែលចង់រកស៊ីធំទាំងដែលខ្លួនមានចំណូលកម្រិតនៅឡើយ យើងគួរតែគិចពិចារណាទៅលើការរើស មុខរបរលក់ផលិតផលបន្ត ឬក៏ជាប្រភេទហ្វ្រេនឆាយ(ខ្នាតតូច)ជាដើម។ ព្រោះថារាជួយកាត់បន្ថយ ការចំណាយទៅលើដំណើរប្រតិបត្តិការផ្សេងៗមួយចំនួន និងអាចសន្សំទុនទុកបានទៀតផង៕



