សេដ្ឋកិច្ចកំពុងវឹកវរ! ម្ចាស់អាជីវកម្មគួរផ្ដោតលើរឿងសំខាន់ ៤ នេះបើមិនចង់ឱ្យអាជីវកម្មឡុងចុង
Pov SaruMARCH 23 2026290 views

នៅក្នុងបរិបទដែលសេដ្ឋកិច្ចកំពុងមានការប្រែប្រួលខ្លាំង ម្ចាស់អាជីវកម្មមិនគួរបន្តការគ្រប់គ្រងតាមបែបសាមញ្ញៗដូចមុនទេ។ អាជីវកម្មមួយអាចដំណើរការទៅមុខបាន គឺអាស្រ័យលើសមត្ថភាពអ្នកគ្រប់គ្រងត្រូវចេះបត់បែន និងចេះចាត់ចែងធនធានដែលមានស្រាប់ឱ្យចំគោលដៅ។ ហើយនេះគឺចំណុចយុទ្ធសាស្ត្រ ៤ ដែលម្ចាស់អាជីវកម្មគួរតែផ្ដោតលើ៖ 

 

១. ត្រូវចេះរៀបចំ និងតាមដានការរកស៊ីឡើងវិញ៖ នេះជាជំហ៊ានសំខាន់បំផុតដែលម្ចាស់អាជីវកម្មត្រូវធ្វើ គឺត្រូវរៀបចំចំណូល ចំណាយ ក្នុងការរកស៊ីឱ្យបានច្បាស់បើមិនរៀបចំតាមដានពិនិត្យឡើងវិញទេ ការចំណាយគ្មានខ្ទង់នឹងសម្លាប់អាជីវកម្មដែលកំពុងរកស៊ីនោះ។ អ្វីដែលអ្នកត្រូវរៀបចំនិងពិនិត្យមើលឡើងវិញគឺ៖ 


-  វត្ថុធាតុដើម៖ ត្រូវមើលថាតើវត្ថុធាតុដើមទាំងអស់ដែលទិញមកសុទ្ធតែត្រូវប្រើចាំបាច់ខ្វះមិនបានឬអត់ បើអត់ទេកាត់បានគួរកាត់ចេញ។
- បុគ្គលិក៖ ចំពោះបុគ្គលិកគួរមើលថារាល់ថ្ងៃបុគ្គលិកច្រើនលើសតម្រូវការឬទេបើលើសក៏គួរតែកាត់ចេញខ្លះ ដោយទុកតែបុគ្គលិកណាដែលសកម្មជាងយកតែបរិមាណ បើមានតែបរិមាណតែខ្វះគុណភាពវាមិនខុសពីការចាយលុយទៅទទេរៗនោះ ហេតុនេះគួរពិចារណាទៅលើចំណុចនេះផងដែរ។
- របស់ប្រើប្រាស់៖ ការពិនិត្យលើសម្ភារប្រើប្រាស់ប្រភេទណាខ្លះដែលមិនចាំបាច់គួរចាយលុយទិញ កុំចេះតែទិញៗដោយមិនបានគិតគូរច្បាស់លាស់ ព្រោះស្ថិតក្នុងពេលលំបាកបែបនេះមនុស្សមិនសូវចាយលុយចំណូលនៃការលក់ក៏មិនសូវល្អដូចមុនដែរ ហេតុនេះគួរទម្លាប់ចាយលុយឱ្យមានខ្ទង់មានខ្ទាស់ប្រសើរជាងចាយតាមចង់។ 

 

២. ត្រូវពង្រឹងគុណតម្លៃនៃសេវាកម្ម និងផលិតផល៖ នៅពេលដែលអតិថិជនមានការត្បិតត្បៀតក្នុងការចាយវាយ ពួកគេនឹងជ្រើសរើសតែអាជីវកម្មណាដែលផ្ដល់នូវគុណតម្លៃខ្ពស់សម្រាប់លុយរបស់ពួកគេ។ អ្វីដែលអ្នកគួរតែផ្ដោតខ្លាំងគឺ៖ 


- ផ្តោតទៅលើអនាម័យធ្វើយ៉ាងណាឱ្យការធ្វើស្អាតមានអនាម័យ បរិយាកាសហាងឬតូបរៀបចំឱ្យបានស្អាតមានបរិយាកាសល្អ
- ផ្ដោតលើគុណភាពផលិតផលដោយធ្វើការពង្រឹងលើបរិមាណនៃផលិតផល និងដាក់តម្លៃមួយដែលសមរម្យអាចទទួលយកបានទាំងអ្នកលក់និងអ្នកទិញ កាលណាដាក់តម្លៃខ្ពស់ពេកអតិថិជនពិបាកទទួលយកក៏ជាកក្តាធ្វើឱ្យបាត់ភ្ញៀវដែរ។
- ទទួលមតិកែលម្អពីអតិថិជនរាល់ពេលមានការកែលម្អទៅលើផលិតឬសេវាកម្ម ស្តាប់ហើយត្រូវកែប្រែប្រសិនបើចំណុចពិតដូចអតិថិជននិយាយ។

 

៣. ផ្ដោតលើការឆ្នៃប្រឌិតយុទ្ធសាស្ត្រទីផ្សារបែបឌីជីថល និងបង្កើតភាពខុសប្លែក៖ ចង់ឱ្យអាជីវកម្មដើរទៅមុខ មិនមែនអ្នកអង្គុយស្ងៀមៗរួចឱ្យភ្ញៀវមករកនោះទេ។ អ្នកត្រូវប្រើបណ្ដាញសង្គមឱ្យអស់លទ្ធភាព ដើម្បីបង្ហាញពីចំណុចពិសេសនៃអាជីវកម្មរបស់អ្នកដល់សាធារណជន។ បង្កើតយុទ្ធនាការផ្សព្វផ្សាយដែលទាក់ទាញ ធ្វើប្រូម៉ូសិនដែលចំណេញទាំងអ្នកលក់និងអ្នកទិញ ឬផលិតមាតិកាដែលផ្ដល់ចំណេះដឹងពាក់ព័ន្ធនឹងផលិតផលរបស់អ្នក។ 

 

៤. ត្រូវពង្រឹងផ្នែកធនធានមនុស្ស៖ បុគ្គលិកគឺជាអ្នកតំណាងឱ្យមុខមាត់ និងព្រលឹងនៃអាជីវកម្មទាំងមូល ព្រោះពួកគេជាអ្នកនៅជាមួយផ្ទាល់និងអតិថិជន។ មានបុគ្គលិកតិចតែមានគុណភាព ប្រសើរជាងមានបុគ្គលិកច្រើនតែគ្មានជំនាញ។ អ្នកត្រូវបណ្ដុះបណ្ដាលពួកគេឱ្យមានវិជ្ជាជីវៈខ្ពស់ ទាំងការប្រើប្រាស់ពាក្យសម្ដី កាយវិការ និងការដោះស្រាយបញ្ហាចំពោះមុខជូនភ្ញៀវ។ នៅពេលបុគ្គលិកមានទំនួលខុសត្រូវខ្ពស់ និងស្រឡាញ់ការងារ ពួកគេនឹងជួយរុញច្រានការលក់ឱ្យកើនឡើង និងកសាងកេរ្តិ៍ឈ្មោះអាជីវកម្មឱ្យកាន់តែរឹងមាំ៕

Footer Background
Business Cambodia
បំផុសគំនិតរកស៊ី នាំមនុស្សឱ្យហ៊ានចេញរកស៊ីតាមក្ដីស្រមៃ
© 2026 Baksey Media. All Rights Reserved.
Developed by: Technology Cambodia